ភ្នំពេញៈ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ​ (​អាស៊ីគូដា​) ​ជំនាន់​ថ្មី ៤.៣.៣ ដែល​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​ត្រូវ​រំពឹងថា នឹង​ជួយ​ឱ្យ​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ កាន់តែ​ងាយស្រួល ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​សម្រាប់​កិច្ចសម្រួល​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។

បើ​យោងតាម​លិខិត​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​ចុះ​កាលបរិច្ឆេទ​នា​ថ្ងៃទី​ ១៧ ខែមិថុនា ឱ្យដឹងថា ដើម្បី​ចូលរួម​លើកកម្ពស់​បន្ថែមទៀត​នូវ​ប្រសិទ្ធភាព​នៃ​កិច្ចការ​សម្រួល​ពាណិជ្ជកម្ម​ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានរៀបចំ​រួចរាល់​នូវ​ការធ្វើ​វិសិដ្ឋកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ​ (​អាស៊ីគូដា​) ជំនាន់ ៤.៣.៣ សម្រាប់​បម្រើឱ្យ​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​។

លិខិត​បាន​បន្តថា អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា សម្រេច​ដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​ជំនាន់ ៤.៣.៣ ចាប់ពី​ថ្ងៃទី​ ២១ ខែមិថុនា ឆ្នាំ​ ២០២១ តទៅ​។

លោក ប៉ាត់ ចំណាន ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Super App Technology Plc.​​ ដែលជា​ក្រុមហ៊ុន​ជំនាញ​ផ្នែក​ដឹកជញ្ជូន និង​បច្ចេកវិទ្យា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២០ ខែមិថុនា​ថា សព្វថ្ងៃ​រដ្ឋាភិបាល​កំពុង​ធ្វើ​កិច្ចការ​ជាច្រើន​ ដើម្បី​វិវឌ្ឍ​ខ្លួន​ឱ្យស្រប​តាម​បរិបទ​នៃ​ការរីកចម្រើន​នៃ​សម័យ​បច្ចេកវិទ្យា តាមរយៈ​ការធ្វើ​បច្ចុប្បន្នភាព​លើ​គ្រប់​ទម្រង់​នៃ​បែបបទ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម​ទាំង​ក្នុង​កម្រិត​ជាតិ និង​អន្តរជាតិ ដើម្បី​បង្កើន​សមត្ថភាព​នាំចេញ នាំចូល និង​ការប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​។

លោក​បន្តថា ទោះបី​លោក​មិនទាន់​ថា ការធ្វើ​វិសិដ្ឋកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ​ (​អាស៊ីគូដា​) ជំនាន់ ៤.៣.៣ សម្រាប់​បម្រើឱ្យ​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ២១ ខែមិថុនា ឆ្នាំ ២០២១ នឹងមាន​លក្ខណៈ​ខុសប្លែក​អ្វីខ្លះ​ពី​ការអនុវត្ត​កន្លងមក ប៉ុន្តែ​លោក​ជឿថា ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ​ (​អាស៊ីគូដា​) ជំនាន់ ៤.៣.៣ ថ្មី​នេះ​នឹង​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស​ជាង​អ្វីដែល​បាននិង​កំពុង​អនុវត្ត​។

លោក​អះអាងថា​៖ «​ខ្ញុំ​គិតថា ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ នឹង​ជួយ​ឱ្យ​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​កាន់តែ​មាន​ប្រសិទ្ធភាព​ឆាប់រហ័ស និង​មិន​មាន​ភាពស្មុគស្មាញ​»​។

លោក​លើកឡើង​ទៀតថា នៅពេល​នីតិវិធី​កាន់តែ​ងាយស្រួល​នឹង​ធ្វើឱ្យ​តម្លៃ​ផលិតផល និង​រយៈពេល​បញ្ជូន​ទំនិញ​ពី​កន្លែង​ ១ ទៅ​កន្លែង​ ១ ​ទៀត​ធ្លាក់ចុះ​ទាប​ជាង​មុន​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ឱ្យ​ដឹងថា ការប្រមូល​ចំណូល​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ ២០២១ សម្រេចបាន ៦១៤,៨ ​លាន​ដុល្លារ ធ្លាក់ចុះ ១៥,២ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

កាលពី​ឆ្នាំ​ ២០២០ កម្ពុជា​ប្រមូល​ចំណូល​ពន្ធគយ​សរុប​បាន​ប្រមាណ ២ ៤១៩ ​លាន​ដុល្លារ ខណៈ​ចំណូល​ពន្ធគយ​សរុប​នៅ​ឆ្នាំ​ ២០១៩ មាន​ចំនួន ៣ ២០០ ​លាន​ដុល្លារ​៕ LA