ភ្នំពេញៈ តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​កម្ពុជា​បាន​កើនឡើង​ជា​បន្តបន្ទាប់​ចាប់តាំងពី​ដើមឆ្នាំ​ ២០២១ ខណៈ​អ្នកជំនាញ​ជឿថា អត្រាកំណើន​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ នាំឱ្យ​តម្លៃ​ប្រេងឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​ហក់​ឡើងជា​លំដាប់​។

សេចក្តី​ជូនដំណឹង​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញថា ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​ ១៦ ដល់​ថ្ងៃទី​ ៣០ មិថុនា ឆ្នាំ​ ២០២១ គឺ ៣ ៩០០ ​រៀល ​ក្នុង ១ ​លីត្រ​សម្រាប់​សាំង​ធម្មតា​ (EA92) និង​តម្លៃ ៣ ៥៥០ ​រៀល​ ក្នុង ១ ​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​។

ក្រាហ្វិក​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពីថ្ងៃ​ទី​ ១ ខែ​មេសា ដល់​ថ្ងៃទី​ ១៦ ខែមិថុនា បង្ហាញថា តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​បាន​កើន​ពី ៣ ៧០០ ​រៀល ​ក្នុង ១ ​លីត្រ ដល់ ៣ ៩០០ សម្រាប់​សាំង​ធម្មតា​។ ចំណែក​តម្លៃ​ប្រេងម៉ាស៊ូត​កើន​ពី ៣ ២៥០ ​ដល់ ៣ ៥៥០ ​រៀល​។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​។

លោក ញឹម កុសល ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល (Golden FX Link Capital) ​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​បាន​ប្រាប់ថា តម្រូវការ​ប្រេង​ត្រូវគេ​រំពឹងថា​នឹង​ងើប​ឡើងវិញ​ បន្ទាប់ពី​ពិភពលោក​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ហើយ​បណ្តា​ប្រទេស​សមាជិក OPEC ក៏មាន​ផែនការ​បង្កើន​ការផលិត​របស់ខ្លួន ដើម្បី​បំពេញ​តម្រូវការ​ប្រេង​ផងដែរ​។

លោក កុសល ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​វិនិយោគិន​លើ​វិស័យ​ប្រេង​បាន​រំពឹងទុក​ថា តម្រូវការ​ប្រេង​នឹង​ងើប​ឡើងវិញ អ៊ីចឹង​គាត់​នឹង​ស្តុក​ប្រេង​ទុក​។ ដូចនេះ ការឡើង​ថ្លៃ​ប្រេង​ក្នុងស្រុក​វា​ទាក់ទង​នឹង​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ ដោយ​តម្លៃ​ប្រេង​ហក់​ឡើងដល់ ៧០ ដុល្លារ ​ក្នុង​ ១ ​បារ៉ែល​នាពេលនេះ​។ ជាធម្មតា​អ្នក​នាំចូល​ទិញ​ប្រេង​តម្លៃ​ដើម​ខ្ពស់ អ៊ីចឹង​គាត់​មិន​លក់​ក្នុង​តម្លៃ​ដើម​ឱ្យ​យើង​បានទេ​»​។

លោក មឿង សុភ័ក្រ ម្ចាស់​ដេប៉ូ TELA នៅ​ខេត្ត​កំពង់ឆ្នាំង​បាន​ឱ្យ​ដឹងថា សម្រាប់​លោក​តម្លៃ​លក់រាយ​ក្រោម​តម្លៃ​កំណត់​របស់​ក្រសួង​គឺ ៣ ៨០០ ​រៀល​ ក្នុង ១ លីត្រ​សម្រាប់​ប្រេងសាំង​ធម្មតា ប្រេងម៉ាស៊ូត ៣ ២០០ រៀល​ និង​សាំង​ស៊ូពែរ ៤ ១០០ ​រៀល​។

លោក​ប្រាប់ថា​៖ «​ចំពោះ​ក្រុមហ៊ុន​គេ​លក់​តាម​តារាង​តម្លៃ​កំណត់​របស់​ក្រសួង រីឯ​ដេប៉ូ​ខ្ញុំ​លក់​ក្នុងតម្លៃ​ក្រោម​ការកំណត់ ព្រោះ​យើង​ចង់បាន​ម៉ូយ​ច្រើន តែ​ចំណេញ​តិច​»៕ LA

វីដេអូ៖