ភ្នំពេញៈ កាលពី​ថ្ងៃទី​ ១៨ ខែមករា ឆ្នាំ​ ២០២១ កម្ពុជា​បានប្រកាស​ជា​ផ្លូវការ​នូវ «​យុទ្ធសាស្ដ្រ​ការទូត​សេដ្ឋកិច្ច​ (EDS) ​សម្រាប់​ឆ្នាំ​ ២០២១-២០២៣» ​ជា​ក្របខ័ណ្ឌ​ការងារ​សម្រាប់​គំនិត​ផ្តួចផ្ដើម​ការទូត និង​វប្បធម៌​នៅពេល​អនាគត​។

តាមរយៈ​ការទូត​សេដ្ឋកិច្ច កម្ពុជា​សង្ឃឹម​ថា​នឹង​អាច​ធ្វើឱ្យ​មាន​និរន្តរភាព​សក្ដានុពល​សេដ្ឋកិច្ច និង​ភាពធន់​របស់ខ្លួន​ព្រមទាំង​លើកកម្ពស់​កិត្យានុភាព​ និង​វត្តមាន​របស់ខ្លួន​នៅលើ​ឆាក​អន្តរជាតិ​។

ជាមួយគ្នានេះ ការអនុវត្ត​សេដ្ឋកិច្ច​ការទូត​របស់​កម្ពុជា​នឹង​ពង្រឹង និង​លើកកម្ពស់​គោលនយោបាយ​ការបរទេស​ ដើម្បី​ការពារ​អត្ថប្រយោជន៍​ជាតិ​ដ៏សំខាន់​របស់ខ្លួន​តាមរយៈ​ការធានា​នូវ​វិបុលភាព​សេដ្ឋកិច្ច​ផ្ទាល់​របស់ខ្លួន​។

លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​បាន​ធ្វើ​បទសម្ភាស​តាមរយៈ​វីដេអូ​ជាមួយ​លោក ម៉ៃ គុណមករា ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៅ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ អំពី​យុទ្ធសាស្ដ្រ​នេះ​ថា តើ​តួនាទី​របស់លោក​នឹង​ដើរតួនាទី​យ៉ាងណា​ក្នុងការ​រួមចំណែក​ដល់​ការអនុវត្ត​នូវ EDS? ​តើ EDS អាច​ទាក់ទាញ​ការវិនិយោគ​កាន់តែ​ច្រើន​មក​ក្នុងប្រទេស​កម្ពុជា​យ៉ាងដូចម្ដេច​?

តើ​លោក​អាច​ចែករំលែក​នូវ​ទស្សនៈ​របស់​លោក​ជុំវិញ​គំនិត​ផ្តួចផ្ដើម​នេះ​ដូចម្ដេចខ្លះ​? ហេតុអ្វី​បាន​ជា​លោក​យល់ឃើញ​ថា​វា​មាន​សារៈសំខាន់​?

ពិត​ហើយ​គំនិត​ផ្តួចផ្តើម​ស្ដីពី​ «​ការទូត​សេដ្ឋកិច្ច​» ​មាន​សារៈសំខាន់​ខ្លាំងណាស់ និង​មាន​ហេតុផល​សម្រាប់​អ្នកការទូត និង​ភាគី​ពាក់ព័ន្ធ​របស់​កម្ពុជា​។ វា​ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​កាលពី​ឆ្នាំ​ ២០១៨ ដោយ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ដ្រី ប្រាក់ សុខុន ដោយមាន​ការគាំទ្រ​យ៉ាង​ពេញលេញ​ពី​សម្ដេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

ដើម្បី​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិភាព​ «​យុទ្ធសាស្ដ្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​ ២០២១-២០២៣» ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ដើម​ឆ្នាំ​នេះ​ជា​គម្រោង​សាកល្បង​។ បន្ទាប់មក​យើង​មាន​កិច្ចប្រជុំ​តាម​អនឡាញ​ ២ ​ត្រូវ​បាន​រៀបចំឡើង​ដោយ​ក្រុម​សម្របសម្រួល​ការទូត​សេដ្ឋកិច្ច​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា​ (MFAIC) ​ដើម្បី​បង្កើន​ការយល់ដឹង និង​ផ្ដល់ឱកាស​ដ៏ល្អ​បំផុត​សម្រាប់​វិស័យ​សាធារណៈ​យល់​ដឹង​ពី​បេសកកម្ម​របស់​កម្ពុជា​នៅ​បរទេស និង​វិស័យ​ឯកជន​ ដើម្បី​ចូលរួម​។

មាន​ការងារ​ចាំបាច់​ជាច្រើន​ដែល​ត្រូវធ្វើ ជាពិសេស​ការកសាង​សមត្ថភាព​ដល់​ក្រុម​មន្ដ្រីការទូត និង​មន្ដ្រី​រដ្ឋាភិបាល​ ដើម្បី​លើកកម្ពស់​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​ឯកជន និង​ការកែលម្អ​ចំណុច​គោល និង​ការចែករំលែក​ព័ត៌មាន​។

សំខាន់​ជាងនេះទៀត​គោលបំណង​នៃ​គំនិត​ផ្តួចផ្ដើម​លើកដំបូង​នេះ​នឹង​រួមចំណែក​ដល់​ការសម្រេច​បាន​ចក្ខុវិស័យ​ក្នុង​ការក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យមកម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៥០​។ ទោះយ៉ាងណា​ដំណើរ​ផ្លូវ​ដើម្បី​សម្រេចបាន​ទិសដៅ​ប្រកប​ដោយ​មហិច្ឆតា​ទាំងនេះ​នៅមាន​ភាព​ទូលំទូលាយ និង​ពិបាក​ដែល​តម្រូវ​ឱ្យ​មាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងចំណោម​អ្នកការទូត​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​។

តើ​លោក​កំពុង​រៀបចំ​ផែនការ​អ្វីខ្លះ​ ដើម្បី​លើកកម្ពស់​ការអនុវត្ត​នេះ​ឱ្យមាន​ប្រសិទ្ធភាព​?

ជាការពិត​ណាស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​បានរួម​ចំណែក​ក្នុង​ការអនុវត្ត​គំនិត​ផ្ដួចផ្ដើម​នេះ​តាំងពី​ឆ្នាំ ២០១៩​។ យើង​បន្ត​ចូលរួម​ជាមួយ​សហគមន៍​អាជីវកម្ម​នៅ​ប្រទេស​ថៃ​ ដើម្បី​ពន្យល់ និង​ចែករំលែក​ទស្សនៈ​របស់​យើង​ក្នុង​ការលើកកម្ពស់​ពាណិជ្ជកម្ម​អន្តរជាតិ ការវិនិយោគ​ទេសចរណ៍ និង​វប្បធម៌ និង​កីឡា​។ ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​ដោយ​ប្រសិទ្ធភាព ក្រុមការងារ​របស់​ស្ថានទូត ពិសេស​អនុព័ន្ធពាណិជ្ជកម្ម និង​លេខាធិការ​ទី ១ បាន​ជួយ​ខ្ញុំ​ក្នុង​ការរៀបចំ​របៀបវារៈ​នៃ​កម្មវិធី​ផ្សព្វផ្សាយ និង​សកម្មភាព​ដែល​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត​។

លើសពីនេះ យើង​ក៏​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​ (CBC) ​នៅ​ទីក្រុង​បាងកក កាលពី​ខែ​មុន​ ដើម្បី​ប្រតិបត្តិការ​ជា​ទីកន្លែង​ថ្មី​មួយ​គាំទ្រ​ដល់​ការអនុវត្ត​យុទ្ធសាស្ត្រ​នេះ​។ យើង​រួមគ្នា​រៀបចំ​ផែនការ​ដើម្បី​គាំទ្រ​ដល់​ការងារ​នៃ​ការធ្វើឱ្យ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ GI និង​ផលិតផល​ប្រើប្រាស់​មួយចំនួន​របស់​កម្ពុជា​ដែល​អាច​រកបាន​នៅ​ទីផ្សារ​ថៃ​ដើម្បី​បង្កើន​លំហូរ​ផលិតផល​រវាង​ប្រទេស​កម្ពុជា​ និង​ទីផ្សារ​ថៃ​។

តើ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​អាចជា​ឧបសគ្គ​សម្រាប់​លោក​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​នេះ​ដែរ​ឬ​ទេ​?

ច្បាស់​ណាស់ កូវីដ​ ១៩ ​នៅតែ​បន្ត​ឆ្លង និង​រស់នៅ​ជុំវិញ​យើង ប៉ុន្តែ​គ្មានអ្វី​គួរឱ្យខ្លាច​នោះទេ ពីព្រោះ​យើង​កំពុង​សម្រប​ខ្លួន​ទៅនឹង​របៀប​នៃ​ការបំពេញ​ការងារ​តាម​គន្លង​ថ្មី និង​អនុវត្តតាម​វិធានការ​សុខាភិបាល​យ៉ាង​តឹងរ៉ឹង​។

ដើម្បី​ជម្នះ​នឹង​បញ្ហា​ប្រឈម​ទាំងនេះ យើង​បាន​កាត់បន្ថយ​ទំនាក់ទំនង​ផ្ទាល់ និង​បាន​ផ្លាស់ប្តូរ​ទៅធ្វើ​កិច្ចប្រជុំ​តាម​អនឡាញ​ជំនួស​វិញ​។ នៅពេល​អនាគត​ដ៏ខ្លី​ខាងមុខ​នេះ យើង​នឹង​សហការ​ជាមួយ CBC ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ផ្គូផ្គង​ធុរកិច្ច​តាម​អនឡាញ និង​សិក្ខាសាលា​ជា​បន្តបន្ទាប់​អំពី​ឱកាស​វិនិយោគ និង​បរិយាកាស​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ទាក់ទាញ​ក្រុម​វិនិយោគិន​ថៃ និង​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា​នៅក្រោយ​ជំងឺ​កូវីដ​ ១៩​។

សសរស្ដម្ភ​សេដ្ឋកិច្ច​បានក្លាយ​ជា​មាន​សារៈសំខាន់​កាន់តែខ្លាំង​សម្រាប់​កម្ពុជា​ចាប់តាំងពី​សេដ្ឋកិច្ច​ពិភពលោក និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ​ពហុនិយម បាន​ស្ថិតក្រោម​សម្ពាធ​កាន់តែខ្លាំង​ឡើង​ ដោយសារ​ការកើនឡើង​នៃ​ឯកតោភាគី ការគាំពារ​និយម ការផ្ដាច់ខ្លួន និង​សង្គ្រាម​បច្ចេកវិទ្យា រួមជាមួយ​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

តើ​លោក​មាន​ក្តីរំពឹង​បែបណា​ពី​គំនិត​ផ្តួចផ្ដើម​នេះ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​កម្ពុជា និង​ថៃ​?

ពឹង​ផ្អែកលើ​បទពិសោធ រយៈពេល​ ២ ​ឆ្នាំ​ចុងក្រោយ​នៅទីនេះ ក្រុម​វិនិយោគិន​ថៃ​ថ្មីៗ​ជាច្រើន​កំពុងតែ​សម្លឹងមើល​មក​ទីផ្សារ​ប្រទេស​កម្ពុជា ដោយសារ​ការលើក​ទឹកចិត្ត​វិនិយោគ​បានផ្ដល់​នូវ​អត្ថប្រយោជន៍​ប្រកួតប្រជែង​ដល់​វិស័យ​ឯកជន​ទាំងអស់ ដូចជា ការមិន​តម្រូវ​ឱ្យ​មាន​ការចូលរួម​មូលធន​ក្នុងស្រុក មិន​គ្រប់គ្រង​តម្លៃ​លើ​ផលិតផល ឬ​សេវាកម្ម និង​មិន​មានការ​បំប្លែង​រូបិយប័ណ្ណ​បរទេស​ជាដើម​។

កម្លាំង​ពលកម្ម​ប្រកួតប្រជែង​ (​មាន​ប្រជាជន​វ័យក្មេង មាន​ថាមពល និង​ប្រាក់​ឈ្នួល​សមរម្យ​) ទីតាំង​យុទ្ធសាស្ដ្រ (​អាស៊ាន​) លទ្ធភាព​ចូល​ទីផ្សារ និង ការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ (​អាស៊ាន​បូក​ប្រទេស​ ៣ អាមេរិក អឺរ៉ុប​) មាន​អំណោយផល​ទាំង​ការទាក់ទាញ​ក្រុម​វិនិយោគិន​កាន់តែច្រើន និង​ពាណិជ្ជករ​ដើម្បី​ចាប់ផ្ដើម ឬ​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​របស់​ពួកគេ​នៅ​កម្ពុជា​។

ដូចនេះ​ការសហការ​ជាមួយ​ MFAIC បេសកកម្ម​កម្ពុជា​នៅ​បរទេស និង​ខ្សែបណ្ដាញ​ក្រសួង ស្ថាប័ន ក្នុង​ការអនុវត្ត​យុទ្ធសាស្ដ្រ​ការទូត​សេដ្ឋកិច្ច គឺជា​ទិសដៅ​ដ៏ត្រឹមត្រូវ​ក្នុង​ការបង្កើនល្បឿន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការធ្វើ​ពិពិធកម្ម​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅក្នុង​ប្រទេស​៕LA