ភ្នំពេញៈ ក្រសួង​ទេសចរណ៍​បានប្រកាស​លើក​ទឹកចិត្ត​ឱ្យ​យុវជន​វ័យក្មេង​ក្នុង​វិស័យ​ទេសចរណ៍​ចូលរួម​ដាក់ពាក្យ​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ «​សហគ្រិន​វ័យក្មេង​ក្នុង​វិស័យ​ទេសចរណ៍​ជនបទ» (UNWTO Rural Tourism Startup Competition) ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ដែល​កម្មវិធី​នេះ​នឹង​អាចជួយ​ឱ្យ​អ្នកចូលរួម​ទទួល​បាន​នូវ​ជំនួយ​បច្ចេកទេស​សម្រាប់​ពង្រឹង​អាជីវកម្ម និង​ការធ្វើ​បទបង្ហាញ​ពី​ទម្រង់​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​មហាសន្និបាទ​អង្គការ​ទេសចរណ៍​ពិភពលោក​នៅ​ខែតុលា​ខាងមុខ​។

លិខិត​ជូនដំណឹង​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ក្រសួង​ទេសចរណ៍​នា​ថ្ងៃទី​ ១៧ ខែមិថុនា ឱ្យដឹងថា ក្រោម​កិច្ចសហការ និង​ការគាំទ្រ​ពី​អង្គការ​ទេសចរណ៍​ពិភពលោក ក្រសួង​ទេសចរណ៍​សូម​ជូនដំណឹង និង​លើកទឹកចិត្ត​ដល់​យុវជន​ដែលជា​សហគ្រិន​វ័យក្មេង​ក្នុង​វិស័យ​ទេសចរណ៍ ឬ​មាន​គម្រោង​បង្កើត​មុខរបរ​ដែល​អាចជួយ​ដល់​សហគមន៍​ជនបទ​ងើប​ចេញពី​វិបត្តិ​កូវីដ​ ១៩ ទាំងអស់​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ «​សហគ្រិន​វ័យក្មេង​ក្នុង​វិស័យ​ទេសចរណ៍​ជនបទ​» ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​។

សេចក្តី​ជូនដំណឹង​បាន​បញ្ជាក់ថា​៖ «​កម្មវិធី​ប្រកួតប្រជែង​នេះ​មាន​គោលដៅ​ជ្រើសរើស​សហគ្រិន​វ័យក្មេង​ឆ្នើម​ពី​ប្រទេស​សមាជិក​អង្គការ​ទេសចរណ៍​ពិភពលោក ដើម្បី​ជំរុញ​ការបង្កើត​អាជីវកម្ម​ទេសចរណ៍ ជាពិសេស​នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​ជនបទ​ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ឆ្ពោះ​ទៅ​កាន់​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព បរិយាបន្ន និង​ភាពធន់​កាន់តែ​ប្រសើរ ជាពិសេស​ចូលរួម​ដោះស្រាយ​ផលប៉ះពាល់​នៃ​វិបត្តិ​កូវីដ​ ១៩ ​ក្នុង​វិស័យ​ទេសចរណ៍​»​។

យោងតាម​លិខិត​ខាងលើ សហគ្រិន​ដែល​ទទួល​ជយលាភី​នឹង​ទទួលបាន​នូវ​ជំនួយ​បច្ចេកទេស​ពង្រឹង​អាជីវកម្ម​ពី​អង្គការ​ទេសចរណ៍​ពិភពលោក​នឹង​ក្លាយជា​សមាជិក​នៃ​បណ្តាញ​សហគ្រិន​វ័យក្មេង​របស់​ពិភពលោក ព្រមទាំង​ទទួលបាន​នូវ​ឱកាស​បង្ហាញ​អំពី​អាជីវកម្ម​របស់ខ្លួន​ចំពោះមុខ​ថ្នាក់ដឹកនាំ​ទេសចរណ៍​ពិភពលោក​នៃ​ប្រទេស​ជុំវិញ​ពិភពលោក​មកពី ១៥៩ ​ប្រទេស និង​អង្គការ​ពិភព​លោកធំៗ​នាឱកាស​មហាសន្និបាទ​អង្គការ​ទេសចរណ៍​ពិភពលោក​លើក​ទី​ ២៤ នា​ខែតុលា ឆ្នាំ​ ២០២១ ក្នុង​ប្រទេស​ម៉ារ៉ុក​។

ដើម្បី​អាច​ចូលរួមបាន​បេក្ខជន​ត្រូវ​បង្ហាញ​អំពី​លក្ខណៈពិសេស​នៃ​អាជីវកម្ម​របស់ខ្លួន​ដែល​រំលេច​អំពី​កម្រិត​ច្នៃប្រឌិត នវានុវត្តន៍ និង​ការដោះស្រាយ​ផលប៉ះពាល់​នៃ​ជីវភាព​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ពី​កូវីដ​ ១៩ ព្រមទាំង​ចូលរួម​ដល់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​មូលដ្ឋាន​។ ជាមួយ​គ្នា​អ្នកមាន​បំណង​ចូលរួម​អាច​ចូលទៅ​កាន់​គេហទំព័រ https://www.unwto.org/unwto-global-rural-tourism-startup-competition​។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​។

Chhay Sivlin President at Cambodia Association of Travel Agents (CATA) ​អ្នកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា យុវជន​គឺជា​កម្លាំងចលករ​ដ៏ចម្បង​សម្រាប់​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​សម្បត្តិ​ទេសចរណ៍ធម្មជាតិ និង​ជនបទ​នៅ​កម្ពុជា ហេតុនេះ​ការចូលរួម​របស់​ពួកគេ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​កម្រិត​ពិភពលោក​បែបនេះ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ពង្រឹក​សមត្ថភាព​ខ្លួនឯង និង​ការទទួលបាន​បទពិសោធន៍​ថ្មីៗ​។ អ្នកស្រី​បន្ថែមថា ដោយសារ​កម្ពុជា​ជា​ប្រទេស​មាន​តំបន់​ធម្មជាតិ និង​ជនបទ​ច្រើន ហេតុនេះ​ការប្រកួតប្រជែង​នេះ គឺ​ពិតជា​ឱកាស​ដ៏ពិសេស​សម្រាប់​យុវជន​កម្ពុជា​ក្នុង​ការទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវទេសចរ​បរទេស​ឱ្យធ្វើ​ដំណើរ​មក​កម្ពុជា ពិសេស​បន្ទាប់ពី​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ត្រូវ​គ្រប់គ្រង​បាន​។

អ្នកស្រី ស៊ីវលីន បាន​ថ្លែងថា​៖ «​កម្មវិធី​នេះ​រៀបចំ​ឡើង​ចំពេល​ដែល​កម្ពុជា​កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការបើក​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ឡើងវិញ ហេតុនេះ​វា​ជា​ឱកាស​ដែល​យុវជន​អាច​ធ្វើការ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ជនបទ​របស់​កម្ពុជា​តែម្តង​»​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន កាលពី​ថ្ងៃទី​ ៧ ខែមេសា បានឱ្យ​ដឹងថា លោក​បាន​ស្នើសុំ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិចារណា​ពី​ការបើកទ្វារ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ រួចហើយ ដោយ​អនុញ្ញាត​ឱ្យ​ពួកគេ​ចូលមក​ទស្សនា​គោលដៅ​ទេសចរណ៍​សៀមរាប-អង្គរ ចាប់ពី​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២១ តទៅ ខណៈ​ដែល​ការគ្រប់គ្រង​សហគមន៍​នៅ​ខេត្ត​សៀមរាប-អង្គរ ស្ថិតក្នុង​ភាពល្អប្រសើរ ព្រម​ជាមួយ​នឹង​ការជំរុញ​ដំណើរការ​ចាក់​វ៉ាក់សាំង​ឱ្យបាន​លឿន​ដល់​មន្ត្រីរាជការ អ្នក​បម្រើការ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត​៕