ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ត្រៀម​បង្កើន​សក្តានុពល​សេដ្ឋកិច្ច​របស់ខ្លួន​តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ដែលជា​ច្រក​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវសមុទ្រ​សំខាន់​ជាងគេ​របស់​ប្រទេស​កម្ពុជា ឱ្យ​ក្លាយ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​ដែល​អាច​ឆ្លើយតប​ទៅ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ៩ មិថុនា បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​លេខ ៨២ អនក្រ.បក ស្តីពី​ «​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​បច្ចេកទេស​អន្តរក្រសួង​រៀបចំ​គោលនយោបាយ​គ្រប់គ្រង និង​ប្រើប្រាស់​ដីធ្លី ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង (​គ.ប.ដ.)»​។

យោងតាម​ខ្លឹមសារ​អនុក្រឹត្យ គណៈកម្មការ​អន្តរក្រសួង​ដែលមាន​សមាជិក​ជា​មន្ត្រីជាន់ខ្ពស់​នៅតាម​ក្រសួង​ស្ថាប័ន និង​អភិបាលខេត្ត​ព្រះសីហនុ​សរុប ២៥ ​រូបនេះ​មាន​តួនាទី និង​ភារកិច្ច​ដូចជា ដឹកនាំ និង​សម្របសម្រួល​អន្តរក្រសួង​ស្ថាប័ន​ក្នុង​ការរៀបចំ​គោលនយោបាយ​គ្រប់គ្រង និង​ប្រើប្រាស់​ដីធ្លី ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​, ផ្តល់​ការណែនាំ​ជា​យុទ្ធសាស្ត្រ និង​បច្ចេកទេស​ក្នុង​ការរៀបចំ​គោលនយោបាយ​គ្រប់គ្រង និង​ប្រើប្រាស់​ដីធ្លី ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​, តាមដាន និង​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការរៀបចំ​គោលនយោបាយ​, រៀបចំ​របាយការណ៍​ពី​វឌ្ឍនភាព​នៃ​ការរៀបចំ​គោលនយោបាយ​គ្រប់គ្រង និង​ប្រើប្រាស់​ដីធ្លី ជូន​ក្រុមប្រឹក្សា​រៀបចំ​ផែនការមេ និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​លោក ស៊ិន ចន្ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការកំណត់​គោលនយោបាយ​ប្រើប្រាស់​ដី​ឱ្យមាន​ភាពច្បាស់​លាស់​នឹង​ជួយ​ធ្វើឱ្យ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​មាន​ភាពឆាប់រហ័ស និង​អាចមាន​ទីតាំង​បម្រុង​សម្រាប់​ការប្រើប្រាស់​រយៈពេល​យូរអង្វែង​។ លោក​បន្ថែមថា ទីតាំង​ដែល​អ្នកវិនិយោគ​ចូលចិត្ត គឺជា​កន្លែង​ដែលមាន​ភាពអំណោយផល​សម្រាប់​ការដឹកជញ្ជូន​ផ្លូវទឹក ដែល​ជា​មធ្យោបាយ​ដឹកជញ្ជូន​លក្ខណៈ​អន្តរជាតិ​ពេញនិយម និង​មាន​តម្លៃថោក​។

លោក ចន្ធី បាន​និយាយថា​៖ «​បច្ចុប្បន្ន​ទំនិញ​កម្ពុជា​ដែល​ត្រូវ​នាំចេញ​ទីផ្សារ​អន្តរជាតិ គឺ​មាន​ប្រមាណ​ជិត ៨០ ​ភាគរយ​ត្រូវ​ឆ្លងកាត់​តាម​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​»​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) ​លោក ហុង វណ្ណៈ បាន​ប្រាប់ថា ការគ្រប់គ្រង​ដីធ្លី​ឱ្យមាន​ប្រសិទ្ធភាព គឺជា​ចំណែក​មួយ​ដែល​នឹង​ជួយ​ពង្រឹង​ជំនឿ​ចិត្ត​របស់​វិនិយោគិន​ក្នុង​ខេត្ត​ព្រះសីហនុ ព្រោះ​បញ្ហា​នេះ​វា​មិន​ត្រឹមតែ​ជា​បញ្ហា​សង្គម​នោះទេ ប៉ុន្តែ​ជា​បញ្ហា​សេដ្ឋកិច្ច​ផងដែរ​។ វិនិយោគិន​ល្អ តែង​ចង់ទៅ​បណ្តាក់ទុន​នៅ​កន្លែង​ដែលមាន​ការគ្រប់គ្រង​ដីធ្លី និង​មានច្បាប់​ច្បាស់លាស់​។

លោក​លើកឡើង​ថា​៖ «​ទោះ​អនុក្រឹត្យ​នេះ​មិនបាន​សំដៅ​ផ្ទាល់​ទៅដល់​ការជំរុញ​កំណើន​សេដ្ឋកិច្ច ប៉ុន្តែ​ការរៀបចំ និង​ការគ្រប់គ្រង​តំបន់​មួយ​ឱ្យមាន​សណ្តាប់ធ្នាប់ និង​មាន​ផែនការ​ប្រើប្រាស់​ដីធ្លី​ច្បាស់លាស់ គឺ​ពិតជា​សំខាន់​សម្រាប់​ការដាក់​ផែនការ​វិនិយោគ​»​។

អនុក្រឹត្យ​នេះ​កើតឡើង​ស្របពេល​ដែល​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បាននិង​កំពុង​ខិតខំ​ពង្រីក​សក្តានុពល​របស់​ខ្លួន​តាមរយៈ​គម្រោង​សាងសង់​កំពង់ផែ​កុងតឺន័រ​ថ្មី​ដែល​មាន​ប្រវែង ៣៥០ ​ម៉ែត្រ និង​ជម្រៅ​ទឹក ១៤,៥ ​ម៉ែត្រ​។ កំពង់ផែ​ថ្មី​នេះ​នឹង​អនុញ្ញាត​ឱ្យ​នាវា​ធំ​លំដាប់​អន្តរជាតិ ដែលមាន​សមត្ថភាព​ផ្ទុក​កុងតឺន័រ​ចំនួន ៦០ ០០០ DWT (៥ ០០០ TEUs) ចូល​ចត​បាន​។

លោក លូ គឹមឈន់ ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ខែមេសា​ថា កំពង់ផែ​ក្រុងព្រះសីហនុ កំពុង​ត្រៀម​ចាប់ផ្តើម​សង់​កំពង់ផែ​កុងតឺន័រ​ថ្មី​ ១ ​នៅ​ដើមឆ្នាំ​ ២០២២ ខាងមុខ ដោយ​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២៤​។

ការអភិវឌ្ឍ​កំពង់ផែ​ក្រុងព្រះសីហនុ​ឱ្យមាន​ទំហំ​ធំ និង​ជម្រៅ​ទឹក​កាន់តែ​ជ្រៅ​នឹង​ជួយ​ឱ្យ​កម្ពុជា​មាន​សមត្ថភាព​ទទួលបាន​ការចូល​ចត​របស់​នាវា​លំដាប់​អន្តរជាតិ​ដោយផ្ទាល់​កាន់តែ​ច្រើន ខណៈ​បច្ចុប្បន្ន​ការដឹក​ទំនិញ​ធំៗ​តាមផ្លូវ​ទឹក កម្ពុជា​ត្រូវ​ពឹង​ផ្អែកលើ​កំពង់ផែ​ប្រទេស​ក្នុង​តំបន់​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​យល់ថា នៅពេល​កម្ពុជា​មាន​ផែ​ទឹកជ្រៅ​នឹងមាន​នាវា​ធំៗ​ចូល​ចត​កាន់តែ​ច្រើន ដែល​វា​នឹង​ជួយ​ធ្វើឱ្យ​ថ្លៃ​ដឹកជញ្ជូន​ទំនិញ​តាម​សមុទ្រ​ចុះថ្លៃ និង​ចំណាយពេល​តិច​ព្រមទាំង​ចូលរួម​បង្កើន​ភាពប្រកួតប្រជែង​សម្រាប់​កម្ពុជា​ផងដែរ​»​។

ទាក់ទង​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ លោក គឹមឈន់ បាន​ប្រាប់ថា ការផ្ទុះ​ជំងឺ​កូវីដ ១៩ បាន​បង្កឱ្យមាន​ផលប៉ះពាល់​មួយចំនួន​ដល់​អាជីវកម្ម​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​។

អភិបាលខេត្ត​ព្រះសីហនុ​លោក គួច ចំរើន ធ្លាប់​និយាយថា ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​តំបន់ឆ្នេរ​មួយ​ដែលមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ភ្លើង​បំភ្លឺ​ផ្លូវ និង​សំណង់​អគារ​តូច ធំ ក៏​ដូចជា​នៅតាម​តំបន់​ទេសចរណ៍​នានា​។ មួយវិញទៀត​ខេត្ត​នេះ​ក៏​សម្បូរ​រមណីយដ្ឋាន​ទេសចរណ៍​ ដើម្បី​ឱ្យ​ភ្ញៀវ​មក​ទស្សនា និង​លេង​កម្សាន្ត​ផងដែរ​។

លោក​ថ្លែងថា​៖ «​ទោះបី​កម្ពុជា និង​ពិភពលោក​ព្រួយបារម្ភ​ពី​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​ចំពោះ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​ក្នុង​ខេត្ត​ព្រះសីហនុ នៅតែ​មាន​សកម្មភាព​ជា​បន្តបន្ទាប់​»​។

លោក គួច ចំរើន ក្នុង​សន្និសីទ​សារព័ត៌មាន​កន្លងមក​បាន​ឱ្យ​ដឹងថា គិតពី​ឆ្នាំ​ ១៩៩៤ រហូតដល់​ពាក់កណ្តាល​ឆ្នាំ​ ២០២០ ខេត្ត​ព្រះសីហនុ​មាន​ក្រុមហ៊ុន​ចំនួន​ ២០ ​បាន​មក​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​លើ​កោះ និង​ឆ្នេរសមុទ្រ នៅលើ​ផ្ទៃដី​សរុប ១១ ៦៣៧ ​ហិកតា ដោយមាន​ទុនវិនិយោគ​សរុប​ជាង ៣,៩ ​ពាន់​លាន​ដុល្លារ​៕ LA