ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន (MPWT) រំពឹងថា កម្ពុជា​នឹង​អាច​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ (PPLC )នៅ​ឆ្នាំក្រោយ។

ការលើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ (Stakeholder Consultation) ស្តីពី​ការរៀបចំ​ផែនការមេ​ស្តីពី «ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ និង​ភ័ស្តុភារកម្ម» ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​មុននឹង​ដាក់​ឆ្លងទៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ពិនិត្យ​ និង​សម្រេច​កាលពី​ថ្ងៃទី ១៧ ខែ​មិថុនា ឆ្នាំនេះ។

លោក ស៊ុន ចាន់ថុល ថ្លែង​ថា៖ «យើង​សង្ឃឹមថា​ក្នុង​ឆ្នាំ ២០២២ ខាងមុខ​នៅពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន យើង​អាច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​ជាមួយ​ក្រុមហ៊ុន YCH របស់​សិង្ហបុរី​ និង​ឈានទៅ​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ​នេះ​បាន»។

កាលពី​ថ្ងៃទី ៤ ខែ​មីនា ឆ្នាំ ២០២១ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ជាមួយ​ក្រុមហ៊ុន​ YCH ដែលមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន Infrastructure Asia (IA) ដើម្បី​សិក្សា​គម្រោង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ​ក្នុង​រយៈពេល ៩ ខែ​ដើម្បី​ឈានទៅរក​ការចរចា​កិច្ចព្រមព្រៀង​សម្បទាន ដើម្បី​អនុវត្ត​គម្រោង​នេះ។

កិច្ចពិភាក្សា​នេះ​បាន​ផ្តោត​ទៅ​លើ​ការច្របាច់​បញ្ចូល​គ្នា​នូវ​ផែនការមេ ២ គឺ​ផែនការមេ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស និង​ផែនការមេ​ដឹកជញ្ជូន​ពហុមធ្យោបាយ និង​ភ័ស្តុភារកម្ម ដើម្បី​ឱ្យមាន​ភាពគ្រប់​ជ្រុងជ្រោយ និង​អាច​យកទៅ​អនុវត្តបាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការទាក់ទាញ​ការវិនិយោគ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។

លោក​ថ្លែង​ទៀតថា៖ «យើង​នឹង​កោះប្រជុំ​គណៈកម្មាធិកា​ជាតិ​ភ័ស្តុភារកម្ម​នៅ​សប្តាហ៍​ក្រោយ មុននឹង​ដាក់​ទៅ​គណៈរដ្ឋមន្ត្រី ដើម្បី​ស្នើសុំ​ការអនុម័ត​លើ​ផែនការមេ​ស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ និង​ភ័ស្តុភារកម្ម»។

នៅ​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២០ ទាំង MPWT និង YCH បានចាប់ផ្តើម​ការពិភាក្សា​លើ​គម្រោង PPLC នេះ​ដែលមាន​ទីតាំង​នៅលើ​ដី ៩៨ ហិកតា​ក្នុង​ឃុំ​សំរោងក្រោម ខណ្ឌដង្កោ នៅ​ប៉ែក​ខាងលិច​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ៕