ភ្នំពេញៈ ធនាគារ​ពិភពលោក (WB) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ធ្វើការ​ព្យាករ​សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​រើប​ឡើងវិញ​បន្តិច​ម្តងៗ​ហើយ ជាមួយ​នឹង​ការព្យាករ​ទុក​ថា វា​នឹង​ទទួល​បាន​កំណើន​ជិត ៤ ​ភាគរយ ក្នុង​ឆ្នាំ​ ២០២១ ដោយសារ​ការពន្លឿន​កម្មវិធី​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​បង្កើន​ទំនុកចិត្ត​ទីផ្សារ រួមជាមួយ​ការងើបឡើង​វិញ​នៃ​តម្រូវការ​សកល​។

ប៉ុន្តែ​ធនាគារ​មួយ​នេះ​ក៏បាន​ព្រមាន​ថា ខ្លួន​ក៏បាន​ពិនិត្យ​មើលឃើញ​នូវ​សេណារីយោ​អវិជ្ជមាន​ផងដែរ ដែល​ក្នុងនោះ​អាច​ថា កម្មវិធី​ចាក់​វ៉ាក់សាំង​មាន​ភាពយឺតយ៉ាវ ហើយ​វិធាន​ការបិទខ្ទប់​ទូទាំងប្រទេស​នៅតែ​មាន​ភាពញឹកញាប់ និង​អូសបន្លាយ​យូរ​។ ក្រោម​លក្ខខណ្ឌ​បែបនេះ សេដ្ឋកិច្ច​តាម​ការព្យាករ នឹង​មាន​កំណើន​តែ ១ ​ភាគរយ ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​ ២០២១ នេះ​។

ធនាគារ​ពិភពលោក​បាន​ឱ្យដឹង​ក្នុង​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ក្រោម​ចំណងជើង​ថា «​ដំណើរ​ឆ្ពោះ​ទៅ​ការរើប​ឡើងវិញ​» ដែល​បានធ្វើ​សន្និសីទ​កាសែត​តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា ការព្យាករ​ទុក​ថា វា​នឹង​ទទួល​បាន​កំណើន​ជិត ៤ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ បន្ទាប់ពី​រួញ​ទំហំ​អស់ ៣,១ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២០​។

ធនាគារ​នេះ​បាន​បន្តថា យ៉ាងណាក្តី​ការរើប​ឡើងវិញ​នេះ​មាន​លក្ខណៈ​មិន​ដូចគ្នា​ទេ​នៅតាម​ផ្នែក​នានា​នៃ​សេដ្ឋកិច្ច ហើយ​វា​ក៏​ស្ថិត​នៅក្នុង​សភាព​ផុយស្រួយ​នៅឡើយ​ដែរ មួយផ្នែក​ដោយសារ​តែ​វិធាន​ការបិទខ្ទប់​ត្រូវ​បានដាក់​អនុវត្ត​ម្តងទៀត​ ដើម្បី​ទប់ស្កាត់​ការរាលដាល​នៃ​ការឆ្លង​វីរុស​កូវីដ​ ១៩ ខណៈ​ដែល​វិស័យ​មួយចំនួន​មាន​ការរីកចម្រើន ផ្នែក​ដទៃទៀត​នៅ​គាំង​ទ្រឹង ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​។ វិស័យ​កសិកម្ម​នៅតែ​រក្សា​ភាពធន់​បាន​គួរសម​ ដោយសារ​តែមាន​តម្រូវការ​ខ្ពស់ អម​ដោយ​ការនាំចេញ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា និង​ចិន​បាន​ចុះហត្ថលេខា​ជាមួយគ្នា​។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធាន​គ្រប់គ្រង​ការិយាល័យ​ធនាគា​ពិភពលោក​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា​៖ «​ដូច​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​តំបន់​ដែរ កម្ពុជា​បាន​រង​ការប៉ះទង្គិច​ខ្លាំង​ពី​ការធ្លាក់ចុះ​នៃ​តម្រូវការ​លើ​សកលលោក​ ដោយសារ​តែ​កូវីដ​ ១៩​។ ប៉ុន្តែ​ដំណឹង​ល្អ​នៅត្រង់ថា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ឱ្យ​មនុស្ស​ក្នុង​ប្រទេស​បាន​ជាង ៣ ​លាន​នាក់​រួចហើយ​ដែលជា​អត្រា​ខ្ពស់​មួយ​នៅក្នុង​តំបន់​»​។

លោកស្រី​បន្ថែមទៀត​ថា​៖ «​ធនាគារ​ពិភពលោក​នៅ​តែ​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​ ដើម្បី​ជួយ​ប្រទេស​នេះ​បន្ថែមទៀត​ក្នុងការ​ប្រយុទ្ធ​នឹង​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូវីដ​ ១៩ និង​ជួយ​ស្តារ​សេដ្ឋកិច្ច និង​សង្គម​ឱ្យ​មាន​ភាពធន់​រឹងមាំ​ឡើងវិញ​»៕

វីដេអូ៖