ភ្នំពេញៈ កម្ពុជា​ស្នើឱ្យ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ជួយ​ជំរុញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​កម្ពុជា​ឱ្យបាន​ច្រើន​បន្ទាប់ពី​ស្ថានភាព​កូវីដ​ ១៩ បាន​ធូរស្រាល ស្របពេល​រដ្ឋាភិបាល​កំពុង​រៀបចំ​ផែនការ​ទទួល​ភ្ញៀវទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ រួចរាល់​។

សំណើ​នេះ​ត្រូវ​ធ្វើ​ឡើង​ក្នុងជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា លោក ថោង ខុន ជាមួយ​នឹង​លោកស្រី Maria Amerita C. Aquino ឯកអគ្គរដ្ឋទូត​ប្រទេស​ហ្វីលីពីន​ប្រចាំ​កម្ពុជា​ កាលពី​ថ្ងៃទី​ ៩ ខែមិថុនា នៅ​ទីស្តីការ​ក្រសួង​។

លោក ថោង ខុន បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ហើយ​រដ្ឋាភិបាល​ក៏​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការត្រៀម​បើក​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើងវិញ​ផងដែរ​។

លោក​ឱ្យដឹងថា​៖ «​បច្ចុប្បន្ន​ក្រសួង​ទេសចរណ៍​កំពុង​សិក្សា និង​រៀបចំ​ឯកសារ​ទស្សនទាន​ស្តីពី​កញ្ចប់​ទេសចរណ៍​ចាក់​វ៉ាក់សាំង​នៅក្នុង​គោលដៅ​ពិនិត្យ​លទ្ធភាព​សម្រាប់​ប្រទេស​ដែល​មាន​ហានិភ័យ​ទាប​បានមក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​ ក្នុង​តំបន់​ដែលមាន​សុវត្ថិភាព ដោយ​គោរព​តាម​វិធាន​សុវត្ថិភាព​របស់​ប្រទេស​កម្ពុជា គឺ​ធ្វើយ៉ាងណា​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩»​។

លោក​បាន​រំឭកថា កាលពី​ដើមឆ្នាំ​ ២០២១ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ដោយ​បាន​សម្រេច​នូវ​វិធានការ និង​គោលដៅ​នានា ដើម្បី​បើក​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ឡើងវិញ ដោយ​ផ្តោតលើ​ទេសចរ ដែល​ចាក់​វ៉ាក់សាំង​រួចហើយ​។

លោក​ថ្លែងថា​៖ «​យើង​បាន​ដាក់ចេញ​ផែនការ​មួយចំនួន​ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ​ក្នុងនោះ​ក៏មាន​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ដោយ​គោរព​តាម​វិធាន​សុវត្ថិភាព អនាម័យ សម្រាប់​អនុវត្ត​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​អាស៊ាន​។ នេះ​ជា​ផ្នែក​មួយ​នៃ​ការត្រៀម​លក្ខណៈ​របស់​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​ ២០២២ ផងដែរ​»​។

លោកស្រី Maria Amerita C. Aquino បាន​ឯកភាព និង​ប្តេជ្ញា​ជួយ​ជំរុញ​បន្ថែមទៀត​​ ដើម្បី​ជំរុញ​កំណើន​ទេសចរ​មក​ទស្សនា​កម្ពុជា ក្រោយពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ មាន​ភាពធូរស្រាល​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​ជឿថា ពន្លឺ​ថ្មី​នៃ​ការរីកចម្រើន​របស់​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​នឹង​រះ​ឡើង​នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ ព្រោះ​អាស្រ័យ​លើ​សក្តានុពល​ដ៏សម្បូរបែប​នៃ​បេតិកភណ្ឌ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធនធានធម្មជាតិ​»​។

រដ្ឋាភិបាល​កម្ពុជា​រំពឹងថា នឹង​បើក​ទេសចរណ៍​ជា​បណ្តើរៗ​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​ ២០២១ ដោយ​ផ្តោត​អាទិភាព​ការអនុវត្ត​គម្រោង​ក្នុង​ជំហាន​ទី​១ នៅ​តំបន់​អង្គរ​នៃ​ខេត្តសៀមរាប​។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ឱ្យ​ដឹងថា វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​បាននិង​កំពុង​ត្រៀមខ្លួន​រួចហើយ​។

អ្នកស្រី​ថ្លែងថា​៖ «​យើង​បាន​ត្រៀម​រួចហើយ​ក្នុង​ការចូលរួម​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល ដើម្បី​កសាង​ទំនុកចិត្ត​សម្រាប់​ភ្ញៀវ​។ យើង​រង់ចាំ​ពេលវេលា​នេះ​យូរ​មកហើយ​។ យើង​ត្រូវ​ប្រមូល​ផ្តុំគ្នា​ឡើងវិញ​ ដើម្បី​រៀបចំ​សេវាកម្ម​យើង​ឡើងវិញ​រួមគ្នា​ទទួលភ្ញៀវ​ទេសចរ​»​។

របាយការណ៍​ក្រសួង​ទេសចរណ៍​បាន​ឱ្យដឹងថា កាលពី​ឆ្នាំ​ ២០២០ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ១,៣១ ​លាន​នាក់ ថយចុះ ៨០ ​ភាគរយ និង​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រមាណ ៩ លាន​នាក់​ថយចុះ ២០​ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩៕ LA