ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​សម្រេច​ជា​ផ្លូវការ​ក្នុង​ការ​ដាក់​ភាគ​ហ៊ុន ៤ ភាគរយ ស្មើ​នឹង ១៧ ៣២៦ ៥២១ ភាគហ៊ុន​របស់​ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី (ASA, Plc) ដែល​ជា​ភាគហ៊ុនិក​នីតិបុគ្គល​មួយ​របស់​ខ្លួន​អាច​ធ្វើ​ការ​ជួញដូរ​បាន​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) សម្រាប់​ឆ្នាំ ២០២១។

ការណ៍ដាក់​ឱ្យ​ជួញដូរ​ភាគ​ហ៊ុន​របស់ អេ អេស អេ ភីអិលស៊ី នៅ​ផ្សារ​មូលបត្រ​កម្ពុជា ធ្វើ​ឡើង​ប្រមាណ​ជា​ជាង​មួយ​ឆ្នាំ បន្ទាប់​ពី​ធនាគារ​មួយ​នេះ​បាន​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​ជា​ផ្លូវការ​លើ CSX កាល​ពី​ចុង​ខែ​ឧសភា​ឆ្នាំ ២០២០។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់ ធនាគារ អេស៊ីលីដា កាល​ពី​ថ្ងៃ​១៥ ខែ​មិថុនា ឆ្នាំ ២០២១ បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី ដែល​ជា​ភាគហ៊ុនិក​នីតិបុគ្គល​មួយ​របស់​ធនាគារ បាន​ធ្វើ​និយ័តកម្ម​ភាគហ៊ុន​ទាំង​អស់​ទៅ​ឱ្យ​ភាគហ៊ុនិក​ជាក់​ស្តែង​ម្នាក់ៗ ដែល​មាន​សមាជិក​សរុប​ចំនួន ១១ ៤៨៨​នាក់ និង​មាន​ភាគហ៊ុន​សរុប​ចំនួន ១០៧ ២០៤ ៥៤៧ ភាគហ៊ុន ស្មើ​នឹង​ចំនួន ២៤,៧៩២ ភាគរយ នៃ​ភាគហ៊ុន​សរុប​របស់​ធនាគារ ដោយ​អនុលោម​តាម​វិធាន​ច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​របស់​និយ័តករ​មូលបត្រ​កម្ពុជា និង​ដោយ​មាន​ការ​ឯកភាព​ពី​ភាគហ៊ុនិក​នីមួយៗ​នៃ​ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី។

សេចក្តី​ជូន​ដំណឹង​នេះ​បាន​បញ្ជាក់​ថា៖ «ភាគហ៊ុន​ដែល​បាន​ធ្វើ​និយ័តកម្ម​រួចរាល់​នឹង​ត្រូវ​ដាក់​ឱ្យ​ជួញដូរ​បាន​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​ត្រឹម ៤ ភាគរយ ស្មើនឹង ១៧ ៣២៦ ៥២១ ភាគហ៊ុន សម្រាប់​ឆ្នាំ ២០២១។ ចំណែក​ភាគហ៊ុន​ដែល​នៅ​សល់​ចំនួន ២០,៧៤៩២ ភាគរយ​ទៀត​នឹង​ត្រូវ​អនុវត្ត​តាម​ផែនការ​ជា​បន្ត​បន្ទាប់»។

អេស៊ីលីដា ដែល​ជា​ធនាគារ​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុង​ស្រុក​ធំ​ជាង​គេ​នៅ​កម្ពុជា បាន​ប្រមូល​និធិ​ប្រហែល ១៧,៥លាន​ដុល្លារ​ពី​ការ​បោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ (IPO) របស់​ខ្លួន​នៅ​លើ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) កាល​ពី​ថ្ងៃទី ២៤ ខែ​ឧសភា​ ឆ្នាំ ២០២០ ដែល​បាន​ក្លាយ​ជា​ធនាគារ​ពាណិជ្ជដំបូង​គេ​ដែល​បាន​បោះផ្សាយ​លក់​ភាគហ៊ុន​នៅ​លើ​ផ្សារ​ហ៊ុន​នេះ ជាមួយ​នឹង​ភាគហ៊ុន​សរុប​ចំនួន ៤,៣៤លាន ឬ​ស្មើ​នឹង​ចំនួន ១​ភាគរយ​នៃ​ភាគហ៊ុន​សរុប​របស់​ខ្លួន​ជាង ៤៣៣ លាន​ដុល្លារ ខណៈ​តម្លៃ​ក្នុង ១ហ៊ុន គឺ ១៦ ២០០រៀល (៤,០៥ដុល្លារ)។ នេះ​បើ​យោង​តាម​ឯកសារ​ចុះ​បញ្ជី​ដែល​ផ្ញើ​ទៅ CSX៕