
អគ្គនាយដ្ឋានពន្ធដារ (GDT) ប្តេជ្ញានឹងបន្តនូវកិច្ចសហប្រតិបត្តិការល្អជាមួយនឹងសមាគមពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា (Japanese Business Association of Cambodia - JBAC) ។ ហុង មិនា
ភ្នំពេញ៖ អគ្គនាយដ្ឋានពន្ធដារ (GDT) ប្តេជ្ញានឹងបន្តនូវកិច្ចសហប្រតិបត្តិការល្អជាមួយនឹងសមាគមពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា (Japanese Business Association of Cambodia - JBAC) ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទំនើបកម្មពន្ធដារនៅកម្ពុជាក៏ដូចជាការជួយសម្របសម្រួលដល់ការប្រកបអាជីវកម្មរបស់វិនិយោគិនជប៉ុននៅកម្ពុជា ។
នេះជាការលើកឡើងរបស់លោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារនៅក្នុងអំឡុងពេលជួបប្រជុំជាមួយលោក KAWAIDA Hiromitsu នាយកគណៈកម្មការផ្នែកពន្ធដារនៃសមាគមពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជាព្រមទាំងតំណាងពីស្ថានទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជានៅទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី ១០ ខែ មិថុនា។
លោកស្រី ប៊ុន នារី បានលើកឡើងថាក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយសមាគមពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា និងការខិតខំរបស់ខ្លួនអគ្គនាយកដ្ឋាន ពន្ធដារសម្រេចបានលទ្ធផលការងារល្អប្រសើរគួរឱ្យកត់សម្គាល់ ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារនៅកម្ពុជា ។
លោកស្រីបានថ្លែងថា៖ «អគ្គនាយកដ្ឋាន ពន្ធដារប្តេជ្ញានឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយ JBAC ព្រមទាំងទទួលស្វាគមន៍នូវរាល់ធាតុចូលនានា ដើម្បីយកមកធ្វើការសិក្សាស្វែងយល់កែលម្អ និង ខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមជូនសមាគមពាណិជ្ជកម្មជប៉ុនឱ្យបានឆាប់រហ័ស»។
ជាមួយគ្នានេះលោកស្រី ប៊ុន នារី ក៏បានធ្វើការកោតសរសើរដល់វិនិយោគិនជប៉ុន ដែលកន្លងមកមានឆន្ទៈខ្ពស់ក្នុងការចូលរួមគោរពច្បាប់ស្តីពីសារពើពន្ធនៅកម្ពុជាបានល្អផងដែរ។
លោក KAWAIDA Hiromitsu បាននិយាយថាក្នុងនាមគណៈកម្មការផ្នែកពន្ធដារនៃសមាគមពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា លោកនឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងការជំរុញឱ្យពាណិជ្ជករជប៉ុនបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន និងជាគំរូល្អដល់ពាណិជ្ជករដទៃទៀតដែលកំពុងប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា៕