
កំពង់ផែក្រុងព្រះសីហនុ។ ការនាំចេញ-នាំចូលរវាងកម្ពុជា និងអាមេរិក មានកំណើនប្រមាណជិត ២៥ ភាគរយ។ ហេង ជីវ័ន
ភ្នំពេញៈ ទោះវិបត្តិនៃការឆ្លងរាលដាលកូវីដ ១៩ បានធ្វើឱ្យការផ្លាស់ប្តូរពាណិជ្ជកម្មជាអន្តរជាតិភាគច្រើនធ្លាក់ចុះ ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាអាមេរិកក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ មិនបានធ្លាក់ចុះទេ ដោយមានតម្លៃជាង ២ ៦៥៤ លានដុល្លារ កើនជិត ២៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើតាមការិយាល័យពាណិជ្ជកម្មអាមេរិក។
ទិន្នន័យបានឱ្យដឹងថា ចាប់ពីខែមករា-ខែមេសា ឆ្នាំ ២០២១ ពាណិជ្ជកម្មកម្ពុជា និងអាមេរិកមានតម្លៃសរុប ២ ៦៥៤,៩ លានដុល្លារ កើន ២៤,៤៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមាន ២ ១៣២,៧ លានដុល្លារ។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានតម្លៃ ២ ៥១៩,២ លានដុល្លារកើនឡើង ២៤,៤៣ ភាគរយ និងការនាំចូលពីអាមេរិក ១៣៥,៧ លានដុល្លារកើន ២៥,៥៣ ភាគរយ។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍នាថ្ងៃទី ១៣ ខែមិថុនា លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ទោះជំងឺកូវីដ ១៩ កំពុងបង្កផលប៉ះពាល់ដល់ចង្វាក់ផលិតកម្មទំនិញមានសក្តានុពលនាំចេញទៅអាមេរិក (វាយនភណ្ឌ) ក៏លោកនៅតែមានសុទិដ្ឋិនិយមថា ភាពវិជ្ជមាននេះនឹងមានបន្តទៀត ព្រោះសេដ្ឋកិច្ចអាមេរិកដែលទទួលរងវិបត្តិពីកូវីដ ១៩ ពេលនេះចាប់ផ្តើមមានសញ្ញាវិជ្ជមានឡើងវិញហើយ។
លោកបន្ថែមថា ក្រៅពីការទទួលបាននូវភាពអនុគ្រោះពន្ធ GSP ពីអាមេរិក បច្ចុប្បន្នកម្ពុជាក៏កំពុងទទួលបានចំណែកទីផ្សារអាមេរិកពីជម្លោះពាណិជ្ជកម្មរវាងអាមេរិក-ចិន ព្រមទាំងពីអស្ថិរភាពនយោបាយប្រទេសក្នុងតំបន់ (មីយ៉ាន់ម៉ា) ផងដែរ។
លោកអះអាងថា៖ «ទំហំពាណិជ្ជកម្មប្រទេសទាំង ២ នឹងកើនឡើងទៀត បើកម្ពុជានៅតែបន្តទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិក»។
លោកបានបន្ថែមថា ផែនការក្នុងការបើកឱ្យភ្ញៀវទេសចរធ្វើដំណើរឡើងវិញក៏នឹងក្លាយជាធាតុផ្សំមួយដែលជួយជំរុញឱ្យការបញ្ជាទិញផលិតផលវាយនភណ្ឌពីកម្ពុជាទៅកាន់ទីផ្សារអាមេរិកកើនឡើងផងដែរ។
កាលពីឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកមានតម្លៃ ៦ ៩២១,៣ លានដុល្លារ កើន ១៧,៨៩ ភាគរយបើធៀបឆ្នាំ ២០១៩៕ LA