
លោក ប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ រូបថត ក្រសួងពាណិជ្ជកម្ម
ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់អ្នកនាំចេញទំនិញដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ AHK (FORM AHK) សម្រាប់ការនាំចេញទំនិញទៅបណ្តាទីផ្សារអាស៊ាន និងហុងកុង ក្រសួងពាណិជ្ជកម្មបានសម្រេចដាក់ឱ្យអនុវត្តវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ AHK (FORM AHK) តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មជាផ្លូវការហើយ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី ១១ ខែ មិថុនា ឱ្យដឹងថា អ្នកនាំចេញទំនិញដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ AHK សម្រាប់ការនាំចេញទំនិញទៅបណ្តាទីផ្សារអាស៊ាន និងហុងកុង អាចដាក់ពាក្យស្នើសុំតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលមានគេហទំព័រ https://co.moc.gov.kh/ ចាប់ពីពេលនេះតទៅ។
សេចក្តីជូនដំណឹងឱ្យដឹងទៀតថា៖ «ចំពោះព័ត៌មានលម្អិតទាក់ទងនឹងការអនុវត្តវិធានបញ្ជាក់ដើមកំណើតទំនិញ (Rule s of Origin) និងនីតិវិធីប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញ (Operational Certification Procedures) នៃទម្រង់ AHK សូមចូលទៅកាន់គេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម https://co.moc.gov.kh/»។
លិខិតនេះបានធ្វើឡើង បន្ទាប់ពីប្រទេសកម្ពុជា កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ បានអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន៕