ភ្នំពេញៈ កម្ពុជា​បាន​ប្រែក្លាយ​ខ្លួន​ទៅជា​ប្រទេស​ផលិត​រ៉ែ​មាស​មួយ​នៅក្នុង​ចំណោម​បណ្តា​ប្រទេស​ផលិត​រ៉ែ​មាស​ពិភពលោក បន្ទាប់ពី​រដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​ជា​លើកដំបូង​។

កាលពី​ថ្ងៃទី​ ១០ ខែមិថុនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​លក្ខណៈ​ឧស្សាហកម្ម​លើកដំបូង​របស់​កម្ពុជា​នៅ​តំបន់​អូរខ្វាវ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ចាប់ពី​ថ្ងៃទី​ ២១ ខែ មិថុនា ឆ្នាំ​ ២០២១ តទៅ​។

លោក ហ៊ុន សែន បានឱ្យ​ដឹងថា ការដាក់​ឱ្យ​ដំណើរការ​នេះ បន្ទាប់ពី​សិក្សា​ស្រាវជ្រាវ​ស្វែងរក​អស់​រយៈពេល ១៤ ​ឆ្នាំ​ដោយ​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ជា​ក្រុមហ៊ុន​អូស្ត្រាលី​ទី​ ១ ដែល​បានចាប់ផ្តើម​ធ្វើ​អាជីវកម្ម​លក្ខណៈ​ឧស្សាហកម្ម​តាម​ស្តង់ដា​អន្តរជាតិ ដោយ​អាច​ផលិត​បាន ១ ​ថ្ងៃ ជា​មាស​ដុំ​ពាក់កណ្តាល​សម្រេច​ក្នុង​អត្រា​មាស ៩០ ​ភាគរយ​។ តាម​របាយការណ៍​សមិទ្ធលទ្ធភាព​ដែល​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ផលិត​មាស​សុទ្ធ​បាន​ប្រមាណ ៣ ​តោន ​ក្នុង ​១ ​ឆ្នាំ​ សម្រាប់​រយៈពេល ៨ ​ឆ្នាំ​ដំបូង​។

លោក​បាន​បន្ថែមថា កម្ពុជា​រំពឹង​ថា ផលិតផល​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​ពី​ជម្រក​រ៉ែ​តំបន់​អូរខ្វាវ​នឹង​ផ្តល់​ផលប្រយោជន៍​ចំណូល​ដុល​ជា​មធ្យម​ប្រមាណ ១៨៥ ​លាន​ដុល្លារ​ ក្នុង​ ១ ​ឆ្នាំ​។

ក្នុងនោះ​ចំណូល​ថវិកាជាតិ​ពី​សួយសារ និង​សារពើពន្ធ​ផ្សេងៗ​មាន​ជា​មធ្យម ៤០ ​លាន​ដុល្លារ ​ក្នុង​ ១ ​ឆ្នាំ​។ ថវិកា​ទាំងនេះ​នឹង​ត្រូវ​យក​មក​ប្រើ​ក្នុង​ចរន្ត​ថវិកាជាតិ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។

លោក​បាន​ថ្លែងថា​៖ «​ជាមួយ​គ្នា​នឹង​សក្តានុពល​នេះ ខ្ញុំ​ក៏​សូម​ក្រើន​រំឭកថា អាជីវកម្ម​រ៉ែ​មាស គឺជា​អាជីវកម្ម​ត្រូវការ​វិនិយោគ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​បច្ចេកវិទ្យា​ពិតប្រាកដ​។ ដូច​បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ការវិនិយោគ​ខាងលើ គឺ​មិនមែន​គ្រប់គ្នា​ចេះតែ​អាច​ធ្វើការ​អភិវឌ្ឍ​បាន​នោះទេ ការដាក់​ឱ្យ​ដំណើរការ​ឧស្សាហកម្ម​រ៉ែ​មាស​ថ្ងៃនេះ មិនមែន​ជា​ការប្រកាស​លើកទឹកចិត្ត​ឱ្យ​សាធារណជន​ចាប់យក​របរ​អាជីវកម្ម​រ៉ែ​មាស​នេះឡើយ ព្រោះ​វា​ជា​អាជីវកម្ម​ដែលមាន​គ្រោះ​ហានិភ័យ​ខ្លាំង ត្រូវការ​ដើមទុន​ច្រើន និង​ជំនាញ​ពិតប្រាកដ​»​។

ក្រុមហ៊ុន Emerald Resources បាន​ប្រកាស​កាលពី​ថ្ងៃទី​ ៨ ខែមិថុនា​ថា ខ្លួន​បាន​ចាប់ផ្ដើម​សកម្មភាព​រុករក​រ៉ែ ដែល​ផ្ដល់​រ៉ែ​ជា​លើកដំបូង និង​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​ជា​លើកដំបូង​នៃ​រោងចក្រ​កែច្នៃ​នៅក្នុង​ខែ​នេះ​។

លោក Morgan Hart នាយក​គ្រប់គ្រង​ក្រុមហ៊ុន Emerald បាន​អះអាងថា​៖ «​រ៉ែ​ដំបូង និង​ការចាប់ផ្ដើម​ប្រតិបត្តិការ​ជា​លើកដំបូង​នៃ​គម្រោង​រ៉ែ​មាស​អូរខ្វាវ គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន និង​តំណាង​ឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង ជាពិសេស​តាមរយៈ​ក្រុមការងារ​សាងសង់ និង​អភិវឌ្ឍន៍​ដែល​ប្រកប​ដោយ​បទពិសោធ​របស់​យើង ដោយ​មាន​កិច្ចសហប្រតិបត្តិការ​ពី​ក្រុមហ៊ុន​ម៉ៅការ​ប្រកប​ដោយ​គុណភាព និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​លើ​ពិភពលោក​របស់​យើង​»​។

លោក​លើកឡើង​ថា​៖ «​គម្រោង​នេះ​នៅតែ​អនុវត្តតាម​គម្រោង​ថវិកា និង​ដំណើរការ​តាម​ការគ្រោងទុក ទោះបី​មាន​បញ្ហា​ប្រឈម​ខាង​ឡូជីស្ទិក ដែល​បណ្ដាល​មកពី​ការរីក​រាលដាល​ជំងឺ​​កូវីដ​ ១៩ នៅ​ទូទាំង​ពិភពលោក​ក៏ដោយ និង​ជា​សក្ខីកម្ម​មួយ​នៃ​ជំនាញ និង​បទពិសោធ​របស់​ក្រុមការងារ​ដែល​យើង​បាន​ដំឡើង​នៅ​ការដ្ឋាន​ដោយ​ជោគជ័យ​»​។

លោក​ឱ្យដឹង​ទៀត​ថា សកម្មភាព​សាងសង់ និង​បញ្ចប់​ជាក់ស្ដែង និង​បើក​ដំណើរការ​រុករក​រ៉ែ​បាន​ផ្ដល់​រ៉ែ​អុកស៊ីត​លើសលប់​ជាង ២៤៥ ០០០ ​តោន ​នៅលើ​កម្រាល ROM​។ រ៉ែ​អុកស៊ីត កំពុង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ប្រតិបត្តិការ SAG Mill ជា​លើកដំបូង និង​ការទាញ​យក​រ៉ែ​ក្នុង​រយៈពេល​ ២-៣ ​សប្ដាហ៍​ដំបូង​នៃ​ប្រតិបត្តិការ ដែល​អាច​បង្កើន​រ៉ែ​មាស​នៅក្នុង​ការទាញ​យក​ជាមុន​នៃ​ការសិត​រ៉ែ​មាស​ដំបូង​នៅ​ខែ​នេះ​។ ថ្ម​រឹង​ស៊ុលហ្វាត នឹង​ត្រូវ​បន្ថែម​ដល់​ការទាញ​យក​ក្នុង​រយៈពេល​ច្រើន​សប្ដាហ៍​ខាងមុខ​នេះ ដើម្បី​ដំណើរការ​ការទាញយក​រ៉ែ​ដែល​កិន​ជាថ្មី​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឱ្យ​ដឹង​ទៀតថា ស្រប​ជាមួយ​ការចាប់ផ្តើម​នៃ​អាជីវកម្ម​រ៉ែ​មាស​ខ្នាត​ឧស្សាហកម្ម​តាម​ស្តង់ដា​អន្តរជាតិ​ជា​លើកដំបូង​នៅ​កម្ពុជា ប្រតិបត្តិការ​ធនធាន​រ៉ែ​នៅ​តំបន់​អូរខ្វាវ​នឹង​បង្កើត​បាន​ជា​គំរូ​មួយ​សម្រាប់​នាំមុខ​ដល់​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ដទៃទៀត​។

លោក​បញ្ជាក់ថា​៖ «​ការចាប់ផ្តើម​នេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ការខិតខំ​របស់​យើង​នាពេល​កន្លងមក​ក្នុង​វិស័យ​រ៉ែ ពិតជា​អាច​ទាញយក​ធនធាន​ធម្មជាតិ​ក្រោម​ដី មក​បម្រើ​ឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមជាតិ​យើង​បាន ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​លើ​ការការពារ​ផលប្រយោជន៍​បរិស្ថាន និង​សង្គម​។ បណ្តា​ក្រុមហ៊ុន​រ៉ែ​ទាំងអស់​នឹង​ត្រូវ​ជំរុញ​ឱ្យ​ប្រើប្រាស់​គំរូ​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​បែបនេះ នៅ​គ្រប់​ដំណាក់កាល​នៃ​ប្រតិបត្តិការ​របស់ខ្លួន​»​។

គម្រោង​នេះ​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​បរិស្ថាន​ពេញលេញ​ពី​ក្រសួង​បរិស្ថាន​កាលពី​ឆ្នាំ​ ២០១៧ និង​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ឧស្សាហកម្ម​ជា​បន្តបន្ទាប់​ពី​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ឆ្នាំ​ ២០១៨ បន្ទាប់មក​កិច្ចព្រមព្រៀង​វិនិយោគ​រ៉ែ​កាលពី​ចុងឆ្នាំ​ ២០១៩ ពី​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ក្រុមហ៊ុន Renaissance មាន​ទីតាំង​ស្ថិត​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​រ៉ែ​មាស​នៅ​តំបន់​អូរខ្វាវ ស្រុក​កែវសីមា ភាគ​និរតី​ខេត្តមណ្ឌលគិរី​៕ LA