ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​បាន​ដាក់ឱ្យ​អនុវត្ត​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ជា​ផ្លូវការ​សម្រាប់​ការស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ (CO) ទម្រង់ AHK (FORM AHK) ដើម្បី​សម្រួល​ដល់​ការនាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អាស៊ាន និង​ហុងកុង​។

សេចក្តី​ជូនដំណឹង​ពី​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ១១ ខែមិថុនា ឱ្យដឹងថា ក្នុងន័យនេះ​អ្នក​នាំចេញ​ទំនិញ​ដែល​មានបំណង​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ទម្រង់ AHK សម្រាប់​នាំចេញ​ទំនិញ​ទៅ​បណ្តា​ទីផ្សារ​អាស៊ាន និង​ហុងកុង​អាច​ដាក់​ពាក្យស្នើសុំ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​តាម​គេហទំព័រ https://co.moc.gov.kh// ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។

សេចក្តី​ជូន​ដំណឹង​បានឱ្យដឹង​ទៀតថា​៖ «​ចំពោះ​ព័ត៌មាន​លម្អិត​ទាក់ទង​ការអនុវត្ត​វិធាន​បញ្ជាក់​ដើមកំណើត​ទំនិញ (Rules of Origin) និង​នីតិវិធី​ប្រតិបត្តិ​នៃ​ការបញ្ជាក់​ដើមកំណើត​ទំនិញ (Operational Certification Procedures) នៃ​ទម្រង់ AHK សូម​ចូលទៅ​គេហទំព័រ​ក្រសួង https://co.moc.gov.kh/»​។

ការអនុវត្ត​ទម្រង់ AHK តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នេះ​ត្រូវ​ធ្វើឡើង​ បន្ទាប់ពី​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​ ១៤ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ បានអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

បដិវត្តន៍​ឧស្សាហកម្ម ៤.០ ​បាន​ជំរុញ​ និង​លើកទឹកចិត្ត​ឱ្យ​ប្រតិបត្តិករ​ធ្វើការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​នឹង​ជួយ​កាត់បន្ថយ​នីតិវិធី​មិនចាំបាច់​មួយចំនួន​ចំណេញ​ពេលវេលា និង​ថវិកា​។

លោក ម៉ាក់ នី ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ​(CO) ជា​ឯកសារ​ផ្លូវការ​ដែល​ត្រូវបាន​ប្រើប្រាស់ ដើម្បី​បញ្ជាក់​ពី​ប្រភពដើម​នៃ​សមាសភាគ​ទំនិញ​ដែល​ផលិត​នៅ​ប្រទេស​កម្ពុជា ទោះបីជា​ក្នុង​រូបភាព​ណាក៏ដោយ​។ ឯកសារ​នេះ​គឺជា​ផ្នែក​ដ៏សំខាន់​សម្រាប់​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ ឬ​ប្រទេស​នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (GSP)​។

លោក​ថ្លែងថា​៖ «​បើ​និយាយ​ពី CO យើង​ត្រូវការ​ពេលវេលា ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ ជាក់ស្តែង​ក្នុង​វិបត្តិ​កូវីដ​ ១៩ យើង​ពិបាក​ទទួលបាន CO ព្រោះ​ការប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​ដំណើរការ​រៀបចំ CO មាន​ផលវិបាក​។ ទោះបី​ក្រសួង​បានរៀបចំ​មន្ត្រី​ដើម្បី​សម្រួល​ដល់​ការចេញ CO ដល់​ក្រុមហ៊ុននាំចេញ តែ​វា​មិន​ដូច​ពេលវេលា​ដែល​គ្មាន​កូវីដ ឬ​ការស្នើសុំ​ CO តាម​អនឡាញ ដោយ​ខ្លួនឯង​ឡើយ​»​។

លោក​បន្ថែមថា ពិតណាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម CO ពិតជា​យុទ្ធសាស្ត្រ​សំខាន់​របស់​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ការជំរុញ​ការនាំចេញ ទោះបីជា​មាន​ការគំរាមកំហែង​ពី​វិបត្ត​កូវីដ​ ១៩​។

លោក​បញ្ជាក់ថា​៖ «​មួយវិញ​ទៀត ក្រុមហ៊ុន​អាច​កាត់បន្ថយ​ការចំណាយ និង​ពិតជា​ចំណេញ​ពេលវេលា​ខ្លាំងណាស់ ដើម្បី​ជំរុញ​ការនាំចេញ ព្រោះ​ការនាំ​ចេញ​យឺត​ធ្វើឱ្យ​អ្នក​នាំចេញ​ខាត​ជា​រៀងរាល់​ថ្ងៃ​»​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បានឱ្យ​ដឹងថា ថ្មីៗ​នេះ​ក្រសួង​មិន​តម្រូវឱ្យ​ក្រុមហ៊ុននាំចេញ​មកសុំ CO ទេ​ក្នុងករណី​ប្រទេស​នាំចូល​មិន​តម្រូវឱ្យមាន CO​។ លោក​ថ្លែងថា​៖ «​វិធានការ​នេះ​គឺជា​និន្នាការ​សកល​ ដើម្បី​លុបបំបាត់​ឯកសារ​មិនចាំបាច់​»​។

ក្នុង​ទិសដៅ​ជំរុញ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​ ២០២១ នេះ​ក្រសួង​នឹងដាក់​ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​ទិន្នន័យ​ថ្មី​ (Data Center) ​សម្រាប់​ផ្ទុក​ព័ត៌មាន​ចុះបញ្ជី​ពាណិជ្ជកម្ម ព័ត៌មាន​ការចុះបញ្ជី​ស្នើសុំ​វិញ្ញាបនបត្រ​ប្រភពដើម​ទំនិញ និង​ព័ត៌មាន​ផ្សេងៗ​។

ជាមួយ​គ្នានេះ ក្រសួង​ក៏​នឹង​បន្ត​រៀបចំ CO ទម្រង់​ផ្សេងទៀត​បន្ថែម​ទៅក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ស្របតាម​វិធាន​ដើមកំណើត​ទំនិញ​នៃ​ប្រទេស​នាំចូល និង​បន្ត​អនុវត្ត​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​បញ្ជាក់​ដើមកំណើត​ទំនិញ​ជាមួយ​ប្រព័ន្ធ​អាស៊ី​គូដា​ (ASYCUDA) ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​៕ LA