
ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានដាក់ឱ្យដំណើរការនូវ RHB REFLEX ដែលជាសេវាកម្មអនឡាញមួយដែលរួមបញ្ចូលនូវមុខងារគ្រប់គ្រងសាច់ប្រាក់ និងការទូទាត់ក្នុងប្រព័ន្ធសេវាកម្មអនឡាញតែមួយ ដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត និងតាមកម្មវិធីទូរស័ព្ទដៃបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
លោក សុខ ឡេង ដែលជានាយកនៃនាយកដ្ឋានធនាគារសម្រាប់អាជីវកម្មនៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានលើកឡើងថា៖ «ការដាក់ឱ្យដំណើរការ RHB REFLEX គឺស្របតាមគោលដៅយុទ្ធសាស្ត្រឌីជីថលរបស់ធនាគារ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការរបស់អតិថិជនអាជីវកម្មខ្នាតតូច និងមធ្យម ពាណិជ្ជកម្ម និងសាជីវកម្ម ដោយផ្តល់ជូនបទពិសោធនៃការប្រើប្រាស់សេវាកម្មធនាគារដ៏រលូន និងងាយស្រួលនៅក្នុងប្រព័ន្ធអនឡាញតែមួយដែលប្រកបដោយសុវត្ថិភាព។ ជាពិសេស RHB REFLEX ផ្តល់ជូនអតិថិជននូវភាពបត់បែនក្នុងការគ្រប់គ្រងអាជីវកម្មស្របតាមគន្លងនៃការរស់នៅតាមបរិបទថ្មីនៅក្នុងកាលៈទេសៈនៃការរាតត្បាតសកលនៃជំងឺកូវីដ ១៩នេះ។
ជាមួយ RHB REFLEX អតិថិជនអាចគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុតាមរយៈមុខងារគ្រប់គ្រងព័ត៌មានដោយអតិថិជនអាចចូលទៅត្រួតពិនិត្យសមតុល្យគណនី របាយការណ៍គណនីប្រវត្តិនៃប្រតិបត្តិការ និងស្ថានភាពជាក់ស្តែងនៃប្រតិបត្តិការទូទាត់។ លើសពីនេះទៅទៀត អតិថិជនក៏អាចគ្រប់គ្រងការទូទាត់សម្រាប់អាជីវកម្ម តាមរយៈការទូទាត់មួយប្រតិបត្តិការម្តង ឬការទូទាត់ជាបណ្តុំ ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការផ្ទេរប្រាក់ទៅកាន់គណនីផ្ទាល់ខ្លួន ឬទៅកាន់តតិយជនក្នុងធនាគារ អ - អេច ប៊ី (ខេមបូឌា) ម.ក តែ ១ ឬទៅកាន់តតិយជននៅធនាគារផ្សេងតាមរយៈប្រព័ន្ធ FAST payment, ប្រព័ន្ធទូទាត់ក្នុងស្រុករបស់ធនាគារជាតិ, ឬការផ្ទេរប្រាក់ឆ្លងប្រទេស និងការបើកប្រាក់បៀវត្សរ៍បុគ្គលិក។
RHB REFLEX គឺត្រៀមខ្លួនជាស្រេចសម្រាប់បម្រើដល់អាជីវកម្មរបស់អតិថិជនក្នុងការធ្វើសេវាកម្មធនាគារក្នុងប្រព័ន្ធបចេ្ចកវិទ្យាព័ត៌មានវិទ្យាដែលមានសុវត្ថិភាពគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ វាជួយបង្កើនល្បឿននៃលំហូរការងារ និងធ្វើឱ្យលំហូរសាច់ប្រាក់អាជីវកម្មកាន់តែប្រសើរឡើង ដោយអតិថិជនអាចកំណត់ម៉ាទ្រីសនៃការអនុម័តប្រតិបត្តិការដោយខ្លួនឯង។
RHB REFLEX គឺផលិតផលមួយក្នុងចំណោមផលិតផលដែលត្រូវបានផ្តួចផ្តើមដោយធនាគារ ដែលនឹងត្រូវដាក់ឱ្យអតិថិជនប្រើប្រាស់ ដើម្បីចូលរួមបំពេញបន្ថែមនូវសេវាកម្មឌីជីថលក្នុងគោលបំណងបង្កើនភាពរីករាយ និងបំពេញតម្រូវការជាបន្តបន្ទាប់របស់អតិថិជនយើង។ កាលពីខែមុន ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានដាក់ដំណើរការនូវកម្មវិធី goWave by RHB ដែលជាមាតិកាព័ត៌មានសម្រាប់បង្កើនការយល់ដឹងពីអក្ខរកម្មហិរញ្ញវត្ថុដល់យុវជនកម្ពុជាតាមរយៈអត្ថបទអប់រំខ្លីៗ វីដេអូអប់រំខ្លីៗ និងឧបករណ៍ហិរញ្ញវត្ថុនានាតាមបណ្តាញឌីជីថលដោយរួមមាន គេហទំព័រធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក និងបណ្តាញផ្សព្វផ្សាយសង្គមនានាដូចជា (Facebook, Instagram និង YouTube). សម្រាប់ព័ត៌មានបន្ថែមអំពី RHB Reflex សូមចូលទៅកាន់ https://www.rhbgroup.com.kh/