ភ្នំពេញៈ ធនាគារ​ពិភពលោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង ៤ ​ភាគរយ​ក្នុង​ឆ្នាំ ​២០២១ ដោយសារតែ​ការចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ដ៏​រហ័ស និង​ការស្ទុះ​ងើបឡើង​វិញ​តម្រូវការ​ពិភពលោក​។

ប៉ុន្តែ​ធនាគារ​មួយ​នេះ​ក៏បាន​ព្រមាន​ថា ខ្លួន​ក៏បាន​ពិនិត្យ​មើលឃើញ​នូវ​សេណារីយោ​អវិជ្ជមាន​ផងដែរ ដែល​ក្នុងនោះ​អាច​ថា កម្មវិធី​ចាក់​វ៉ាក់សាំង​មាន​ភាពយឺតយ៉ាវ ហើយ​វិធាន​ការបិទខ្ទប់​ទូទាំង​ប្រទេស​នៅតែ​មាន​ជា​ញឹកញាប់ និង​អូស​បន្លាយពេល​យូរ​។ ក្រោម​លក្ខខណ្ឌ​បែបនេះ សេដ្ឋកិច្ច​តាម​ការព្យាករ​នឹងមាន​កំណើន​តែ ១ ​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​ ២០២១ នេះ​។

យោង​តាម​ការធ្វើ​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ចុងក្រោយ​បំផុត​របស់​ធនាគារ​ពិភពលោក​សម្រាប់​ប្រទេស​កម្ពុជា​ដែល​បាន​ធ្វើឡើង​តាម​វីដេអូ​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១៧ ខែមិថុនា ឆ្នាំ​ ២០២១ ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ស្ទុះ​ងើបឡើង​វិញ​ជា​បណ្ដើរៗ និង​ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង ៤ ​ភាគរយ​ក្នុង​ឆ្នាំ ២០២១ ​បន្ទាប់ពី​ធ្លាក់ចុះ​ ៣,១ ​ភាគរយ​កាលពី ឆ្នាំ​ ២០២០​។

ទោះយ៉ាងណា​ការស្ទុះ​ងើបឡើង​វិញ​នេះ​នៅតែ​មិន​ស្មើគ្នា និង​ការប្រែប្រួល​ដោយសារតែ​មួយផ្នែក​នៃ​ការបិទខ្ទប់​ក្នុងស្រុក​ជាថ្មី​ ដើម្បី​គ្រប់គ្រង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ នេះ​បើ​យោងតាម​ដំណើរ​ផ្លូវ​ដើម្បី​ការស្ទុះ​ងើបឡើង​វិញ ដែលជា​ការធ្វើ​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ចុងក្រោយ​បំផុត​របស់​ធនាគារ​ពិភពលោក​សម្រាប់​ប្រទេស​កម្ពុជា​។

«​ចក្ខុវិស័យ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែ​មិន​ច្បាស់លាស់​ខ្លាំង ជាមួយ​នឹង​ការកើតឡើង និង​ល្បឿន​នៃ​ការស្ទុះងើប​ឡើងវិញ​ភាគច្រើន​ពឹង​ផ្អែកលើ​ស្ថានភាព​នៃ​វីរុស និង​ល្បឿន​ការចាក់វ៉ាក់សាំង​អាច​ចាប់ផ្ដើម​ដំណើរការ​»​។ នេះ​បើតាម​ធនាគារ​ពិភពលោក​។

លោក Ly Sodeth សេដ្ឋវិទូ​ជាន់ខ្ពស់​នៅ​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​នៅពេល​ការធ្វើ​បទបង្ហាញ​ក្នុង​សន្និសីទ​ព័ត៌មាន​ថា ការនាំចេញ​ទំនិញ​ត្រូវបាន​ផ្លាស់ប្តូរ ដោយ​កើន ១២,២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​ក្នុង​អំឡុង​ពី​ខែមករា ដល់​ខែ​មេសា ឆ្នាំ​ ២០២១ ឬ ៣១,៨ ​ភាគរយ​ក្នុង​ខែមេសា ឆ្នាំ​ ២០២១ ធៀប​ខែមេសា ឆ្នាំ​ ២០២០ ខណៈ​ដែល​តម្រូវការ​ខាងក្រៅ​បាន​កើនឡើង​។

ការធ្លាក់ចុះ​ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​ (GFT) ​មួយ​ផ្នែក​ត្រូវបាន​ប៉ះប៉ូវ​ដោយ​ការកើនឡើង​គ្រឿងបន្លាស់​រថយន្ត គ្រឿង​អេឡិចត្រូនិក​កង់ កសិកម្ម និង​ការនាំចេញ​ផ្សេងៗ​ទៀត​ដែល​បាន​ជំរុញ​មួយផ្នែក​ដោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន​។

យោងតាម​លោក Sodeth ចំណែក​នៃ​ការនាំចេញ​សម្លៀកបំពាក់​ក្នុង​ការនាំចេញ​ទំនិញ​សរុប​បាន​ធ្លាក់​ចុះមក​នៅត្រឹម ៤៥,៦ ​ភាគរយ​នៅ​រយៈពេល​ ៤ ​ខែ​ដំបូង​ឆ្នាំ​ ២០២១ ដោយ​ធ្លាក់ចុះ​ពី​ ៥២,២ ​ភាគរយ​កាលពី​ឆ្នាំ​ ២០២០ ​និង​ ៥៧,៦ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៩​។

លោក​បន្តថា អាមេរិក​ជា​ទីផ្សារ​ឈានមុខ​គេ​សម្រាប់​ការនាំចេញ GFT របស់​កម្ពុជា​ដែល​បាន​កើនឡើង​ដល់ ៣,៥ ​ពាន់​លាន​ដុល្លារ ឬ ៣,៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​ចំនួន ៣៦,៧ ​ភាគរយ​នៃ​ការនាំចេញ GFT ​សរុប​កាលពី​ឆ្នាំមុន​។ ផ្ទុយទៅវិញ​ការនាំចេញ GFT ទៅ​អឺរ៉ុប​បាន​ធ្លាក់ចុះ​ខ្លាំង​ដោយ​ធ្លាក់ចុះ ៣៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន មក​នៅត្រឹម ២,៦ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ២៧,៥ ​ភាគរយ​នៃ​ការនាំចេញ GFT សរុប​។

លោកស្រី Inguna Dobraja នាយក​ប្រចាំ​ប្រទេស​នៃ​ធនាគារ​ពិភពលោក​ទទួលបន្ទុក​ប្រទេស​កម្ពុជា​បាន​ថ្លែងថា​៖ «​ដូច​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​តំបន់ កម្ពុជា​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​តែ​វិបត្តិ​តម្រូវការ​លើ​ពិភពលោក​ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩​។ ប៉ុន្តែ​ព័ត៌មាន​ល្អ គឺថា កម្ពុជា​នៅពេល​នេះ​បាន​ចាក់​វ៉ាក់សាំង​ប្រជាជន ៣ ​លាន​នាក់​ជា​អត្រា​មួយ​ខ្ពស់បំផុត​នៅក្នុង​តំបន់​»​។

លោកស្រី​បន្តថា​៖ «​ធនាគារ​ពិភពលោក​កំពុង​ធ្វើការងារ​ជាមួយ​កម្ពុជា ដើម្បី​ផ្ដល់​ការគាំទ្រ​បន្ថែម​ ដើម្បី​ប្រឆាំង​ការរីករាលដាល​ជំងឺ និង​ជួយ​ដល់​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​សង្គម​ប្រកប​ដោយ​ភាពធន់​របស់​កម្ពុជា​»៕LA