ភ្នំពេញៈ ប្រាសាក់ ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​បោះ​សញ្ញាប័ណ្ណ​នៅលើ​ផ្សារមូលបត្រ​កម្ពុជា​បាន​ចាក់​បញ្ជូល​ដើមទុន​បន្ថែម ៧០ ​លាន​ដុល្លារ​ លើ​ដើមទុន​មាន​ស្រាប់ ២៣០ ​លាន​ដុល្លារ​ ធ្វើឱ្យ​ទុនបម្រុង​សរុប​កើន​ដល់ ៣០០ ​លាន​ដុល្លារ​ ដែល​ជា​ការបង្ហាញ​ពី​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​របស់ខ្លួន​ក្នុង​ការបង្កើន​សេចក្តី​ទុកចិត្ត​ដល់​សាធារណជន​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សម្រាប់​ដើមទុន​ចុះបញ្ជី​ចំនួន ៣០០ ​លាន​ដុល្លារ​នេះ​បាន​ពី​ការចូលរួម​មូលនិធិ​វិនិយោគ​របស់​ភាគទុនិក​ចំនួន​ ៤ ដែល​រួមមាន​ធនាគារ KB Kookmin Bank នៅ​ប្រទេស​កូរ៉េខាងត្បូង ធនាគារ Bank of East Asia (BEA) នៅ​ទីក្រុង​ហុងកុង ក្រុមហ៊ុន Lanka Orix Leasing Company នៅ​ប្រទេស​ស្រីលង្កា និង​ក្រុមហ៊ុន​បុគ្គលិក​ប្រាសាក់​ (PSCo)​។

លោក សាយ សូនី អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ ម.ក បាន​និយាយថា ការចាក់​បញ្ជូល​ដើមទុន​បន្ថែម​នេះ​គឺ​បញ្ជាក់​ឱ្យឃើញថា ស្ថាប័ន​របស់លោក​មាន​ជំហរ​រឹងមាំ ដើម្បី​រក្សា​និរន្តរភាព​នៃ​អត្រាកំណើន​ដ៏ខ្លាំងក្លា​ពី​អតិថិជន​វិនិយោគិន និង​សាធារណជន​។

លោក សូនី បន្ថែមថា​៖ «​ប្រាសាក់ ពិតជា​មាន​ក្ដី​រីករាយ​ជាខ្លាំង​ បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម​អំពី​ការបង្កើន​ដើមទុន​ចុះបញ្ជី​បន្ថែមទៀត​នេះ​។ ការបង្កើន​ដើមទុន​នេះ គឺជា​ការចាំបាច់​ក្នុង​កសាង​ទំនុកចិត្ត​បន្ថែម​ពី​សាធារណជន និង​ដោយសារតែ​អាជីវកម្ម​របស់​ប្រាសាក់​មាន​ការរីកចម្រើន​យ៉ាងខ្លាំង តាមរយៈ​ការផ្តល់​សេវា​ហិរញ្ញវត្ថុ​ដែល​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន ព្រមទាំង​មាន​ភាពទន់ភ្លន់​នៃ​ផលិតផល​ និង​សេវា​ដែល​បាន​ផ្តល់ជូន​អតិថិជន និង​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​»​។

លោក​បញ្ជាក់ថា ការចាក់​បញ្ចូល​ទុន គឺជា​លើក​ទី​៨ ​ហើយ​ចាប់តាំងពី​លើក​ទី​១ ក្នុង ​ឆ្នាំ ​២០០៨ ដែលមាន​ទុន ៣,៧៥ ​លាន​ដុល្លារ ឆ្នាំ​ ២០១២ ចំនួន ២០ ​លាន​ដុល្លារ ឆ្នាំ​ ២០១៤ ចំនួន ៤៧ ​លាន​ដុល្លារ ឆ្នាំ​ ២០១៥ ចំនួន ៧២ ​លាន​ដុល្លារ ឆ្នាំ ២០១៦ ចំនួន ១១០ ​លាន​ដុល្លារ ឆ្នាំ ២០១៩ ចំនួន ១៦៨ ​លាន​ដុល្លារ ឆ្នាំ​ ២០២០ ចំនួន ២៣០ ​លាន​ដុល្លារ និង​ចុងក្រោយ​ឆ្នាំ ២០២១ ចំនួន ៧០ ​លាន​ដុល្លារ​។

លោក​បន្ថែមថា​៖ «​យើងខ្ញុំ​សង្ឃឹមថា អតិថិជន​នឹងមាន​ភាពកក់ក្តៅ និង​មាន​ទំនុកចិត្ត​កាន់តែ​ច្រើន​បន្ថែម​ទៀត​មកលើ​ប្រាសាក់​។ ស្ថានភាព​ដ៏រឹងមាំ​ផ្នែក​សន្ទនីយភាព​ និង​មូលធន គឺ​ធានាបាន​ថា ប្រាសាក់​នឹង​ឆ្លងកាត់​ដោយ​ជោគជ័យ​លើ​បញ្ហា​ទាំងឡាយ​ដែល​កើត​ពី​ការផ្លាស់ប្ដូរ​ក្នុង​បរិយាកាស​ប្រតិបត្តិការ ដូចជា​ស្ថានភាព​ជំងឺ​កូវីដ​ដែល​កំពុង​បន្ត​កើតមាន​នេះ​ជាដើម​»​។

ទ្រព្យសកម្ម​របស់​ប្រាសាក់​សរុប​នៅ​ដំណាច់ត្រីមាស​ទី​១ ឆ្នាំ​ ២០២១ មាន​ ៣,៧៤ ​ពាន់​លាន​ដុល្លារ សម្ពៀត​ឥណទាន​សរុប​មាន​ចំនួន ៣,២២ ពាន់​លាន​ដុល្លារ សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សរុប​បាន​កើនឡើង​ដល់ ២,១៥ ពាន់​លាន​ដុល្លារ​អាមេរិក​៕ LA