ភ្នំពេញៈ បុគ្គលិក​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​ធ្វើការទិញ​លក់​ភាគហ៊ុន​របស់ខ្លួន​ដោយ​សេរី និង​ផ្ទាល់​នៅលើ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) បន្ទាប់ពី​ធនាគារ​នេះ​បានធ្វើ​និយតកម្ម​ភាគហ៊ុន​ទាំងអស់​ទៅឱ្យ​ភាគហ៊ុនិក​ជាក់ស្តែង​ម្នាក់ៗ​របស់​ក្រុមហ៊ុន​ អេ អេស អេ ភីអិលស៊ី (ASA) ​ដែលជា​ភាគហ៊ុនិក​នីតិបុគ្គល​មួយ​របស់ខ្លួន​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ធនាគារ​អេស៊ីលីដា​កាលពី​ថ្ងៃ​ ១៥ ខែមិថុនា បានសម្រេច​ជា​ផ្លូវការ​ក្នុង​ការដាក់​ភាគហ៊ុន ៤ ​ភាគរយ​ស្មើនឹង​ ១៧ ៣២៦ ៥២១ ​ភាគហ៊ុន​របស់​ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី​​ (ASA, Plc) ​ដែលជា​ភាគហ៊ុនិក​នីតិបុគ្គល​មួយ​របស់ខ្លួន​អាច​ធ្វើការ​ជួញដូរ​បាន​នៅលើ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) សម្រាប់​ឆ្នាំ​ ២០២១​។ ការដាក់ឱ្យ​ជួញដូរ​ភាគហ៊ុន​របស់​ អេ អេស អេ ភីអិលស៊ី ​នៅ​ផ្សារមូលបត្រ​កម្ពុជា​ធ្វើឡើង​ប្រមាណ​ជាង​ ១ ​ឆ្នាំ​ បន្ទាប់ពី​ធនាគារ​មួយ​នេះ​បាន​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​ជា​ផ្លូវការ​លើ CSX កាលពី​ចុងខែ​ឧសភា ឆ្នាំ​ ២០២០​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ធនាគារ​អេស៊ីលីដា កាលពី​ថ្ងៃ​ ១៥ ខែមិថុនា ឱ្យដឹងថា អេ អេស អេ ភីអិលស៊ី ដែល​ជា​ភាគហ៊ុនិក​នីតិបុគ្គល​មួយ​របស់​ធនាគារ បាន​ធ្វើ​និយតកម្ម​ភាគហ៊ុន​ទាំងអស់​ទៅឱ្យ​ភាគហ៊ុនិក​ជាក់ស្តែង​ម្នាក់ៗ​ដែល​មាន​សមាជិក​សរុប​ ១១ ៤៨៨ ​នាក់ និង​មាន​ភាគហ៊ុន​សរុប​ ១០៧ ២០៤ ៥៤៧ ​ភាគហ៊ុន ស្មើនឹង​ចំនួន ២៤,៧៩២ ​ភាគរយ​នៃ​ភាគហ៊ុន​សរុប​របស់​ធនាគារ ដោយ​អនុលោម​តាម​វិធាន​ច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​របស់​និយតករ​មូលបត្រ​កម្ពុជា និង​ដោយមាន​ការឯកភាព​ពី​ភាគហ៊ុនិក​នីមួយៗ​នៃ​ អេ អេស អេ ភីអិលស៊ី​។

សេចក្តី​ជូនដំណឹង​នេះ​បាន​បញ្ជាក់ថា​៖ «​ភាគហ៊ុន​ដែល​បានធ្វើ​និយតកម្ម​រួចរាល់​នឹង​ត្រូវ​ដាក់ឱ្យ​ជួញដូរ​បាន​នៅលើ​ផ្សារមូលបត្រ​កម្ពុជា​ត្រឹម ៤ ​ភាគរយ​ស្មើនឹង ១៧ ៣២៦ ៥២១ ​ភាគហ៊ុន​សម្រាប់​ឆ្នាំ​ ២០២១​។ ចំណែក​ភាគហ៊ុន​ដែល​នៅសល់ ២០,៧៤៩២ ភាគរយ​ទៀត​នឹងត្រូវ​អនុវត្តតាម​ផែនការ​ជា​បន្តបន្ទាប់​»​។

លោកស្រី គីម សុផានីតា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​របស់ CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១៦ ខែមិថុនា​ថា ការធ្វើ​និយតកម្ម​នឹង​អនុញ្ញាតឱ្យ​និយោជិត​អេស៊ីលីដា កាន់កាប់​ភាគហ៊ុន​របស់​ពួកគេ​នៅ​អេស៊ីលីដា និង​អាច​ធ្វើការ​ជួញដូរ​ដោយផ្ទាល់​ក្នុង​គណនី​ផ្ទាល់ខ្លួន​។ មកដល់​ពេល​នេះ​មាន​និយោជិត​ជាង ១១ ០០០ ​នាក់​មិនអាច​ធ្វើការ​ជួញដូរ​ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា​បានទេ ព្រោះ​ពួកគេ​ជា​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន ASA​។

លោកស្រី​ថ្លែងថា​៖ «​ឥឡូវ​និយោជិត​អាច​ជួញដូរ​ភាគហ៊ុន​របស់​ពួកគេ​នៅក្នុង​ទីផ្សារ​ធំ​ជាង​មុន​ដោយ​សេរី និង​ស្របច្បាប់​។ ខ្ញុំ​រំពឹងថា ទីផ្សារ​នឹង​កាន់តែ​សកម្ម​ជាមួយ​នឹង​វត្តមាន​របស់​ពួកគេ និង​មាន​ភាគហ៊ុន​ដាក់​ជួញដូរ​ច្រើនជាង ១៧ ​លាន​ភាគហ៊ុន​ទៀត​»​។

អេស៊ីលីដា ដែលជា​ធនាគារ​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុងស្រុក​ធំជាងគេ​នៅ​កម្ពុជា បាន​ប្រមូល​និធិ​ប្រហែល ១៧,៥ ​លាន​ដុល្លារ​ពី​ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ (IPO) របស់​ខ្លួន​នៅលើ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) កាលពី​ថ្ងៃទី​ ២៤ ខែឧសភា ឆ្នាំ​ ២០២០ ដែល​បាន​ក្លាយជា​ធនាគារពាណិជ្ជ​ដំបូង​គេ​ដែល​បាន​បោះផ្សាយ​លក់​ភាគហ៊ុន​នៅលើ​ផ្សារហ៊ុន​នេះ​ជាមួយ​នឹង​ភាគហ៊ុន​សរុប ​៤,៣៤ ​លាន ឬ​ស្មើនឹង ១ ​ភាគរយ​នៃ​ភាគហ៊ុន​សរុប​របស់ខ្លួន​ជាង ៤៣៣ ​លាន​ដុល្លារ ខណៈ​តម្លៃ​នៅក្នុង ១ ​ហ៊ុន ១៦ ២០០ ​រៀល (៤,០៥ ​ដុល្លារ​)​។ នេះ​បើតាម​ឯកសារ​ចុះបញ្ជី​ដែល​ផ្ញើ​ទៅ CSX៕