The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការនាំចូល​សាច់ និង​ទំនិញ​បង្កក​ពី​ឥណ្ឌា​ ត្រូវបាន​អនុញ្ញាត​ឡើងវិញ




ការនាំចូល​សាច់ និង​ទំនិញ​បង្កក​ពី​ឥណ្ឌា​ ត្រូវបាន​អនុញ្ញាត​ឡើងវិញ

Content image - Phnom Penh Post
សាច់គោ​ដែល​ត្រូវបាន​បង្កក​រួចរាល់​។ រូបថត សហការី

ការនាំចូល​សាច់ និង​ទំនិញ​បង្កក​ពី​ឥណ្ឌា​ ត្រូវបាន​អនុញ្ញាត​ឡើងវិញ

ភ្នំពេញៈ កម្ពុជា​បាន​សម្រេច​លើក​ចេញ​នូវ​បម្រាម​នាំចូល​សាច់​បង្កក និង​មុខទំនិញ​បង្កក​ ដែល​អាចមាន​ហានិភ័យ​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា បន្ទាប់ពី​បាន​ពិនិត្យឃើញ​ថា ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៅ​ប្រទេស​ឥណ្ឌា​ មាន​ភាពធូរស្រាល និង​លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើ​សាច់​បង្កក​នាំចូល​ពី​ឥណ្ឌា​កន្លងមក គឺ​អវិជ្ជមាន​មេរោគ​កូវីដ​ ១៩ ទាំងអស់​។

កំណើន​នៃ​ការរកឃើញ​អ្នកមាន​វិជ្ជមាន​កូវីដ​ ១៩ នៅ​ប្រទេស​ឥណ្ឌា​កាលពី​អំឡុង​ខែមេសា និង​ឧសភា ដែល​មាន​ប្រមាណ​ចន្លោះ​ពី​ ៣០-៤០ ​ម៉ឺន​នាក់​​ក្នុង​ ១ ​ថ្ងៃ​បាន​បង្ខំ​ឱ្យ​កម្ពុជា​ប្រកាស​ហាមឃាត់​លើ​ការ​នាំចូល​សាច់​កក និង​ទំនិញ​កក​ផ្សេងទៀត​ ដែល​បាន​ចាត់ទុកថា «​ហានិភ័យ​ខ្ពស់​» មាន​ប្រភពពី​ប្រទេស​ឥណ្ឌា ដើម្បី​ទប់ស្កាត់​ការរីករាលដាល​កូវីដ​ ១៩ ចាប់តាំងពី​ថ្ងៃទី​ ១ ខែ​ឧសភា មក​។

លិខិត​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៩ ខែមិថុនា ឱ្យដឹងថា យោងតាម​ស្ថានភាព​ធូរស្រាល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៅ​ប្រទេស​ឥណ្ឌា និង​លទ្ធផល​អវិជ្ជមាន​នៃ​ការធ្វើ​តេស្ត​លើ​សាច់​បង្កក​កន្លងមក រាជរដ្ឋាភិបាល​សម្រេច​លើកលែង​បម្រាម​លើ​ការនាំចូល​សាច់​បង្កក និង​មុខទំនិញ​បង្កក ដែល​អាចមាន​ហានិភ័យ​ផ្សេងទៀត​មាន​ប្រភព​មកពី​ឥណ្ឌា ដោយ​ដាក់​មក​ជំនួស​វិញ​នូវ​វិធានការ​បណ្តោះអាសន្ន​មួយចំនួន​។

វិធានការ​ទាំងនោះ​មានដូចជា គ្រប់​ការនាំចូល​សាច់​បង្កក និង​មុខទំនិញ​បង្កក​ដែល​អាច​មាន​ហានិភ័យ គឺ​តម្រូវ​ឱ្យ​មាន​វិញ្ញាបនបត្រ ឬ​លិខិត​បញ្ជាក់បន្ថែម​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ប្រទេស​ដើមកំណើត​ទំនិញ ដែល​បញ្ជាក់ថា គ្មាន​វីរុស​កូវីដ​ ១៩ ​លើ​សាច់​បង្កក និង​នៅពេល​ទំនិញ​មកដល់ តម្រូវឱ្យ​យក​សំណាក​ធ្វើតេស្ត​រក​វីរុស​កូវីដ​ ១៩ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា មុនពេល​អនុញ្ញាត​ឱ្យ​បំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​។

ទោះយ៉ាងណា​លិខិត​បាន​លើកឡើង​ថា​៖ «​យោងតាម​ពេលវេលា និង​ការវិវត្ត​ជាក់ស្តែង ការអនុវត្ត​លក្ខខណ្ឌ​ទាំង ២ អាច​នឹងត្រូវ​បន្ធូរបន្ថយ ឬ​ដកចេញ​ទាំងស្រុង ដោយ​ផ្អែកលើ​ស្ថានភាព​ធូរស្រាល​នៃ​ការរីករាលដាល​កូវីដ​ ១៩ នៅ​ប្រទេស​នាំចេញ និង​លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើ​សាច់​បង្កក​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បើ​រកឃើញ​ថា អវិជ្ជមាន​ជា​បន្តបន្ទាប់​»​។

យោងតាម https://www.worldometers.info/ គិត​ត្រឹម​ថ្ងៃទី​ ១៩ ខែមិថុនា ឆ្នាំ​ ២០២១ ប្រទេស​ឥណ្ឌា​បាន​កត់ត្រា​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ សរុប ២៩ ៨៨១ ៣៥២​ នាក់​ក្នុងនោះ​មាន​អ្នកស្លាប់ ៣៨៦ ៧៤០ ​នាក់​។ ក្នុង​ថ្ងៃទី​ ១៩ អ្នកជំងឺ​កូវីដ​ ១៩ ចំនួន ៥៨ ៥៨៨ ​នាក់​ត្រូវបាន​រកឃើញ​។

ការសម្រេច​លើក​ចេញ​បម្រាម​នាំចូល​សាច់​បង្កក និង​មុខទំនិញ​បង្កក​ពី​ប្រទេស​ឥណ្ឌា ​នេះ ​ក៏​ជា​ការឆ្លើយតប​នឹង​សំណើ​របស់​លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ដែល​បានលើកឡើង​ក្នុងជំនួប​ជាមួយ​រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពី​ថ្ងៃទី​ ៣ ខែមិថុនា​។

កម្ពុជា​បាន​នាំចូល​សាច់​ក្របី​តម្លៃ ១៧,៧ ​លាន​ដុល្លារ ពី​ឥណ្ឌា​កាលពី​ឆ្នាំ​ ២០២០ កើនឡើង ១៧០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩៕ LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍