ភ្នំពេញៈ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​គេហទំព័រ KhmerSME នៅ​ចុងឆ្នាំ​ ២០២១ នេះ​។ នេះ​ជា​គេហទំព័រ​ថ្មី​សម្រាប់​ផ្តល់ព័ត៌មាន​អាជីវកម្ម​យ៉ាង​ទូលំទូលាយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។

គេហទំព័រ KhmerSME នឹង​តភ្ជាប់​ទៅ​គេហទំព័រ ASEAN Access ដែលជា​គេហទំព័រ​មួយ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​តំបន់​អាស៊ាន​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១៦ ខែមិថុនា ឆ្នាំ​ ២០២១​។

លោក ឈា ឡាយហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា គេហទំព័រ KhmerSME គឺជា​គេហទំព័រ​ព័ត៌មាន​ជាតិ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។

លោក​ប្រាប់ថា​៖ «​ការបង្កើត​គេហទំព័រ KhmerSME គឺ​ក្នុង​គោលបំណង​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។ យើង​បាន​រកឃើញថា ពួកគាត់​នៅមាន​បញ្ហា​កង្វះ​ការទទួលបាន​ព័ត៌មាន​អំពី​អាជីវកម្ម​នានា​»​។

លោក​បន្ថែមថា គេហទំព័រ​នេះ​នឹង​ប្រើប្រាស់​ធ្វើជា​កន្លែង​ស្នូល​មួយ​សម្រាប់​ផ្តល់ព័ត៌មាន​ដល់​ម្ចាស់​អាជីវកម្ម​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​ជំហាន​ដំបូង​យើង​មិនទាន់​អាច​ដាក់​លក់​ផលិតផល​នៅលើ​គេហទំព័រ​បានទេ គឺ​សម្រាប់​ផ្តល់់ព័ត៌មាន​ដល់​ម្ចាស់​អាជីវកម្ម​។ គាត់​ចង់​ស្រាវស្រាវ​ព័ត៌មាន​ទាក់ទង​នឹង​ទីផ្សារ ហិរញ្ញប្បទាន ការផ្ទេរ​បច្ចេកវិទ្យា​ទាក់ទង​នឹង​ការនាំចេញ នាំចូល ការបើក​អាជីវកម្ម​ថ្មី​ (StartUp) គឺ​គាត់​អាច​រក​ប្រភពព័ត៌មាន​ក្នុង​គេហទំព័រ​នេះ​បាន​»​។

កញ្ញា ថូង ធីតា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន ថូង ត្រេឌីង ឯ.ក ជា​ក្រុមហ៊ុន​កែច្នៃ​អំបិល​កំពត-កែប ឱ្យដឹងថា ជា​ការប្រសើរ​ណាស់​ក្នុង​ការជួយ​ដល់​សហគ្រិន​ទាំងអស់ ពិសេស​សហគ្រិន​ស្ត្រី​ដែល​ត្រូវ​ការកសាង និង​លើកកម្ពស់​សមត្ថភាព​របស់​ពួកគេ​សម្រាប់​ទីផ្សារ​ដែល​កំពុង​រីកចម្រើន​នេះ​។

កញ្ញា​និយាយថា​៖ «​យើង​ឃើញ​បញ្ហា​ប្រឈម​មួយចំនួន​របស់​សហគ្រិន​ក្នុង​ការចូលរួម​ទៅក្នុង​ការផ្គត់ផ្គង់ និង​ខ្សែចង្វាក់​តម្លៃ​របស់​យើង ពិសេស​ដើម្បី​ឆ្ពោះទៅរក​ទីផ្សារ​ប្រកួតប្រជែង ដូច្នេះ​វា​នឹង​ក្លាយជា​ឱកាស​ដ៏ល្អ​សម្រាប់​អ្នករាល់គ្នា​ ដើម្បី​រៀនសូត្រ​បន្ថែម​»​។

លោក ឡាយហ៊ី បានឱ្យដឹង​ទៀតថា ដោយសារ​គេហទំព័រ KhmerSME នឹង​ភ្ជាប់​ទៅ ASEAN Access ដូច្នេះ​វា​នឹង​ផ្តល់ព័ត៌មាន​ទូលំទូលាយ​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម និង​ការចូលទៅ​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន និង​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក​។

តាមរយៈ ASEAN Access សហគ្រាស​ធុន​តូច និង​មធ្យម​អាច​រកមើល​ផលិតផល​ថ្មីៗ ឱកាស​ប្រកប​អាជីវកម្ម​ទទួល​បាន​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​នានា​ទាក់ទង​នឹង​ពាណិជ្ជកម្ម និង​ការផ្គូផ្គង អាជីវកម្ម ព្រមទាំង​ទទួលបាន​ព័ត៌មាន​ចុងក្រោយ​អំពី​ការធ្វើ​អាជីវកម្ម និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​។

បច្ចុប្បន្ន​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ចំនួន ៥២ ១៥៤ មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​៕ LA