ភ្នំពេញៈ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) មានសុទិដ្ឋិនិយមថា ការអនុវត្ត «យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចក្នុងរយៈពេល ៣ ឆ្នាំរបស់រដ្ឋាភិបាលកម្ពុជានឹងជំរុញការនាំចេញ និងពង្រីកទីផ្សារអន្តរជាតិកាន់តែប្រសើរឡើងសម្រាប់អង្ករកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីដើមឆ្នាំនេះបានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចក្នុងរយៈពេល ៣ ឆ្នាំក្នុងបំណង ដើម្បីជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យទេសចរណ៍ និងការជំរុញការផ្លាស់ប្តូរវប្បធម៌។
គិតចាប់ពីដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ក្រសួងនេះទើបបើកកិច្ចប្រជុំជាលើកដំបូងជាមួយនឹងវិស័យឯកជនស្តីពី «ការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣» កាលសប្តាហ៍មុន។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) លោក សុង សារ៉ន ដែលចូលរួមក្នុងកិច្ចប្រជុំនេះបានបង្ហាញភាពជឿជាក់ថា ការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជានឹងលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិតាមរយៈការធ្វើពិពិធកម្មទាំងផលិតផលនាំចេញ និងទីផ្សារនាំចេញរបស់កម្ពុជា។
លោកអះអាងថា៖ «តាមរយៈយុទ្ធសាស្ត្រការទូតកម្ពុជានឹងអាចទាញយកកាលានុវត្តភាពថ្មីៗសម្រាប់ផលិតផល និងសេវាកម្ម ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូសេដ្ឋកិច្ចអន្តរជាតិដែលផ្តោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី»។
លោកបន្ថែមថា យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច គឺពិតជាសមស្របនឹងយុទ្ធសាស្ត្ររបស់ CRF ក្នុងការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះអង្ករកម្ពុជាប្រកបដោយគុណភាពលើទីផ្សារអន្តរជាតិ ដើម្បីពង្រីកទីផ្សារនាំចេញកម្ពុជាឱ្យសម្រេចបានតាមទិសដៅនាំចេញអង្ករ ១ លានតោនរបស់រដ្ឋាភិបាលកម្ពុជា។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០១៣» កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ ថា នេះគឺជាត្រីវិស័យក្នុងការពង្រឹងប្រសិទ្ធភាពការងារផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិភាគទានពង្រឹងចន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។
លោក សុខុន បានបន្ថែមថា តាមរយៈយុទ្ធសាស្ត្រនេះក្រសួងនឹងដើរតួនាទីជាអ្នកសម្របសម្រួល និងជំរុញយន្តការដែលមានស្រាប់ ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងជំរុញឱ្យមានកំណើនការធ្វើពាណិជ្ជកម្មទ្វេភាគី និងពហុភាគី និងទាក់ទាញភ្ញៀវទេសចរតាមរយៈការពង្រឹងតម្លៃវប្បធម៌ខ្មែរនៅក្រៅប្រទេសជាដើម។
លោកបញ្ជាក់ថា៖ «ដើម្បីធានាអនុវត្តសម្រេចដោយជោគជ័យនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនេះ ទាមទារឱ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ដូច្នេះខ្ញុំសង្ឃឹមថា ក្រសួងស្ថាប័នជំនាញ និងភាគីពាក់ព័ន្ធនឹងបង្កើនការគាំទ្រការអនុវត្តឯកសារយុទ្ធសាស្ត្រនេះដើម្បីជំរុញ និងពង្រីកផលប្រយោជន៍សេដ្ឋកិច្ចជាតិ»។
លោក ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (រាជបណ្ឌិត្យសភាកម្ពុជា) យល់ឃើញថា យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនេះ គឺជាគំនិតផ្តួចផ្តើមដ៏ល្អដែលនឹងដើរតួនាទីរួមចំណែកក្នុងការលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
លោកនិយាយថា ដោយសារវិបត្តិកូវីដ ១៩ បាននាំឱ្យសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកមានការថមថយ ដូចនេះក្រសួងនេះក៏ផ្តួចផ្តើមនូវយុទ្ធសាស្ត្រនេះឡើង ដើម្បីបង្កើនប្រសិទ្ធភាពការងារតាមរយៈមន្ត្រីការទូតសំដៅជំរុញអភិវឌ្ឍសេដ្ឋកិច្ចក្រៅពីវិស័យនយោបាយ។
លោកប្រាប់ថា៖ «កម្ពុជាមានវិស័យទេសចរណ៍ និងកសិកម្ម ដែលមានសក្តានុពលទាក់ទាញការវិនិយោគពីបរទេស ស្របពេលរដ្ឋាភិបាលធ្វើកំណែទម្រង់ជាច្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រវិស័យទាំងនេះ»៕ LA