
ទិដ្ឋភាពក្រុងព្រះសីហនុ។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាកំពុងត្រៀមបង្កើនសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការដាក់ចេញនូវគោលនយោបាយប្រែក្លាយខេត្តព្រះសីហនុ ដែលជាច្រកដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រសំខាន់ជាងគេរបស់កម្ពុជា ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលអាចឆ្លើយតបទៅការអភិវឌ្ឍលើគ្រប់វិស័យ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៩ ខែមិថុនា បានចុះហត្ថលេខាលើអនុក្រឹត្យលេខ ៨២ អនក្រ.បក ស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ប.ដ.)»។
យោងតាមខ្លឹមសារអនុក្រឹត្យគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ដែលមានសមាជិកជាមន្ត្រីជាន់ខ្ពស់នៅតាមក្រសួង-ស្ថាប័ន និងអភិបាលខេត្តព្រះសីហនុសរុប ២៥ រូប នេះមានតួនាទី និងភារកិច្ច មួយចំនួនដូចជា ដឹកនាំ និងសម្របសម្រួលអន្តរក្រសួង ស្ថាប័ន ក្នុងការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង, ផ្តល់ការណែនាំជាយុទ្ធសាស្ត្រ និងបច្ចេកទេសក្នុងការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ, តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ, រៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ជូនក្រុមប្រឹក្សារៀបចំផែនការមេ និងធ្វើកិច្ចសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានថ្លែងថា តាមពិតទៅកន្លងមក រដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចពិសេសពហុបំណងរួចហើយ។ ការកំណត់នេះ គឺមានយន្តការក្នុងការអនុវត្តតែប៉ុណ្ណោះ។
អនុក្រឹត្យនេះ កើតឡើងស្របពេលដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងខិតខំពង្រីកសក្តានុពលរបស់ខ្លួនតាមរយៈគម្រោងសាងសង់កំពង់ផែកុងតឺន័រថ្មីដែលមានប្រវែង ៣៥០ ម៉ែត្រ និងជម្រៅទឹក ១៤,៥ ម៉ែត្រ។ កំពង់ផែថ្មីនេះ នឹងអនុញ្ញាតឱ្យនាវាធំលំដាប់អន្តរជាតិ ដែលមានសមត្ថភាពផ្ទុកកុងតឺន័រចំនួន ៦០,០០០ DWT (៥០០០ TEUs) ចូលចតបាន។
តាមផែនការកំពង់ផែនេះ នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ ២០២២ ខាងមុខ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២៤។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការកំណត់គោលនយោបាយប្រើប្រាស់ដីធ្លីឱ្យមានភាពច្បាស់លាស់ នឹងជួយធ្វើឱ្យការអភិវឌ្ឍលើគ្រប់វិស័យមានភាពឆាប់រហ័ស និងអាចមានទីតាំងគ្រោងសម្រាប់ការប្រើប្រាស់រយៈពេលយូរផងដែរ។ លោកបន្ថែមថា ទីតាំងដែលអ្នកវិនិយោគចូលចិត្ត គឺជាកន្លែងដែលមានភាពអំណោយផលសម្រាប់ការដឹកជញ្ជូន ពិសេសផ្លូវទឹក ដែលជាមធ្យោបាយដឹកជញ្ជូនលក្ខណៈអន្តរជាតិដ៏ពេញនិយម និងមានតម្លៃថោក។
យោងតាមលោក ចន្ធី បច្ចុប្បន្នទំនិញកម្ពុជាដែលត្រូវនាំចេញទីផ្សារអន្តរជាតិ គឺមានប្រមាណជិត ៨០ ភាគរយ ត្រូវឆ្លងកាត់តាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕