ភ្នំពេញៈ ជាមួយ​នឹង​ការអភិវឌ្ឍ​ដ៏ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ប្រទេស​កម្ពុជា​ទទួលបាន​ចំណូល​ជិត​កន្លះ​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​អាជីវកម្ម​បចេ្ចកវិទ្យា និង​ឌីជីថល​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​បំផុត​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ដែល​ចេញផ្សាយ​កាលពី​ចុងខែ​ឧសភា​។

របាយការណ៍​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ី​ឆ្នាំ​ ២០២១ របស់ ADB អំពី​ «​ការធ្វើឱ្យ​ដំណើរការ​វេទិកា​ឌីជីថល​សម្រាប់​អាស៊ី​» បាន​បង្ហាញថា ប្រាក់​ចំណូល​ឌីជីថល​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៩ មាន​ចំនួន​សរុប ៤៧០ ​លាន​ដុល្លារ​។ បើ​គិត​តាម​វិស័យ ពាណិជ្ជកម្ម​អេឡិចត្រូនិក​មាន​ចំនួន ២៧,៦ ​ភាគរយ សេវាកម្ម​អេឡិចត្រូនិក មាន ៧,៨ ​ភាគរយ ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល ១០,២ ​ភាគរយ បច្ចេកវិទ្យា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (AdTech) ១២,៧ ​ភាគរយ ការដឹកជញ្ជូន ៣,៨ ​ភាគរយ និង​ការធ្វើ​ដំណើរ​អនឡាញ ៣៧,៩ ​ភាគរយ​។

លោក Yasuyuki Sawada ប្រធាន​សេដ្ឋវិទូ​ជាន់ខ្ពស់​របស់ ADB បានឱ្យដឹង​ក្នុងអំឡុងពេល​សិក្ខាសាលា​របស់ ADB និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្ដីពី «​វេទិកា​ឌីជីថល និង​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្រោយ​កូវីដ​ ១៩ របស់​ប្រទេស​កម្ពុជា​» កាលពី​ថ្ងៃទី​ ២៨ ឧសភា តាម​ប្រព័ន្ធ​វីដេអូ​ថា អំណាច​កុំព្យូទ័រ​ដែល​កើនឡើង និង​លទ្ធភាព​ទទួលបាន​ឧបករណ៍​វៃឆ្លាត​តម្លៃ​សមរម្យ បាន​នាំយក​បចេ្ចកវិទ្យា​ឌីជីថល​ទៅក្នុង​ដៃ​របស់​ប្រជាជន​កាន់តែ​ច្រើនឡើងៗ​។

លោក​ថ្លែងថា​៖ «​កំណើន​ការប្រើប្រាស់​កម្មវិធី​ឌីជីថល​ទាំងនេះ​ត្រូវបាន​រំពឹងថា នឹង​បន្ត​នៅ​ឆ្នាំនេះ និង​ក្នុង​រយៈពេល​ច្រើន​ឆ្នាំទៅ​ខាងមុខ​។ ដោយ​ពឹង​ផ្អែកលើ​ការសិក្សា​ពេល​ថ្មីៗ ប្រសិនបើ​វិស័យ​នានា​កើនឡើង ២០ ​ភាគរយ​ធៀប​នឹង​មូលដ្ឋានគ្រឹះ​ឆ្នាំ​ ២០២០ ទៅដល់​ឆ្នាំ​ ២០២៥ ទិន្នផល​ពិភពលោក​នឹង​កើនឡើង ៤,៣ ​ពាន់​ពាន់​លាន​ដុល្លារ​ប្រចាំឆ្នាំ ទិន្នផល​របស់​អាស៊ី ១,៧ ​ពាន់​ពាន់​លាន​ដុល្លារ​ប្រចាំឆ្នាំ​»​។

លោក ហួត ពុំ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឱ្យ​ដឹង​នៅក្នុង​អំឡុង​សិក្ខាសាលា​នោះ​ថា រដ្ឋាភិបាល​កំពុងតែ​រៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ដែល​នឹង​ដាក់​ឱ្យ​ដំណើរការ​ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខនេះ ដើម្បី​ផ្ដល់​ទិសដៅ​គោលនយោបាយ​កាន់តែ​ច្បាស់លាស់​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការធ្វើ​ឱ្យ​មាន​លក្ខណៈ​ឌីជីថល​ដល់​សេដ្ឋកិច្ច និង​សង្គម និង​ត្រូវ​ប្រើប្រាស់​ជា​យុទ្ធសាស្ដ្រ​ដ៏សំខាន់​សម្រាប់​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច បន្ទាប់ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

លោក​លើកឡើង​ថា​៖ «​ស្ថិតក្រោម​ក្របខ័ណ្ឌ​គោលនយោបាយ​នេះ ទិន្នន័យ និង​កម្មវិធី​ឌីជីថល​មាន​សារៈសំខាន់​ក្នុង​ការទទួលយក និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​។ តាមន័យ​នេះ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ដែល​រួមមាន​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ត្រូវតម្រូវ​ឱ្យធ្វើ​ការងារ​ជាមួយគ្នា​ ដើម្បី​ផ្ដួចផ្ដើម និង​អភិវឌ្ឍ​កម្មវិធី​ឌីជីថល ដែល​រួមបញ្ចូល​គ្នា និង​សហការ​បង្កើត​ផលិតផល និង​សេវាកម្ម​ឌីជីថល​ដើម្បី​បម្រើប្រជាជន​»​។

លោក​បន្តទៀតថា ក្រៅពីនេះ​ដើម្បី​ជំរុញ និង​បង្កើនល្បឿន​ការទទួល​យក​ឌីជីថល​នៅក្នុង​ចំណោម​ប្រជាជន​តាមរយៈ​ការទទួលបាន​សេវាកម្ម​សាធារណៈ​កាន់តែ​ទូលំទូលាយ រដ្ឋាភិបាល​នឹង​ដឹកនាំ​ក្នុងការ​បង្កើត​កម្មវិធី​ឌីជីថល​រដ្ឋ ដោយ​លើកកម្ពស់​មាតិកា​ឌីជីថល និង​ធ្វើ​ពិពិធកម្ម​កម្មវិធី​។

ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ដ្រ​នៃ​ការស្ទុះ​ងើបឡើង​វិញ​រហ័ស លោក​បន្តថា កម្មវិធី​ឌីជីថល​សំខាន់ៗ​មួយចំនួន និង​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បានដាក់​ឱ្យ​ប្រើប្រាស់​រួចហើយ ជាពិសេស​កម្មវិធី​ការផ្លាស់ប្តូរ​ទិន្នន័យ​កម្ពុជា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​ក្លាយទៅជា​ផ្លេតហ្វម​មូលដ្ឋាន​ដែល​ផ្ដល់​ការចុះបញ្ជី​អាជីវកម្ម​អនឡាញ ខណៈ​ច្រក​ទ្វារ​ទូទាត់​ជាតិ ដែលជា​ការទូទាត់​ឌីជីថល និង​គម្រោង​បាគង រូបិយប័ណ្ណ​ឌីជីថល​ធនាគារកណ្ដាល​ (CBDC) ព្រមទាំង​គំនិត​ផ្ដួចផ្ដើម​ផ្សេងៗ​ទៀត​ដូចជា​ការចុះហត្ថលេខា និង​អត្តសញ្ញា​ឌីជីថល​ជាដើម​។

លោក ពុំ បន្ថែមថា​៖ «​កម្ពុជា​មាន​សុទិដិ្ឋនិយម​ថា ការធ្វើឱ្យ​មាន​លក្ខណៈ​ឌីជីថល និង​ព័ត៌មាន​ឌីជីថល​នឹង​ជំរុញ​ភាពធន់ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បរិយាប័ន្ន​នៅក្នុង​បរិបទ​ការស្ទុះ​ងើបឡើង​វិញ​ក្រោយ​ជំងឺ​កូវីដ​ ១៩​។ ភាពជោគជ័យ​នៃ​ការផ្លាស់ប្តូរ​នេះ​នឹង​ទាមទារ​ឱ្យមាន​ការគាំទ្រ​ដ៏ពេញទំហឹង និង​ការសហការ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​»​។

កាលពីដើម​ខែមិថុនា រដ្ឋាភិបាល​បាន​ដាក់ឱ្យ​ដំណើរការ​ក្របខ័ណ្ឌ​គោលនយោបាយ​រយៈពេល ១៥ ​ឆ្នាំ​ សម្រាប់​បរិស្ថាន​សេដ្ឋកិច្ច​សង្គម​ឌីជីថល​ដែលជា​ការវិវត្ត​មួយ​របស់​កម្ពុជា​។ ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល និង​គោលនយោបាយ​សង្គម​របស់​កម្ពុជា​ឆ្នាំ​ ២០២១-២០៣៥ ត្រូវ​រំពឹងថា​នឹង​បញ្ចូល​សម្ទុះ​ថ្មីៗ​ក្នុង​វិស័យ​ព័ត៌មាន និង​ព័ត៌មាន​បចេ្ចកវិទ្យា (ICT) របស់​កម្ពុជា និង​ក្រឹត​ល្បឿន​នៃ​ការអភិវឌ្ឍ​របស់ខ្លួន​ ដើម្បី​ផ្លោះ​ដំណាក់កាល​ទៅ​សម័យ​ឌីជីថល​។

ទិន្នន័យ​ថ្មី​បំផុត​ពី​និយតករ​ទូរគមនាគមន៍​កម្ពុជា​ឱ្យ​ដឹងថា គិត​ត្រឹម​ខែឧសភា ឆ្នាំ​ ២០២០ ចំនួន​នៃ​ការជាវ​ទូរស័ព្ទ​ចល័ត​របស់​ប្រតិបត្តិករ​ទាំង ៦ មាន​ចំនួន ២០ ៤៨១ ០៥១​។

ជាមួយ​គ្នា​នេះដែរ ចំនួន​ការជាវ​អ៊ីនធឺណិត​ខ្សែ និង​លើ​តុ​មាន ៥២ ៤៨០ និង​ចំនួន​ការជាវ​អ៊ីនធឺណិត​ចល័ត​នៅក្នុង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទាំង​ ៧ ​បាន​កត់ត្រា​ចំនួន ២,៣៦ ​ភាគរយ​ធ្លាក់​ចុះមក​នៅត្រឹម ១៤ ៨៦៣ ៤៣៥ ចំណែក​ការ​ជាវ​អ៊ីនធឺណិត​នៅ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទាំង​ ៣៧ បាន​កត់ត្រា​ចំនួន ៣៣,០៧ ​ភាគរយ កើន​ដល់​ ២៤៩ ១៣២៕LA