ភ្នំពេញៈ សិប្បកម្ម​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ជ័យ សំបូរ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Top Planning Japan (TPJ) ​កំពុង​សិក្សា​ពី​លទ្ធភាព​បង្កើន​សមត្ថភាព​ផលិតកម្ម​របស់ខ្លួន​ឱ្យដល់ ២០ ​តោន​ក្នុង​ ១ ​ខែ ដើម្បី​ឈានទៅ​នាំចេញ​គ្រាប់ស្វាយចន្ទី​ទៅ​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​កាន់តែច្រើន បន្ទាប់ពី​បាន​ទទួល​ជោគជ័យ​លើ​ការ​នាំទៅ​ប្រទេស​ជប៉ុន​ចំនួន ២ ​លើក​រួចមក​។ នេះ​បើតាម លោកស្រី អិន ឡៃហួត ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ​។

ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ លោកស្រី អិន ឡៃហួត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៤ ខែមិថុនា​ថា សិប្បកម្ម​លោកស្រី​កំពុង​ធ្វើការ​សិក្សា​ពី​លទ្ធភាព និង​ស្វែងរក​ថវិកា​មួយចំនួន​មក​ពង្រីក​ចង្វាក់​ផលិតកម្ម​ ដើម្បី​ត្រៀម​ឆ្លើយតប​នឹង​កំណើន​តម្រូវការ បន្ទាប់ពី​វិបត្តិ​សុខភាព​កូវីដ​ ១៩ បញ្ចប់​ទៅវិញ​។

លោកស្រី​បាន​បន្តថា បច្ចុប្បន្ន​ក្រៅពី​ផលិត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ប្រទេស​ជប៉ុន សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ ក៏បាន​ចែកចាយ​នៅ​ទីផ្សារ​ក្នុងស្រុក​មួយចំនួន​ដូចជា សហករណ៍​សរីរាង្គខ្មែរ លក់ ដុំ លក់រាយ​ជូន​អតិថិជន​ទៅតាម​បណ្តា​ខេត្ត និង​តំបន់​ទេសចរណ៍​ប្រាសាទ​សំបូរ​ព្រៃគុក ជាដើម​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនទាន់​អាច​ប្រាប់ថា ផែនការ​បង្កើត​សមត្ថភាព​ផលិត​ឱ្យបាន ២០ ​តោន​នឹង​ចេញ​ជា​រូបរាង​នៅពេលណា​ទេ ព្រោះ​យើង​មិនទាន់មាន​ទុន​គ្រប់គ្រាន់​»​។

នាពេល​ថ្មីៗ​នេះ លោកស្រី ឡៃហ៊ួត បាន​លើកឡើង​ថា វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ការបញ្ជាទិញ​ធ្លាក់ចុះ​មួយកម្រិត​។ គិត​មកដល់​ពេល​នេះ សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ សំបូរ ទើប​បាន​បញ្ជូន​គ្រាប់ស្វាយចន្ទី​ចំនួន ២ ​លើក​ប៉ុណ្ណោះ​ទៅឱ្យ​ក្រុមហ៊ុន TPJ ដោយ​លើក​ទី​ ១ កាលពី​ខែឧសភា ចំនួន ៧ តោន និង​លើក​ទី​ ២ កាលពី​ថ្ងៃទី​ ១៣ ខែ​មិថុនា ចំនួន ៩ ​តោន​។

លោក គង់ ភាជ ប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​និយាយ​ថា​ផែនការ​ពង្រីក​សមត្ថភាព​ផលិត​របស់​សិប្បកម្ម​នេះ គឺ​មិន​ត្រឹមតែ​ដើរ​ស្រប​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការលើកកម្ពស់​ឧត្តមភាព​ផលិតផល​កសិកម្ម​ក្នុង​ចំណែក​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​បង្កើត​ការងារ​ថ្មីៗ ក៏ដូចជា​អាច​ទាញយក​តម្លៃបន្ថែម​ពី​ការផលិត និង​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​ផងដែរ​។

លោក​អះអាង​ថា​៖ «​គ្រាប់ស្វាយចន្ទី​កែច្នៃ គឺជា​ទំនិញ​មាន​សក្តានុពល​ខ្ពស់​សម្រាប់​នាំ​ចេញទៅ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។ តាម​ខ្ញុំ​ដឹង បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាច្រើន​កំពុង​ចង់បាន​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​របស់​កម្ពុជា​។ យើង​ពិតជា​ស្វាគមន៍​ចំពោះ​ផែនការ​ពង្រីក​សមត្ថភាព​ផលិត​នេះ​»​។

នៅ​កម្ពុជា​សព្វថ្ងៃ​ផ្ទៃដី​ចម្ការ​ស្វាយចន្ទី​មាន​ប្រមាណ​ជាង ៥០ ​ម៉ឺន​ហិកតា ដោយ​ក្នុង​ ១ ​ហិកតា ​អាច​ផ្តល់​ផល​ជា​មធ្យម ១,៥ ​តោន ​ក្នុង​ ១ ​ឆ្នាំ​។ នេះ​បើតាម​លោក គង់ ភាជ​។

ក្នុងអំឡុងពេល​ពិនិត្យ​សកម្មភាព​នៅ​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ សំបូរ កាលពី​ថ្ងៃទី​ ១៣ ខែមិថុនា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​លើក​ទឹកចិត្ត និង​ជំរុញ​ឱ្យ​សហគមន៍​ត្រូវ​ខំ​ស្វែងរក​ដៃគូ​ឱ្យបាន​ច្រើន ដើម្បី​ទទួលបាន​បច្ចេកទេស​ដាំ​ដុះ បច្ចេកទេស​កែច្នៃ និង​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត​។

លោក​ថ្លែងថា​៖ «​នៅពេល​ផលិតផល​មាន​ទីផ្សារ នឹង​នាំឱ្យ​ផលិតកម្ម​មាន​ការកើនឡើង ដែល​នាំឱ្យ​មាន​កំណើន​ប្រាក់ចំណូល បង្កើត​ឱកាស​ការងារ​ថ្មីៗ​។ នេះ​គឺជា​បំណងប្រាថ្នា​របស់​រាជរដ្ឋាភិបាល​ក្នុង​គោលនយោបាយ​ជំរុញ​ការនាំចេញ​កសិផល​ក្នុង​បរិបទ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩»​។

របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ ២០២០ កម្ពុជា​នាំចេញ​គ្រាប់​ស្វាយចន្ទី​បាន ២១៨ ៩៨១ ​តោន​កើនឡើង ៨,២៤ ​ភាគរយ​ពី​ចំនួន ២០២ ៣១៨ ​តោន​ក្នុង​ឆ្នាំ ​២០១៩​។ គ្រាប់ស្វាយចន្ទី​ត្រូវបាន​នាំទៅ​ប្រទេស​វៀតណាម ជប៉ុន រុស្ស៊ី ចិន ហុងកុង ថៃ បារាំង កូរ៉េខាងត្បូង បង់ក្លាដែស ម៉ាឡេស៊ី ហូឡង់ តួកគី និង​ឡាវ​៕ LA