ភ្នំពេញៈ ប្រទេស ៤ ក្នុង​ចំណោម​ ៥ នៃ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​ (EAEU) ​បាន​គាំទ្រ​ចំពោះ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-EAEU បន្ទាប់ពី​សហព័ន្ធរុស្ស៊ី​នឹង​ជួយ​សម្របសម្រួល​លើ​កិច្ចចរចា​។

EAEU ជា​សហព័ន្ធ​សេដ្ឋកិច្ច​តំណាង​ឱ្យ​ប្រទេស​ចំនួន​ ៥ រួមមាន​រុស្ស៊ី អាមេនី កាហ្សាក់ស្ថាន បេឡារុស និង​កៀហ្ស៊ីស៊ីស្ថាន​ដែលមាន​ប្រជាជន​សរុប​ជាង ១៨៤ លាន​នាក់​ក្នុង​ឆ្នាំ​ ២០២០ និង​មាន​ផលិតផល​ក្នុងស្រុក GDP សរុប​រួមគ្នា ៤,៧៧ ពាន់​ពាន់​លាន​ដុល្លារ​។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រសួង​ពាណិជ្ជកម្ម​ដែលជា​ក្រសួង​សាម៉ី​ក្នុង​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-EAEU កំពុង​ធ្វើការ​យ៉ាងសកម្ម​ ដើម្បី​ជំរុញ​ការចាប់ផ្តើម​ចរចា​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។

លោក​ថ្លែងថា​៖ «​ក្នុងចំណោម​ ៥ ប្រទេស​ដែលជា​សមាជិក​នៃ EAEU មាន ៤ ប្រទេស​ហើយ ដែល​គាំទ្រ​ឱ្យមាន​កិច្ចចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា​។ ក្នុងនោះ​យើង​មាន​សហព័ន្ធរុស្ស៊ី​ដែល​ជា​ប្រទេស​ធំ​នាំមុខ​ក្នុង​ EAEU ជួយ​ជំរុញ​សម្របសម្រួល​ឱ្យ​កិច្ចការ​នេះ​អាច​ប្រព្រឹត្ត​ទៅ​តាម​ការរំពឹងទុក​»​។

លោក​ឱ្យដឹងទៀតថា កម្ពុជា​នឹង​ទទួលបាន​ផលចំណេញ​ជាច្រើន​ពី​ទំនាក់ទំនង​ទ្វេភាគី​នេះ ទាំង​ការបើក​ច្រក​ទីផ្សារ​បន្ថែមទៀត ការទទួល​បាន​វិនិយោគ​ពី​បណ្តា​ប្រទេស​ទាំង​ ៥ ព្រមទាំង​ការទទួល​បាន​បច្ចេកវិទ្យា​ថ្មីៗ និង​សហប្រតិបត្តិការ​វិទ្យាសាស្ត្រ និង​សេដ្ឋកិច្ច​។

លោក​បញ្ជាក់ថា​៖ «​ក្រសួងពាណិជ្ជកម្ម​ជឿជាក់​មុតមាំ​ថា​កិច្ចចរចា​នេះ​អាច​នឹង​ចាប់ផ្តើម​បាន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​អាស្រ័យ​ដោយ​ការ​ឯកភាព​គ្នា​ក្នុងចំណោម​ប្រទេស​ទាំង ៥ ដែល​មាន​សហព័ន្ធរុស្ស៊ី​ជា​អ្នកសម្របសម្រួល​»​។

កាលពី​ថ្ងៃទី​ ១ ខែមិថុនា ឆ្នាំ​ ២០២១ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​តួកគី​ បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​កៀហ្ស៊ីស៊ីស្ថាន​ប្រចាំ​នៅ​ប្រទេស​តួកគី​។

ក្នុងជំនួប​នោះ​ភាគី​ទាំង ២ បាន​ពិភាក្សាគ្នា​ពី​ទស្សនវិស័យ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រួមទាំង​ក្នុង​ក្របខ័ណ្ឌ​នៃ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី ព្រមទាំង​អំពី​លទ្ធភាព​នៃ​ការពិចារណា​លើ​កិច្ចព្រមព្រៀង​ដាច់​ដោយឡែក​រវាង​កម្ពុជា និង​កៀហ្ស៊ីស៊ីស្ថាន​លើ​វិស័យ​ពាណិជ្ជកម្ម​សេរី​ពន្ធ​ត្រួតស៊ីគ្នា និង​តំបន់​មិន​ត្រូវការ​ទិដ្ឋាការ​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា (​បណ្ឌិត្យសភា​កម្ពុជា​) បាន​ប្រាប់ថា កាហ្សាក់ស្ថាន គឺជា​សមាជិក​នៃ​បណ្តា​ប្រទេស​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​នៅ​អឺរ៉ុប​ខាងកើត​។

លោក​ប្រាប់ថា​៖ «​កិច្ចសន្ទនា​នេះ​ខ្ញុំ​គិតថា ភាគី​ទាំង ២ ចង់​ដឹង​ឱ្យបាន​ច្បាស់​នូវ​ប្រភេទ​ទំនិញ​អ្វីខ្លះ​ដែល​អាច​ដោះដូរ​ជាមួយ​គ្នា​បាន ដើម្បី​ងាយ​សម្រួច​ទៅលើ​ផលិតផល​ក្នុង​ស្រុក​ក្នុងការ​ជំរុញ​ផលិតកម្ម​ឱ្យស្រប​ទៅតាម​តម្រូវការ​ប្រទេស​ដៃគូ​»​។

បើតាម​លោក ប៉ែន សុវិជាតិ ប្រទេស​កាហ្សាក់ស្ថាន ​ដែល​ស្ថិតនៅក្នុង​ដំណាក់កាល​សិក្សា​ក៏បាន​ធ្វើការ​ពិចារណា​យ៉ាង​ល្អិតល្អន់​ដើម្បី​ចូលរួម​ជាមួយ​ប្រទេស​ជា​សមាជិក EAEU ដទៃទៀត​ផងដែរ​។

លោក​និយាយថា​៖ «​បើតាម​ការគ្រោងទុក ឯកអគ្គរាជទូត​កម្ពុជា​នឹងធ្វើ​ដំណើរ​ទៅ​សាធារណរដ្ឋ​កាហ្សាក់ស្ថាន ដើម្បី​ជូន​សារតាំង​ដល់​ប្រធានាធិបតី​សាធារណ​រដ្ឋកាហ្សាក់ស្ថាន និង​ជួប​សម្តែង​ការគួរសម​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កាហ្សាក់ស្ថាន នៅពេល​ឆាប់ៗ​ខាងមុខនេះ​»​។

យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង EAEU ក្នុង​ឆ្នាំ​ ២០២០ មានតម្លៃ​សរុប​ ៦៧,៣៧ លាន​ដុល្លារ​កើន ១៨,២២ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មាន​តម្លៃ ៥២,១៩ ​លាន​ដុល្លារ កើន ០,៧៣ ភាគរយ និង​ការនាំចូល​វិញ​ពី EAEU មានតម្លៃ ១៥,១៨ លាន​ដុល្លារ កើនឡើង ១៩៣,៥៧ ភាគរយ​។

ផលិតផល​ដែល​កម្ពុជា​នាំ​ចេញទៅ EAEU មាន​ភាគច្រើន​ជា​ផលិតផល​កសិកម្ម និង​វាយនភណ្ឌ ខណៈ​ផលិតផល​ដែល EAEU នាំមក​កម្ពុជា​រួមមាន​គ្រឿង​ម៉ាស៊ីន ត្រាក់ទ័រ និង​គ្រឿងបន្លាស់​យានយន្ត​កសិកម្ម​៕ LA