ភ្នំពេញៈ ទឹកប្រាក់​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ប្រទេស​កូរ៉េខាងត្បូង​ រយៈពេល ៥ ​ខែ​ដើមឆ្នាំ​ ២០២១ មាន​ប្រមាណ​ជាង ៣០២ ​លាន​ដុល្លារ​កើន​ជិត ៣ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។

បើតាម​ទិន្នន័យ​ក្នុង​រយៈពេល​នេះ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទឹកប្រាក់​សរុប ៣០២,២៣១ ​លាន​ដុល្លារ កើនឡើង ២,៦៦ ​ភាគរយ​ពី​ចំនួន ២៩៤,៣៩៧ ​លាន​ដុល្លារ កាលពី​រយៈពេល ៥ ​ខែ ឆ្នាំ​ ២០២០​។ ក្នុងនេះ​កម្ពុជា​នាំ​ទំនិញ​ទៅ​កូរ៉េ​មាន​ទឹកប្រាក់ ៧៥,៣៦៩ ​លាន​ដុល្លារ ធ្លាក់ចុះ​ ០,៤៧ ​ភាគរយ ចំណែក​កូរ៉េ​នាំមក​កម្ពុជា​មាន​ទឹកប្រាក់ ២២៦,៨៦១ ​លាន​ដុល្លារ កើនឡើង ៣,៧៥ ​ភាគរយ​។

ទំនិញ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​កូរ៉េ​មាន​ដូចជា ផលិតផល​វាយនភណ្ឌ គ្រឿង​ផ្គុំ​អេឡិចត្រូនិក កៅស៊ូ និង​ផលិតផល​កសិកម្ម រីឯ​ផលិតផល​កូរ៉េ ភាគច្រើន​ជា​យានយន្ត គ្រឿង​អេឡិចត្រូនិក សម្ភារ​អគ្គិសនី ភេសជ្ជៈ និង​ផលិតផល​ប្លាស្ទិក ជាដើម​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ ខែ​មិថុនា​ថា ទោះជា​ក្នុងអំឡុងពេល​នៃ​វិបត្តិការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ​ ១៩ ក៏​សកម្មភាព និង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ មិនបាន​ស្រក​ចុះ​។

លោក​និយាយថា​៖ «​ប្រទេស​ទាំង​ ២ នៅតែមាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ល្អ​ជាមួយ​គ្នា ហើយ​វា​នឹង​កាន់តែ​ពិសេស​ នៅពេល​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​ចូល​ជា​ធរមាន​»​។

លោក​បាន​បន្ថែមថា ខណៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ប្រទេស​ទាំង ២ ត្រូវ​រំពឹងថា នឹង​ចូល​ជា​ធរមាន​នៅ​ចុងឆ្នាំ​ ២០២១ នេះ កម្ពុជា​ចាំបាច់​ត្រូវតែ​ខិតខំ​បន្ថែមទៀត​ ដើម្បី​ធ្វើខ្លួន​ឱ្យក្លាយ​ជា​ប្រទេស​ផលិត និង​នាំចេញ ដោយ​មិន​ត្រឹមតែ​ជាមួយ​កូរ៉េ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​គ្រប់​ទីផ្សារ​លើ​ពិភពលោក​។ ការធ្វើ​ពិពិធកម្ម​លើ​ផលិតផល​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​នឹង​ជួយ​ធ្វើឱ្យ​កម្ពុជា​អាច​មាន​ឧត្តមភាព​លើ​ការធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​។

កាលពី​ដើម​ខែកុម្ភៈ ឆ្នាំ​ ២០២១ ភាគី​កម្ពុជា និង​កូរ៉េ ការប្រកាស​រួមគ្នា​ថា ការចរចា​លើ​លក្ខខណ្ឌ​ផ្សេងៗ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា និង​ប្រទេស​កូរ៉េ​បាន​បញ្ចប់​រួចរាល់​ហើយ ដោយ​នៅ​រង់ចាំតែ​ការចុះហត្ថលេខា​ជា​ផ្លូវការ​តែ​ប៉ុណ្ណោះ​។

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េ​ខាងត្បូង​លោក ឡុង ឌីម៉ង់ បាន​ប្រាប់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នឹង​ជំរុញ​ឱ្យ​វិនិយោគិន​បរទេស ពិសេស​ជនជាតិ​កូរ៉េ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ដែល​ជា​ប្រទេស​មាន​ស្ថិរភាព​នយោបាយ និង​ទំនាក់ទំនង​ការទូត​ល្អ​ មាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ និង​មាន​កម្លាំង​ពលកម្ម​ជំនាញ​ច្រើន និង​មានតម្លៃ​សមរម្យ​។

លោក​បន្ថែមថា ក្រៅពី​ទទួល​ចំណាប់​អារម្មណ៍​ពី​ការចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែ​ច្រើន បច្ចុប្បន្ន​រូបលោក​ព្រម​ទាំង​ក្រុមការងារ​នៅ​ប្រទេស​កូរ៉េ ក៏​តែង​ធ្វើការ​ផ្សព្វផ្សាយ​ជាប្រចាំ​អំពី​សក្តានុពល​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។

លោក​ថ្លែងថា​៖ «​បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ លើ​ពិភពលោក​ធូរស្រាល ការធ្វើដំណើរ​ទេសចរណ៍ និង​ការ​ចូលមក​បណ្តាក់ទុន​របស់​កូរ៉េ​នៅ​កម្ពុជា​ប្រាកដ​ជា​មាន​កំណើន​ថែមទៀត​»​។

ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​កូរ៉េ​កាលពី​ឆ្នាំ​ ២០២០ មានតម្លៃ​សរុប ៧២៩,១៣ ​លាន​ដុល្លារ កើនឡើង ១៧,៣១ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មាន​តម្លៃ ១៨៥,០២ ​លាន​ដុល្លារ កើនឡើង ១២,៦១ ​ភាគរយ និង​កូរ៉េ​នាំមក​កម្ពុជា​មាន​តម្លៃ ៥៤៤,១១ លាន​ដុល្លារ កើនឡើង ១៨,៧៩ ​ភាគរយ​។ នេះ​បើ​យោងតាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​៕