ភ្នំពេញៈ បើ​ទោះ​វិបត្តិ​ជំងឺ​កូវីដ​១៩ បាន​និង​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខ្សែ​ចង្វាក់​ផលិតកម្ម និង​ការ​ផ្គត់ផ្គង់​នៅ​លើ​ពិភព​លោក ប៉ុន្តែ​សកម្មភាព​នាំ​ចេញ និង​នាំចូល​របស់​សហគ្រាស​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ (Sihanoukville Special Economic Zone: SSEZ) មិន​បាន​ធ្លាក់​ចុះ​នោះ​ទេ ដោយ​សម្រេច​បាន​ទំហំ​ទឹក​ប្រាក់​សរុប​ជិត ៨០០ លាន​ដុល្លារ​ក្នុង​រយៈពេល ៥​ខែ​ដើម​ឆ្នាំ ២០២១ កើន​ឡើង​ប្រមាណ ៥០​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០២០។

យោង​តាម​ស្ថិតិ​ពី​ក្រុមហ៊ុន SSEZ ចាប់​ពី​ខែ​មករា​ដល់​ខែ​ឧសភា បរិមាណ​នាំ​ចូល និង​នាំ​ចេញ​របស់​សហគ្រាស​ក្នុង​តំបន់ SSEZ សម្រេច​បាន​សរុប ៧៩៩ លាន​ដុល្លារ​កើន​ឡើង ៤៩,៩១ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។

ស្ថិតិពី SSEZ ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ៧ ខែ​មិថុនា បង្ហាញ​ទៀត​ថា សម្រាប់​ខែ​ឧសភា ឆ្នាំ​នេះ សហគ្រាស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស SSEZ ទទួល​បាន​បរិមាណ​នាំចូល និង​នាំ​ចេញ​សរុប ១៧៨ លាន​ដុល្លារ​កើន ១៨,៦៧ ភាគរយ​ធៀប​នឹង​ខែ​មេសា ឆ្នាំ ២០២១។

SSEZ បាន​ឱ្យ​ដឹង​ថា ទោះ​នៅ​ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ​១៩ ដែល​នៅ​តែ​បន្ត​អូស​បន្លាយ​នៅ​កម្ពុជា ប៉ុន្តែ​កំណើន​នេះ​នឹង​ឆ្លុះ​បញ្ចាំង​នៃ​ការ​ពង្រឹង​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ពី​សហគ្រាស​នៅ​ក្នុង​តំបន់​មក​វិនិយោគ និង អភិវឌ្ឍ​នៅ​កម្ពុជា​នា​ពេល​អនាគត។

SSEZ អះអាង​ថា តម្លៃ​ទិន្នផល​ពី​ឧស្សាហកម្ម​នេះ​បាន​រួម​ចំណែក​ច្រើន​ជាង ៥០ ភាគរយ​ដល់​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះសីហុន។ បច្ចុប្បន្ន​ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ មាន​ក្រុមហ៊ុន​វិនិយោគ​សរុប ១៦៥ ក្រុមហ៊ុន​ដោយ​បង្កើត​ការងារ​បាន ៣០ ០០០ កន្លែង៕