
ជាផលិតផលធានារ៉ាប់រងមានតម្លៃសមរម្យលើប្រព័ន្ធឌីជីថលដំបូងបង្អស់នៅកម្ពុជា ដែលអាចរកទិញបានលើ Pulse by Prudential ដែលជាកម្មវិធីសុខភាព និងសុខុមាលភាពនៅលើទូរស័ព្ទដៃ។
រដូវវស្សាបានឈានចូលមកដល់បាននាំនូវក្តីបារម្ភពីការឆ្លងជំងឺគ្រុនឈាម និងគ្រុនចាញ់មកដល់ប្រជាជនកម្ពុជាយើង។ ដូចនេះហើយ ដើម្បីជួយសម្រួលដល់គ្រួសារកម្ពុជាក្នុងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ទប់ទល់នឹងចំណាយលើការដោះស្រាយបញ្ហាសុខភាពដែលមិនបានរំពឹងទុក បណ្តាលមកពីជំងឺឆ្លងទាំងពីរនេះ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់សេវាថែរក្សាសុខភាព និងធានារ៉ាប់រងតាមប្រព័ន្ធឌីជីថល បានប្រកាសចេញលក់ផលិតផលធានារ៉ាប់រង «មូសសុំចាញ់» ដែលមានតម្លៃទាប ប៉ុន្តែអាចជួយសម្រួលបន្ទុកចំណាយដល់អ្នកដែលកើតជំងឺគ្រុនឈាម និងគ្រុនចាញ់។
«បេសកកម្មរបស់ព្រូដិនសល គឺធ្វើឱ្យប្រជាជនកម្ពុជាអាចទទួលបានការធានារ៉ាប់រងសុខភាពទាំងអស់គ្នា ហើយការដាក់ចេញផលិតផលធានារ៉ាប់រង មូសសុំចាញ់ ដែលមានតម្លៃចាប់ពី $4 ក្នុងមួយឆ្នាំនេះ គឺជាឧទាហរណ៍ជាក់ស្ដែងមួយនៃការបំពេញបេសកកម្មនេះ។ នេះក៏ជាឱកាសសាកល្បងមួយសម្រាប់ប្រជាជនកម្ពុជាក្នុងការគិតគូពីការការពារសម្រាប់គ្រួសារ ដោយចាប់ផ្តើមពីការធានារ៉ាប់រងទៅលើសុខភាព ហើយយើងក៏រីករាយក្នុងការផ្តល់ជូនជម្រើសនៃការការពារជាច្រើន ដើម្បីសុខភាព និងសុខុមាលភាពផ្នែកហិរញ្ញវត្ថុរបស់ពួកគាត់»។ នេះជាការបញ្ជាក់របស់លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា។
ផលិតផលធានារ៉ាប់រង «មូសសុំចាញ់» នេះត្រូវបានប្រកាសនៅថ្ងៃទី ២៤ ខែឧសភា ដែលមានផ្ដល់ជូនជា 4 កញ្ចប់ និងមានអត្ថប្រយោជន៍ផ្សេងពីគ្នា សម្រាប់អតិថិជនជ្រើសរើស និងមានតម្លៃសមរម្យស្របតាមតម្រូវការជាក់ស្ដែងនៃគ្រួសារនីមួយៗ ហើយអាចលក់ជូនប្រជាជននៅកម្ពុជា ដែលមានអាយុពី 1 ឆ្នាំ ដល់ 60 ឆ្នាំ ហើយអតិថិជនអាចបន្តសុពលភាព បណ្ណសន្យារ៉ាប់រងដែលបានទិញនោះក៏បាន ឬមួយទិញផលិតផលនេះជាថ្មីក៏បានជារៀងរាល់ឆ្នាំ។
ដើម្បីទិញផលិតផលធានារ៉ាប់រង «មូសសុំចាញ់» អតិថិជនត្រូវទាញយកកម្មវិធី Pulse ពី App Store ឬ Google Play Store រួចចូលទៅកាន់មុខងារលក់ផលិតផលអេឡិចត្រូនិកឈ្មោះ PRU Shoppe ដើម្បីទិញ។
អំពី Pulse by Prudential
Pulse by Prudential គឺជាកម្មវិធីសុខភាពលើទូរស័ព្ទដៃ ប្រជុំទៅដោយមុខងារសម្បូរបែប ហើយជាកម្មវិធីដំបូងបង្អស់ក្នុងតំបន់ ដែលផ្ដល់ទិដ្ឋភាពទាំងមូលនៃការគ្រប់គ្រងសុខភាពជូនអ្នកប្រើប្រាស់។ កម្មវិធីដែលដំណើរការដោយយន្តបញ្ញានិមិត្ត (AI-Powered) និងផ្ដល់ព័ត៌មានពាក់ព័ន្ធទាន់ពេលវេលានេះនឹងនៅជាមួយអ្នកប្រើប្រាស់គ្រប់ពេល ដើម្បីសុខភាព និងសុខុមាលភាព ហើយផ្ដល់លទ្ធភាពជូនពួកគាត់ឱ្យអាចបង្ការ ពន្យារ និងទទួលបានការការពារលើការចាប់ផ្ដើមនៃជំងឺនានា។
Pulse ជាផ្នែកមួយនៃយុទ្ធសាស្ត្រទូទាំងតំបន់នៃក្រុមហ៊ុនព្រូដិនសល ដែលមានបំណងធ្វើឱ្យប្រជាជនគ្រប់រូបក្នុងទ្វីបអាស៊ីមានលទ្ធភាពទទួលបានសេវាថែរក្សាសុខភាពដែលល្អ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកិច្ចសហការជាមួយដៃគូដ៏ល្អៗជាច្រើន។
បន្ទាប់ពីដាក់ឱ្យប្រើប្រាស់នៅប្រទេសម៉ាឡេស៊ីកាលពីខែសីហា ២០១៩ កម្មវិធី Pulse ឥឡូវនេះក៏បានដាក់ឱ្យប្រើប្រាស់នៅបណ្ដាប្រទេសចំនួន ១១ ថែមទៀត ហើយមានដាក់បញ្ចូលមុខងារល្អៗជាច្រើនដូចជា មុខងារពិនិត្យរោគសញ្ញា (Symptom Checker) ការវាយតម្លៃលើសុខភាព (Health Assessment) សេវាសុខុមាលភាពបុគ្គល និងការពិគ្រោះយោបល់តាមវីដេអូជាមួយវេជ្ជបណ្ឌិត និង គ្រូពេទ្យឯកទេស។
ចាប់តាំងពីបានដាក់ឱ្យប្រើប្រាស់រៀងមក Pulse មានអ្នកទាញយកមកប្រើប្រាស់ចំនួន ៩ លានដងរួចហើយនៅក្នុងទ្វីបអាស៊ី។
សម្រាប់ព័ត៌មានបន្ថែម និងដើម្បីទាញយកកម្មវិធី Pulse សូមចូលទៅកាន់គហេទំព័រ www.wedopulse.com៕