ភ្នំពេញៈ រដ្ឋាភិបាល​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ​ (PPLC) ​នៅ​ឆ្នាំក្រោយ ដែលជា​ការតភ្ជាប់​វិស័យ​ដឹកជញ្ជូន​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក​។

ការបង្ហើប​ពី​ផែនការ​នេះ​ត្រូវធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ការរៀបចំ​ផែនការមេ​ «​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ និង​ភ័ស្តុភារកម្ម​» ​កាលពី​ថ្ងៃទី​ ១៧ ខែមិថុនា ឆ្នាំនេះ​។

ក្នុង​ជំនួប​នេះ លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា ការពិគ្រោះ​យោបល់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​មុននឹង​ដាក់​ឆ្លងទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ពិនិត្យ និង​សម្រេច​ដោយ​លោក​បង្ហាញ​ក្តី​សង្ឃឹមថា កម្ពុជា​នឹង​អាច​បើក​ការដ្ឋាន​សាងសង់ PPLC នៅ​ឆ្នាំ ២០២២​។

លោក​បាន​ថ្លែងថា​៖ «​យើង​សង្ឃឹមថា ក្នុង​ឆ្នាំ​ ២០២២ ​ខាងមុខ​នៅពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន យើង​អាច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​ជាមួយ​ក្រុមហ៊ុន YCH របស់​សិង្ហបុរី និង​ឈានទៅ​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ​នេះ​បាន​»​។

នៅ​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ ទាំង​ក្រសួង​សាធារណការ និង YCH បានចាប់ផ្តើម​ការពិភាក្សា​លើ​គម្រោង PPLC នេះ​ដែលមាន​ទីតាំង​នៅលើ​ដី ៩៨ ហិកតា នៅក្នុង​ឃុំ​សំរោងក្រោម ខណ្ឌ​ដង្កោ នៅ​ប៉ែក​ខាងលិច​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

លោក ស៊ុន ចាន់ថុល បានឱ្យ​ដឹង​ទៀតថា ការពិភាក្សា​គ្នា​នេះ​បាន​ផ្តោត​ទៅ​លើ​ការច្របាច់​បញ្ចូល​គ្នា​នូវ​ផែនការមេ ២ ​គឺ ផែនការមេ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស និង​ផែនការមេ​ដឹកជញ្ជូន​ពហុមធ្យោបាយ និង​ភ័ស្តុភារកម្ម​ ដើម្បី​ឱ្យមាន​ភាពគ្រប់​ជ្រុងជ្រោយ និង​អាច​យក​ទៅ​អនុវត្តបាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុងការ​ទាក់ទាញ​ការវិនិយោគ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

លោក​បន្តថា​៖ «​យើង​នឹង​កោះប្រជុំ​គណៈកម្មាធិការ​ជាតិ​ភ័ស្តុភារកម្ម​នៅ​សប្តាហ៍​ក្រោយ មុននឹង​ដាក់​ទៅ​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​លើ​ផែនការ​មេ​ស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ និង​ភ័ស្តុភារកម្ម​»​។

កាលពី​ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ជាមួយ​ក្រុមហ៊ុន YCH ដែលមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​ Infrastructure Asia (IA) ​ដើម្បី​សិក្សា​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ​ក្នុង​រយៈពេល​ ៩ ​ខែ ដើម្បី​ឈាន​ទៅ​រក​ការចរចា​កិច្ចព្រមព្រៀង​សម្បទាន​ ដើម្បី​អនុវត្ត​គម្រោង​នេះ​៕ LA