ភ្នំពេញៈ រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ​ (PWSA) ដែល​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​កម្ពុជា​ (CSX) បាន​រាយការណ៍​ពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏រឹងមាំ​របស់ខ្លួន​នៅក្នុង​ត្រីមាស​ទី​១ ​ឆ្នាំ​នេះ ទោះបី​ការរីករាលដាល​វីរុស​កូរ៉ូណា​បាន​ប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក៏ដោយ​។

បើ​យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់ PWSA ផ្ញើ​ទៅ CSX កាលពី​ថ្ងៃទី​ ១៥ ខែ​មិថុនា ​ឱ្យដឹងថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២១ PWSA ទទួលបាន​ប្រាក់ចំណេញ​សុទ្ធ ៣០,៧ ​ពាន់​លាន​រៀល កើន​ ៤,១ ​ពាន់​លាន​រៀល ឬ ១៥,៦៧ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២០​។

របាយការណ៍​បន្តថា​៖ «​មូលហេតុ​នៃ​ការកើនឡើង​ប្រាក់​ចំណេញ​សុទ្ធ​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២១ ដោយសារ​ការកើនឡើង​នៃ​ចំណូល​ការប្រាក់​សុទ្ធ​ចំនួន ៦,១ ​ពាន់​លាន​រៀល ឬ ៣៦១,៨៦ ​ភាគរយ​បើ​ធៀប​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០»​។

ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៅ CSX ​អ្នកស្រី គឹម សុផានីតា បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្ដិ៍​ កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា​ថា ទោះបី​ការរីករាលដាល​វីរុស​កូរ៉ូណា​កំពុង​ប៉ះពាល់​ដល់​អាជីវកម្ម​ជាច្រើន ក៏​តម្រូវការ​ទឹកស្អាត​នៅតែ​មាន​សម្រាប់​គ្រួសារ និង​ពាណិជ្ជកម្ម​។

អ្នកស្រី​ថ្លែងថា​៖ «​យើង​មិនមាន​ការសង្ស័យ​លើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដ៏ល្អ​របស់ PWSA ទេ​។ ការលក់​ទឹកស្អាត​ជា​លក្ខណៈ​គ្រួសារ និង​អតិថិជន​ពាណិជ្ជកម្ម​ដែលជា​ប្រភព​ដ៏សំខាន់​នៃ​ប្រាក់ចំណូល​នៅតែ​រឹងមាំ ដោយ​មិន​ជាប់​ទាក់ទង​នឹង​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ទេ​។ នេះ​គឺជា​អត្ថប្រយោជន៍​ដ៏រឹងមាំ​របស់ខ្លួន​នៃ​ការធ្វើ​អាជីវកម្ម​លើ​មូលដ្ឋាន​ការលក់​ផ្ដាច់មុខ​នៃ​ការប្រើប្រាស់​ទំនិញ​ ដើម្បី​បម្រើ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​»​។

ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​ ២០២០ PWSA បាន​ឱ្យ​ដឹងថា ប្រាក់ចំណូល​មាន​ចំនួន ៣២៤ ៣៦៧ ៨៥៦ ០០០ ​រៀល​ (៧៩,៦៨ ​លាន​ដុល្លារ​) ​កើនឡើង ១០៧ ៨៧១ ០៤០ ០០០ ​រៀល ឬ ៤៩,៨៣ ​ភាគរយ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៩​។ ប្រាក់ចំណេញ​សុទ្ធ​ពេញ​មួយ​ឆ្នាំមាន​ចំនួន​ ៨៨ ៣៥១ ៨៤៥ ០០០ ​រៀល​កើនឡើង ៥៥ ០៥៩ ៩៣២ ០០០​រៀល ឬ​ ១៦៥,៣៩ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម PWSA​។

PWSA កាលពី​ថ្ងៃទី​ ១ ខែកុម្ភៈ ឆ្នាំ​ ២០២១ បានចាប់ផ្ដើម​ដំណើរការ​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់ខែង​តម្លៃ ៣៨០ ​លាន​ដុល្លារ ​នៅ​ជាយ​រាជធានី​ភ្នំពេញ​ ដើម្បី​ជា​ការឆ្លើយតប​នឹង​តម្រូវការ​ដែល​កើនឡើង​ដែល​ផ្ដល់​សក្ដានុពល​កំណើន​វិនិយោគ​ថ្មី​សម្រាប់​ក្រុមហ៊ុន​។

ការសាងសង់​រោងចក្រ​នេះ​នឹង​អនុវត្ត​ជា​ ២ ​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ គ្រោង​នឹង​បញ្ចប់​ត្រឹម​ចុង​ឆ្នាំក្រោយ ហើយ​ការផលិត​ទឹកស្អាត​នឹង​ធ្វើ​ឡើង​ភ្លាមៗ​ក្នុង​ចំនួន ១៩៥ ០០០ ​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ​។

ដោយ​គ្រោង​នឹង​ធ្វើការ​ចែកចាយ​នៅត្រឹម​ចុងឆ្នាំ​ ២០២៣ ដំណាក់កាល​ទី​២ នឹង​បន្ថែម ១៩៥ ០០០ ​ម៉ែត្រគុប​ទៀត​ដល់​សមត្ថភាព​ផលិត​ប្រចាំថ្ងៃ​របស់​រោងចក្រ​ក្នុង​ចំនួន​សរុប ៣៩០ ០០០៕ LA