
លោក ជា ប្រាសិទ្ធ ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល។
ទំនោរតម្លៃគូរូបិយប័ណ្ណដុល្លារអាមេរិក និងដុល្លារកាណាដាបានចាប់ផ្តើមមានការកើនឡើងជាលំដាប់តាំងពីសប្តាហ៍មុនចាប់ពីតម្លៃ ១,២០០៧០ ដល់ ១,២១៣១០ ដុល្លារកាណាដា។ ផ្អែកតាមទិន្នន័យដែលបានប្រកាសថ្មីៗ ទាក់ទងនឹងអត្រាការងារធ្វើទាំងនៅសហរដ្ឋអាមេរិក និងកាណាដាបានក្លាយជាកត្តាជំរុញសំខាន់ដល់តម្លៃគូរូបិយប័ណ្ណនេះឱ្យបន្តកំណើនក្នុងទិសដៅថ្មី និងខ្ពស់ជាងមុន។
យោងតាមគេហទំព័រ Forexfactory.com ទិន្នន័យអត្រាអ្នកមានការងារធ្វើ (ក្រៅពីវិស័យកសិកម្ម) នៅសហរដ្ឋអាមេរិកសម្រាប់ខែឧសភាមានកំណើនរហូតដល់ ៥៥៩ ០០០ នាក់ លើសពីខែមេសាដែលមានត្រឹមតែ ២៧៨ ០០០ នាក់តែប៉ុណ្ណោះ ខណៈដែលអត្រាអ្នកមានការងារធ្វើនៅកាណាដាមានការធ្លាក់ចុះរហូតដល់ ៦៨ ០០០ នាក់ដែលអាចបន្ថែមជាក្តីកង្វល់ដល់រដ្ឋាភិបាលប្រទេសកាណាដាផងដែរ។
ប្រធានាធិបតីលោក Joe Biden ក៏បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ស្ថិតិការងារ និងសេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅមជ្ឈមណ្ឌលសន្និបាតនៅ Rehoboth កាលពីថ្ងៃទី ៤ ខែមិថុនា ថា៖ «កម្រិតអត្រាអ្នកគ្មាន ការងារធ្វើនៅសហរដ្ឋអាមេរិកដែលបានធ្លាក់ចុះមកនៅត្រឹមតែ ៥.៨% នេះ គឺជាសមិទ្ធផលដ៏ល្អបំផុតដែលលោកសម្រេចបាន ហើយវាល្អលើសពីប្រធានាធិបតីផ្សេងៗទៀតក្នុងរយៈពេល ៤ ខែដំបូង បន្ទាប់ពីចូលកាន់តំណែងជាផ្លូវការ»។
យោងតាមគេហទំព័រ wellxin.com កាលពីថ្ងៃទី ៦ សប្តាហ៍នេះ រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ជឿជាក់ថាផែនការចំណាយចំនួន ៤ ពាន់ពាន់លានដុល្លារទៅលើហេដ្ឋារចនាសម្ព័ន្ធវិនិយោគ និងផែនការគ្រួសារសញ្ជាតិអាមេរិករបស់ប្រធានាធិបតីអាមេរិក គឺមានអត្ថប្រយោជន៍ខ្លាំងណាស់ដល់សេដ្ឋកិច្ចជាតិក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ ១៩ នេះ។
តាមលក្ខណៈបច្ចេកទេសវិញ ទំនោរតម្លៃគូរូបិយប័ណ្ណនេះ កំពុងធ្លាក់ចុះក្នុងសន្ទុះខ្សោយ ហើយកំពុងបង្វែរទិសដៅទៅរកទំនោរឡើងថ្លៃវិញ ព្រោះខ្សែសូចនាករ RSI និងសម្ទុះតម្លៃមានការឡើងចុះបញ្ច្រាសទិសដៅគ្នាបង្កើតបានជារាង Convergence និងកំពុងរង់ចាំចំណុចបំបែកក្រោយពីការប្រកាសទិន្នន័យសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតនៅក្នុងសប្តាហ៍នេះ។
ដូច្នេះ សម្រាប់ការវិភាគក្នុងការជួញដូរ វិនិយោគិនគួរទិញនៅតម្លៃ ១,២០៦០០ ដោយកំណត់មុខងារកាត់យកប្រាក់ចំណេញទីមួយនៅតម្លៃ ១,២១១២០ ឬទី ២ នៅតម្លៃ ១,២១៤០០ និងកំណត់មុខងារបញ្ឈប់ហានិភ័យនៅតម្លៃ ១,២០៤០០៕

លោក ជា ប្រាសិទ្ធ ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល។