ភ្នំពេញ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ទិន្នន័យ​គយ​ជំនាន់​ថ្មី ដើម្បី​ជំរុញ​ការ​បំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​កាន់​តែ​មាន​ប្រសិទ្ធភាព​សម្រាប់​ធុរជន។

សេចក្តី​ជូន​ដំណឹង​បាន​ផ្សាយ​កាល​ពី​ថ្ងៃទី ១៧ មិថុនា ឱ្យ​ដឹង​ថា ដើម្បី​ចូលរួម​លើក​កម្ពស់​បន្ថែម​ទៀត​នូវ​ប្រសិទ្ធភាព​នៃ​កិច្ចការ​សម្រួល​ពាណិជ្ជកម្ម​ឱ្យ​ស្រប​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា បាន​រៀបចំ​រួចរាល់​នូវ​ការ​ធ្វើ​វិសិដ្ឋកម្ម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ទិន្នន័យ​គយ (អាស៊ីគូដា) ជំនាន់ ៤.៣.៣ សម្រាប់​បម្រើ​ឱ្យ​ការ​បំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ។

ក្នុង​ន័យ​នេះ អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​សម្រេច​ដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ទិន្នន័យ​ជំនាន់ ៤.៣.៣ ចាប់​ពី​ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២១ តទៅ។

សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា៖ «អាស្រ័យ​ហេតុ​នេះ សូម​សាធារណជន ពិសេស​ធុរជន​ពាក់ព័ន្ធ​ទាំង​អស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​សហការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព»។

ការ​ប្រមូល​ចំណូល​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២១ សម្រេច​បាន ៦១៤,៨ លាន​ដុល្លារ ធ្លាក់ចុះ ១៥,២ ភាគរយ បើធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០២០។ នេះ​បើ​យោង​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

លទ្ធផល​នៃ​ការ​ប្រមូល​ចំណូល​ក្នុង​ត្រីមាស​ទី១ នេះ គឺ​សម្រេច​បាន ២៦ ភាគរយ នៃ​ផែនការ​ឆ្នាំ​ដែល​កំណត់​ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២១៕