ភ្នំពេញៈ ភ្ញៀវទេសចរ​ជនជាតិ​ថៃ​ឈរ​នៅ​លំដាប់​ទី ១ ដែលមាន​ចំនួន​ជាង ៤ ម៉ឺន​នាក់​ទស្សនា​ប្រទេស​កម្ពុជា ខណៈ​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ឈរ​នៅ​លំដាប់​ទី ២ មាន​ចំនួន ២,៥ ម៉ឺន​នាក់ ក្នុង​រយៈពេល ៤ ខែ​ដំបូង ឆ្នាំ ២០២១។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួង​ទេសចរណ៍​ដែល​ទើបនឹង​ចេញ​ផ្សាយ​ថ្មីៗ​នេះ។

ទិន្នន័យ​នេះ​បង្ហាញ​ថា ចាប់ពី​ខែមករា ដល់ ខែមេសា ឆ្នាំនេះ​ប្រទេស​កម្ពុជា​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​សរុប ៨២ ៨៣៩ នាក់ ធ្លាក់ចុះ ៩៣ ភាគរយ ធៀប​នឹង​ឆ្នាំ ២០២០ មាន​ចំនួន ១ ១៦០ ០៦៧ នាក់។

ទិន្នន័យ​នេះ​ឱ្យ​ដឹងទៀតថា ក្នុងនោះ​ភ្ញៀវទេសចរ​ជនជាតិ​ថៃ​មាន​ចំនួន ៤១ ៧៩៤ នាក់ ចិន ២៥ ៩៨៦ នាក់ វៀតណាម ៤ ៨១៤ នាក់ និង​ឥណ្ឌូនេស៊ី ២ ៩៣៣ នាក់ ព្រមទាំង ភ្ញៀវទេសចរ​អន្តរជាតិ​មួយចំនួន​ទៀត រួមមាន កូរ៉េ តៃវ៉ាន់ អាមេរិក ម៉ាឡេស៊ី ជប៉ុន និង​បារាំង។

គ្រឹះស្ថាន​អង្គរ​ដែល​គ្រប់គ្រង​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បាន​រកចំណូល​បាន​ចំនួន ១៩៧ ២០៨ ដុល្លារ​ក្នុង​រយៈពេល ៥ ខែ​ដើមឆ្នាំ ២០២១ ធ្លាក់ចុះ ៩៨,៩១ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន៕

វីដេអូ៖