ភ្នំពេញៈ ក្រុមហ៊ុន HLH Agriculture (Cambodia) ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​គ្រប់គ្រង​ទាំងស្រុង​របស់​ក្រុមហ៊ុន Hong Lai Huat''s ដែល​ចុះបញ្ជី​នៅ​ប្រទេស​សិង្ហបុរី និង​ក្រុមហ៊ុន Cambodia Hei Shi Mineral Co ចុះ​កិច្ចព្រមព្រៀង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ដើម្បី​វិនិយោគ​ជា​ទឹកប្រាក់​ចំនួន ២០ ​លាន​ដុល្លារ​អាមេរិក សហការ​លើ​ការរុករក ធនធាន​រ៉ែ​នៅក្នុង​មជ្ឈមណ្ឌល​កសិកម្ម​កម្ពុជា-សិង្ហបុរី​ ក្នុង​ស្រុក​ឱរ៉ាល់ ​ខេត្តកំពង់ស្ពឺ​។

យោងតាម​សារព័ត៌មាន The EDGE ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៨ ​ខែមិថុនា កិច្ចសហការ​គ្នា​នេះ​មាន​តម្លៃ​វិនិយោគ​តាម​ការប៉ាន់​ប្រមាណ​ចំនួន​ ២០ ​លាន​ដុល្លារ​អាមេរិក ហើយ MoU បញ្ជាក់ថា ទាំង​ក្រុមហ៊ុន HLH Agriculture និង​ក្រុមហ៊ុន Cambodia Hei Shi Mineral ចាត់ទុក​ជា​ដៃគូ​យុទ្ធសាស្ដ្រ​មួយ​ ហើយ​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ចក្ខុវិស័យ​បន្ទាប់​ក្នុង​រយៈពេល​ ៣ ​ខែក្រោយ ដើម្បី​ចូល​ទៅក្នុង​កិច្ចព្រមព្រៀង​ភ្ជាប់​កាតព្វកិច្ច​មួយ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បានឱ្យដឹងថា តាមរយៈ​ MoU ​នេះ​ភាគី​ទាំងពីរ​នឹង​បង្កើត​ការវិនិយោគ​រួម​ (JV) ​មួយ​ដែល​ក្រុមហ៊ុន​ HLH Agriculture នឹង​ទទួលខុសត្រូវ​ខាង​ការផ្តល់​ដី និង​ការបែងចែក​សិទ្ធិ​ធ្វើ​អាជីវកម្ម​រ៉ែ​។ ក្រុមហ៊ុន Cambodia Hei Shi Mineral នឹង​សម្រេច​ឱ្យបាន​លើ​កំណត់ត្រា​តាមដាន​រ៉ែ​ដែល​បាន​បង្កើតឡើង​របស់ខ្លួន ដើម្បី​ដំណើរការ​ប្រតិបត្តិការ​រុករក​រ៉ែ និង​ទទួល​ខុសត្រូវ​លើ​ការចំណាយ​ទាំងអស់​ដែល​ធ្វើឡើង ដើម្បី​ជ្រើសរើស​បុគ្គលិក និង​កម្មករ​ដែល​មាន​ជំនាញ​គ្រប់គ្រាន់ គ្រឿង​ម៉ាស៊ីន និង​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា ព្រមទាំង ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ប្រតិបត្តិការ​រុករក​រ៉ែ នៅក្នុង​ថវិកា​ប្រតិបត្តិការ​ដែល​បាន​យល់ព្រម​រវាង​ភាគី​ទាំង​ ២​។

លោក Ong Jia Jing នាយក​គ្រប់គ្រង​ទូទៅ និង​ជា​នាយកប្រតិបត្តិ​ក្រុមហ៊ុន Hong Lai Huat''s បាន​ឱ្យដឹងថា ប្រតិបត្តិការ​រុករក​រ៉ែ នឹង​ស្ថិតក្រោម​តំបន់​សម្ភារ​សំណង់​ដែល​បាន​លៃ​ទុក​នៃ​មជ្ឈមណ្ឌល​កសិកម្ម ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​។

លោក​ថ្លែងថា​៖ «​ខណៈ​ដែល​រ៉ែ​ធម្មជាតិ​ល្អ​បំផុត​ត្រូវ​បាន​រកឃើញ​នៅ​លើដី​របស់​យើង ​ដូចជា​រ៉ែ​ថ្មម៉ាប និង​ថ្ម​រ៉ែក្រានីត ភាព​ជា​ដៃគូ​នេះ​នឹង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ​រុករក​រ៉ែ និង​ផ្គត់ផ្គង់​រ៉ែ​ធម្មជាតិ​ល្អ​បំផុត​ទាំងនេះ​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ និង​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មជ្ឈមណ្ឌល​កសិកម្ម​នេះ​»​។

លោក Ong លើកឡើង​ថា​៖ «​ធនធាន​រ៉ែ​ដែល​ដែល​បាន​ទាញយក​នឹង​រួមចំណែក​ច្រើន​ដល់​កំណើន​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ ព្រមទាំង​ភាគទុនិក​របស់​យើង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ​»​។

ក្រុមហ៊ុន HLH Agriculture នឹងមាន​សិទ្ធិ​ទទួល​ ៦០ ​ភាគរយ​នៃ​ប្រាក់ចំណេញ​ដែល​រកបាន​ពី​ក្រុមហ៊ុន​វិនិយោគ​រួមមួយ​នេះ​។ រយៈពេល​របស់​ក្រុមហ៊ុន​ចូល​ទុន (JV) ​នេះ​គឺ​ ១០ ​ឆ្នាំ ដែល​មាន​ជម្រើស​ក្នុង​ការបន្ត​ជាថ្មី​សម្រាប់​រយៈពេល​បន្ថែម​។

ភាគហ៊ុន​ក្រុមហ៊ុន​ Hong Lai Huat ជួញដូរ​នៅ​ទីផ្សារហ៊ុន​សិង្ហបុរី​បាន​បិទ​ការជួញដូរ​ដោយ​កើនឡើង​ ០,២ ​ភាគរយ ឬ​ ២,២ ​ភាគរយ​ក្នុង​តម្លៃ​ ៩,៤ ​សេន​កាលពី​ថ្ងៃ​ទី​ ៨ ខែ​មិថុនា​៕LA