ភ្នំពេញៈ គម្រោង​សហគ្រិន​នារី​សកម្ម​ (WE Act) ​ដែល​គាំទ្រ​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក ​(USAID) និង​អនុវត្ត​ដោយ​អង្គការ​ផេក​ (PACT) ធនាគារ​វីង និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ Boost Capital បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ដើម្បី​ផ្តល់​លទ្ធភាព​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែមទៀត​ដល់​សហគ្រិន​ស្ដ្រី​វ័យក្មេង​នៅ​កម្ពុជា ដោយសារ​ពួកគេ​ជា​ក្រុម​ងាយ​រងគ្រោះ​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ត្រូវបាន​ចុះ​ហត្ថលេខា​ដោយ​ភាគី​ទាំង​ ៣ កាលពី​ថ្ងៃ​ទី​ ១៥ ខែ មិថុនា ឆ្នាំ​ ២០២១ និង​ធ្វើជា​សាក្សី​ដោយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។ គោលបំណង MoU នេះ​គឺ​ដើម្បី​ផ្ដល់​លទ្ធភាព​កាន់តែ​ច្រើន​ដល់​សហគ្រិន​ស្ដ្រី​វ័យក្មេង​ដែលមាន​អាជីវកម្ម​ខ្នាត​មីក្រូ និង​ខ្នាតតូច​ភាគច្រើន​មិនត្រូវ​នឹង​លក្ខខណ្ឌ​របស់​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ផ្ដល់​ហិរញ្ញវត្ថុ​ផ្លូវការ ហើយ​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។

លោក W. Patrick Murphy បានឱ្យដឹងថា សហគ្រិន​ស្ដ្រី​កម្ពុជា គឺ​តួអង្គ​សំខាន់​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​។ ការធានា​ឱ្យ​ពួកគេ​មាន​ធនធាន​ដែល​ពួកគេ​ត្រូវការ​ ដើម្បី​ទទួលបាន​ជោគជ័យ​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំងអស់ តាមរយៈ​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ដែល​ត្រូវការ​ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​។

លោកស្រី Sabine Joukes នាយិកា​អង្គការ​ផេក​ប្រចាំ​កម្ពុជា និង​នាយិកា​គម្រោង WE Act បានឱ្យដឹងថា ពួកគាត់​មាន​មោទនភាព​ដែល​ស្ថាប័ន​ដៃគូ​វិស័យ​ឯកជន​ផ្សេងគ្នា​បង្កើត​ឱ្យ​មាន​ផលិតផល​ហិរញ្ញវត្ថុ​ ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់​ក្នុង​ការទទួល​បាន​ហិរញ្ញវត្ថុ​របស់​សហគ្រិន​ស្ដ្រី​។

លោកស្រី Sabine ថ្លែងថា​៖ «​យើង​សូម​ថ្លែងអំណរគុណ​ដល់ BOOST និង​ធនាគារ​វីង​ដែលមាន​ឆន្ទៈ​ក្នុង​ការធ្វើ​ជា​ដៃគូ​ជាមួយ​យើង​ដើម្បី​ផលប្រយោជន៍​របស់​សហគ្រិន​ស្ដ្រី​។ ការធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​ទាំង​ ២ ​នេះ គឺ​ដើម្បី​បង្កើត​ផលិតផល និង​សេវាកម្ម​ដែល​កំណត់​ទិសដៅ WE Act នឹង​ពង្រីក​ឱកាស​សម្រាប់​សហគ្រិន​ស្ដ្រី​វ័យក្មេង​ក្នុង​ការទទួល​បាន​ធនធាន​ហិរញ្ញវត្ថុ​ដែលមាន​តម្លៃ​សមរម្យ​»​។

លោកស្រី​បន្តថា គំនិត​ផ្តួចផ្ដើម​នេះ​នឹង​ផ្ដល់​លក្ខខណ្ឌ​អនុគ្រោះ​លើ​ប្រាក់កម្ចី​ខ្នាតតូច​ដល់​សហគ្រិន​វ័យក្មេង​ជាង ៥០០ ​នាក់ និង​ផ្ដល់ឱ្យ​ពួកគេ​នូវ​ចំណេះដឹង​ហិរញ្ញវត្ថុ​ ដើម្បី​ឱ្យ​ពួកគេ​អាច​គ្រប់គ្រង​អាជីវកម្ម​បាន​។

លោក ហោ ប៊ុនថែ អគ្គនាយករង​ធនាគារ​វីង បាន​ឱ្យ​ដឹងថា ភាពជា​ដៃគូ​នេះ​នឹង​ផ្ដល់​ការគាំទ្រ​ហិរញ្ញប្បទាន​ដល់​សហគ្រិន​ស្ដ្រី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដែល​មិន​ត្រូវបាន​យកចិត្ត​ទុកដាក់​ដោយ​ជួយ​ពួកគេ​ឱ្យ​ផ្ដោតលើ​ការពង្រីក និង​កែលម្អ​អាជីវកម្ម​ទោះ​កំពុង​មាន​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​។

លោក​បន្តថា​៖ «​ធនាគារ​វីង​ប្ដេជ្ញាចិត្ត​ចំពោះ​ចក្ខុវិស័យ​របស់​យើង​ក្នុង​ការផ្ដល់​ជូន​ប្រជាជន​ខ្មែរ​គ្រប់រូប​នូវ​ភាពងាយស្រួល​ក្នុង​ការទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​ទាក់ទង​នឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​»​។

តាមរយៈ MoU នេះ Boost និង​ធនាគារ​វីង​នឹង​ផ្ដល់នូវ​ប្រាក់កម្ចី​ដែលមាន​លក្ខណៈ​ប្លែក​ពី​គេ​សម្រាប់​សហគ្រិន​ស្រី្ត​វ័យក្មេង​ដែលមាន​អាជីវកម្ម​មិនបាន​ចុះបញ្ជី និង​មិនមាន​ទ្រព្យ​បញ្ចាំ​ទោះបី​ក្រុមហ៊ុន​ទាំង​ ២ ​នៅតែ​ផ្ដល់​អត្រា​ការប្រាក់​ដែលមាន​ការប្រកួតប្រជែង​ខ្ពស់​ក៏ដោយ​។

លោកស្រី Lucinda Revell សហស្ថាបនិក Boost ឱ្យដឹងថា ការដាក់​ពាក្យ​ស្នើសុំ​ប្រាក់កម្ចី​ពី​គ្រប់​ទីកន្លែង​​ និង​គ្រប់ពេលវេលា​ជាមួយ​បច្ចេកវិទ្យា​នឹងធ្វើ​ឱ្យមាន​ភាពងាយស្រួល​សម្រាប់​ពួកគេ​ក្នុង​ការទទួល​បាន​ប្រាក់កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ពួកគេ​អាច​ទុកចិត្តបាន ដើម្បី​គាំទ្រ​តម្រូវការ​អាជីវកម្ម​របស់​ពួកគេ​៕ LA