ភ្នំពេញៈ ធនាគារ​កាណាឌីយ៉ា និង​ក្រុមហ៊ុន​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​(CGCC) បាន​ចុះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ដែល​អាច​ឱ្យ​ធនាគារ​មួយ​នេះ ចូលរួម​នៅក្នុង​គម្រោង​ធានា​ឥណទាន ដើម្បី​ស្ដារ​អាជីវកម្ម (BRGC) ដើម្បី​គាំទ្រ​កម្ចី​អាជីវកម្ម​ដល់​មីក្រូ​សហគ្រាស​ធុន​តូច និង​មធ្យម​ (SMEs) ព្រមទាំង​សហគ្រាស​ធំៗ​សម្រាប់​ការពង្រីក​អាជីវកម្ម​ ឬ​ប្រើប្រាស់​ជា​ទុន​បង្វិល​របស់​ពួកគេ​។

កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ៩ ខែមិថុនា រវាង​លោក Raymond Sia ​នាយក​ប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា និង លោក Wong Keet Loong អគ្គនាយក​ប្រតិបត្តិ​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​។

លោក Raymond Sia មាន​ប្រសាសន៍​ថា ការចូលរួម​របស់​ធនាគារ​កាណាឌីយ៉ា​ក្នុង​គម្រោង​ទី​ ១ ​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ជា​សក្ខីកម្ម​មួយទៀត ដែល​បញ្ជាក់​ពី​ការគាំទ្រ​របស់​ធនាគារ​កាណាឌីយ៉ា​ទៅលើ​អតិថិជន និង​សហគមន៍​។

លោក​អះអាង​៖ «​ធនាគារ​កាណាឌីយ៉ា ពិតជា​មាន​កិត្តិយស ដែល​បាន​ក្លាយជា​ដៃគូ​ទី​ ១ ​ដែល​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ជាមួយ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​ការទទួល​បាន​ហិរញ្ញប្បទាន​ក្នុង​សហគមន៍​អាជីវកម្ម ដែល​ស្រប​ជាមួយ​គម្រោង​ស្ដារ​ឥណទាន​ ដើម្បី​ស្ដារ​អាជីវកម្ម (BRGS)​។ នេះ​ឆ្លុះបញ្ចាំង​ពី​ការប្ដេជ្ញាចិត្ត​របស់​យើង​ក្នុង​ការពង្រីក និង​គាំទ្រ​ទាំង​សហគ្រាស​ធុន​តូច និង​មធ្យម​ក៏ដូចជា​សហគ្រាស​ធុន​ធំ​នៅ​កម្ពុជា​»​។

លោក Wong Keet Loong បាន​បញ្ជាក់ថា សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា គឺជា​សហគ្រាស​សាធារណៈ​ដែល​ស្ថិតក្រោម​អាណាព្យាបាល​បចេ្ចកទេស និង​ហិរញ្ញវត្ថុ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​កាណាឌីយ៉ា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដ៏សំខាន់​ដល់​ CGCC ក្នុង​ការផ្ដល់​សេវា​ធានា​ឥណទាន​ទៅដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ទូទាំង​ប្រទេស ដើម្បី​គាំទ្រ​លើ​ការស្នើសុំ​កម្ចី នៅពេល​អាជីវកម្ម​ទាំងនោះ​មិនមាន​ទ្រព្យ​បញ្ចាំ​គ្រប់គ្រាន់​។

លោក​បញ្ជាក់ថា​៖ «​ភាព​ជា​ដៃគូ ជាមួយ​ធនាគារ​កាណាឌីយ៉ា ដែលជា​ធនាគារ​ដ៏រឹងមាំ​គឺជា​សមិទ្ធផល​សំខាន់​មួយ​របស់​ CGCC ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​របស់ខ្លួន​»​។

យោងតាម​លោកស្រី សុង ខេងឡាយ នាយិកា​ប្រតិបត្តិការ​នៃ​ធនាគារ​កាណាឌីយ៉ា គម្រោង​មួយ​នេះ​អនុញ្ញាត​ឱ្យ​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​ក៏​ដូចជា​សហគ្រាស​ធុន​ធំ​អាច​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ធនាគារ​កាណាឌីយ៉ា ជាមួយនឹង​ទ្រព្យធានា​ដែល​ពួកគាត់​មាន​ស្រាប់ និង​មិនចាំបាច់​ត្រូវការ​ទ្រព្យធានា​បន្ថែម ដែល​ស្រប​តាម​នីតិវិធី​វាយតម្លៃ​របស់​ធនាគារ​។ គម្រោង​នេះ​នឹង​ចាប់ផ្ដើម​ពី​ខែមីនា ឆ្នាំ​ ២០២១ រហូតដល់​ខែ ធ្នូ ឆ្នាំ​ ២០២២​។ វិស័យ​អាទិភាព​មាន​ដូចជា​វិស័យ​កសិកម្ម និង​សេវាកម្ម​នឹង​មាន​តម្លៃ​ធានា​ទាប​ជាង​មុន ហើយ​អតិថិជន ក្រុមហ៊ុន​ធំ​អាច​ដាក់​ពាក្យ​ស្នើ ប្រាក់កម្ចី​ក្រោម​គម្រោង BRGS រហូត​ដល់​ ១ ​លាន​ដុល្លារ​។

លោកស្រី​បន្តថា​៖ «​រហូត​មកដល់​ពេលនេះ យើង​មាន​អាជីវកម្ម​ច្រើន​ជាង​ ៣៥ ​ដែល​បាន​ដាក់​ពាក្យ ស្នើសុំ​ឥណទាន​ក្រោម​គម្រោង​ BRGS ដែល​ក្រុមហ៊ុន​ចំនួន​ ២ ​ត្រូវ​បាន​អនុម័ត​ដោយ​ CGCC​។

កាលពី​ថ្ងៃទី​ ២៩ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ដាក់​ឱ្យ​ដំណើរការ​គម្រោង​ស្ដារ​ឥណទាន​ ដើម្បី​ស្ដារ​អាជីវកម្ម (BRGS) មាន​ទឹកប្រាក់​ ២០០ ​លាន​ដុល្លារ​ស្ថិតក្រោម​ CGCC ដើម្បី​ពង្រីក​លទ្ធភាព​ទទួលបាន​កម្ចី​ផ្លូវការ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ចូលរួម (PFI) សម្រាប់​ទុន​បង្វិល ការពង្រីក​ការវិនិយោគ និង​អាជីវកម្ម​។

ការធានា​របស់​ក្រុមហ៊ុន​រដ្ឋ​ CGCC នឹង​ដើរតួនាទី​ជា​ទ្រព្យ​បញ្ចាំ ឬ​សន្ដិសុខ​សំខាន់ សម្រាប់​កម្ចី​ពី​ ៧០ ទៅ ៨០ ​ភាគរយ​ដែល​បាន​ខ្ចី​ពី​ PFIs និង​កាត់បន្ថយ​ទ្រព្យ​បញ្ចាំ​រូបវន្ត​ដែល​តម្រូវ​ពី​អ្នក​ខ្ចី​៕LA