ភ្នំពេញៈ សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ឆែក​បាន​ដាក់ឱ្យ​ដំណើរការ​កម្មវិធី SWITCH ដល់​គម្រោង​សូឡា ដោយមាន​បំណង​គាំទ្រ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព និង​បរិយាប័ន្ន នៅតាម​តំបន់​ជនបទ​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​។

តាមរយៈ​គម្រោង​អភិវឌ្ឍន៍​លើកកម្ពស់​ការប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​នេះ សហភាព​អឺរ៉ុប (EU) រួមចំណែក​ផ្ដល់ មូលនិធិ​ ២,៥៦ ​លាន​អឺរ៉ូ ហើយ​គម្រោង​នេះ​ត្រូវអនុវត្ត​រយៈពេល​ ៤ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ​ ២០២៤​។

ទិសដៅ​របស់​គម្រោង​នេះ​គឺ​ជំរុញ​សហគ្រាស​ធុន​តូច មធ្យម និង​មីក្រូ​សហគ្រាស​ឱ្យ​ផ្លាស់ប្តូរ​ពី​ការប្រើប្រាស់​ថាមពល​ដែល​មិនមាន​និរន្តរភាព ទៅប្រើ​ប្រាស់​ថាមពល​កកើតឡើង​វិញ​មាន​និរន្តរភាព​គឺ​ «​សូឡា​» ហើយ​ដើម្បី​ជួយ​កែលម្អ​ទម្លាប់​អតិថិជន​នៅតាម​តំបន់​ជនបទ​របស់​ប្រទេស​កម្ពុជា​។

លោកស្រី Darina Vlckova មកពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ឆែក ដែល​ទទួលបន្ទុក​ជំនួយ​គាំទ្រ​សម្រាប់​គម្រោង​ត្រីភាគី​នេះ​បាន​កត់សម្គាល់ថា គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​សម្រេច​ទិសដៅ​របស់ខ្លួន​សម្រាប់ ផែនការ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ថាមពល​អាស៊ាន​ឆ្នាំ​ ២០១៦-២០២៥ ដែល​បណ្ដា​ប្រទេស​អាស៊ាន​មាន​គោលបំណង​ក្នុង​ការសម្រេចបាន​ចំណែក​កាន់តែ​ខ្ពស់​ជារួម​នៃ​ថាមពល​កកើត​ឡើងវិញ​។

លោកស្រី Darina Vlckova បាន​ថ្លែងថា​៖ «​គម្រោង​នេះ​ភាគច្រើន​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ការបង្កើន​សមត្ថភាព​ក្នុង​ស្រុក​តាមរយៈ​ការបណ្ដុះបណ្ដាល ឬ​ការផ្ដល់​ជំនួយ​ឧបត្ថម្ភ​ចាំបាច់ ព្រមទាំង​ការគាំទ្រ​ទំនាក់ទំនង​រវាង​តួអង្គ​ពាក់ព័ន្ធ​នៅក្នុង​វិស័យនេះ ដូចជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​សូឡា អតិថិជន និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​»​។

គម្រោង​ «Switch to Solar» នឹង​អនុវត្ត​វិធីសាស្ដ្រ​ជា​ប្រព័ន្ធ​ដើម្បី​អភិវឌ្ឍ​ទីផ្សារ​តាមរយៈ​ការជំរុញ​តម្រូវការ និង​គាំទ្រ​ការអភិវឌ្ឍ​ចង្វាក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​សូឡា​។

លោក Hugo Agostinho នាយក​គ្រប់គ្រង​កម្មវិធី​គ្រប់គ្រង​ថាមពល​ស្អាត​ និង​ធនធាន​ធម្មជាតិ​នៅក្នុង People in Need ដែល​ដឹកនាំ​ការអនុវត្ត​គម្រោង​នេះ បាន​លើកឡើង​ថា​៖ «​ខ្ញុំ​ជឿជាក់ថា គម្រោង​នេះ​នឹង​រួមចំណែក​ដ៏សំខាន់​ដល់​ឯករាជភាព​សេដ្ឋកិច្ច និង​កែលម្អ​លក្ខខណ្ឌ​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​ជនបទ​។ បច្ចុប្បន្ន​សូឡា​គឺជា​បច្ចេកវិទ្យា​មួយ​ក្នុង​ចំណោម​បច្ចេកវិទ្យា​ថាមពល​កកើតឡើង​វិញ​ដែល​ប្រើប្រាស់​ងាយស្រួល និង​រីកចម្រើន​»​។

ក្នុងអំឡុង​រយៈពេល​ ៤ ​ឆ្នាំ​នៃ​គម្រោង​នេះ សិក្ខាសាលា​ ៤ ត្រូវ​បានគ្រោង​ធ្វើឡើង​ដែល​អ្នកជំនាញ​ខាង​កសិកម្ម និង​នេសាទ​នឹង​ធ្វើជា​អ្នក​ឧទ្ទេសនាម​ដល់​សហគមន៍​មូលដ្ឋាន និង​បង្ហាញ​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ដែល​អាច​ធ្វើបាន​ជាប់​ទាក់ទង​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ផលិត​ថាមពល​ស្អាត​ «​បៃតង​»៕LA