The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​ជាង ៦ ពាន់​បាន​ចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​ថ្នាល​បច្ចេកវិទ្យា




ក្រុមហ៊ុន​ជាង ៦ ពាន់​បាន​ចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​ថ្នាល​បច្ចេកវិទ្យា

Content image - Phnom Penh Post
ក្រុមហ៊ុន​ជាង ៦ ពាន់​បាន​ចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​ថ្នាល​បច្ចេកវិទ្យា បន្ទាប់ពី​រដ្ឋាភិបាល​សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ខែមិថុនា ឆ្នាំ​ ២០២០​។ ហុង មិនា

ក្រុមហ៊ុន​ជាង ៦ ពាន់​បាន​ចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​ថ្នាល​បច្ចេកវិទ្យា

ភ្នំពេញៈ ក្រុមហ៊ុន​ប្រមាណ​ជាង ៦ ពាន់​បាន​ចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ដែល​មាន​ប្រាក់​ជាង ២,៦ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១ ​ឆ្នាំ​គត់ បន្ទាប់ពី​រដ្ឋាភិបាល​សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ខែមិថុនា ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

រដ្ឋាភិបាល​កម្ពុជា​បានដាក់​ឱ្យ​ដំណើរការ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​ហៅថា​ «Single Portal» កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ២០២០​។ ក្រសួង និង​ស្ថាប័នរដ្ឋ​ចំនួន ៦ ដែល​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ​នេះ រួមមាន​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​នេះ គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែមិថុនា ពាក្យ​ស្នើសុំ​ចំនួន ៦ ១៦៤ ត្រូវបាន​អនុម័ត​ជាមួយ​នឹង​ទំហំ​ដើមទុន​សរុប ២ ៦៣១ ​លានដុល្លារ​។ ក្នុងនោះ​ពាក្យស្នើសុំ​ ៨១០ ​កំពុង​ត្រួតពិនិត្យ​។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (FASMEC) ​លោក តែ តាំងប៉ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ការចុះបញ្ជី​តាម​ប្រព័ន្ធ​អនឡាញ​មាន​អត្ថប្រយោជន៍​ជាច្រើន​ដែល​សំខាន់បំផុត គឺ​ងាយស្រួល ដោយ​មិនចាំបាច់​ចុះបញ្ជី​ទៅគ្រប់​ក្រសួង​ដែល​ពាក់ព័ន្ធ​ដូចពេលមុន​។ លោក​បន្តថា ការចុះបញ្ជី​តាម​ប្រព័ន្ធ​នេះ គេ​ធ្វើជា​កញ្ចប់​ចុះ​តែ ១ ម្តង ចំណេញ​ពេលវេលា ដោយ​ប្រើពេល​លឿន​គឺ ៨ ​ថ្ងៃ និង​កាត់បន្ថយ​ការចំណាយ​រហូតដល់ ៤០ ​ភាគរយ​។

លោក​បន្ថែមថា​៖ «​សម្រាប់ FASMEC ពេលនេះ​បាន​សហការ​ជាមួយ​តេជោ​ស្តាតអាប់​នៅក្នុង​ការបង្រៀន​ពី​វិធី​ចុះបញ្ជី​អនឡាញ​ដល់​សហគ្រាស​ទាំងអស់ ជាក់ស្តែង​នៅ​ថ្ងៃទី​ ១១ ខែមិថុនា​កន្លងទៅនេះ យើង​បាន​អញ្ជើញ​តេជោស្តាតអាប់ មក​បណ្ដុះបណ្ដាល​ដល់​សហគ្រាស​នៅ​ខេត្តសៀមរាប​តាម​ប្រព័ន្ធ​អនឡាញ Zoom បាន​ចំនួន​ ១២០ ​សហគ្រាស​។ មិនថាតែ​រឿង​ចុះបញ្ជី​ទេ​នៅក្នុង​ដំណាក់កាល​នៃ​កូវីដ​នេះ គឺ​ស្ទើរតែ​គ្រប់​កម្មវិធី​ទាំងអស់​របស់ FASMEC និង​ស្ថាប័ន​ផ្សេងទៀត​បាន​ប្តូរ​មក​អនុវត្ត​វិធីសាស្ត្រ​អនឡាញ​ស្ទើរ​ទាំងអស់​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យដឹងទៀតថា ក្នុង​រយៈពេល​ ១ ​ឆ្នាំនេះ អាជីវកម្ម​ចុះបញ្ជី​ត្រូវបាន​អនុម័ត​រួមមាន អាហរ័ណនីហរ័ណ ទិញ​លក់ ជួសជុល​យានយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ​ (៣៨,១១%) សកម្មភាព​អចលនវត្ថុ​ (១០,២៩%) ​កម្មន្តសាល​ (៨,៥៨%) សកម្មភាព​សេវាកម្ម​ស្នាក់នៅ និង​អាហារ​ (៨,៤៧%) សកម្មភាព​អាជីវកម្ម​វិជ្ជាជីវ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ (៧,៦ %) និង​វិស័យ​ផ្សេងៗ​ទៀត​មាន​ចំនួន​ (២៧,៥៥%)​។

ជាមួយ​គ្នា​នេះ ការស្នើសុំ​​ចុះបញ្ជី​បម្រុង​នាមករណ៍​ចំនួន ៥ ៦៣៧ សំណើ​ត្រូវ​បានអនុម័ត​ក្នុង​នោះ ២៧០ ​កំពុង​ត្រួតពិនិត្យ និង ១ ​ករណី​ត្រូវបាន​បដិសេធ​។

ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​មាន​លក្ខណពិសេស​ចំនួន ៣ ដូចជា កាត់បន្ថយ​នីតិវិធី​តាមរយៈ​ការភ្ជាប់​គ្នា​រវាង​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អគ្គនាយកដ្ឋាន​ពន្ធដារ និង​បង្កើត​ការចុះ​បញ្ជី​ជា​កញ្ចប់​ក្នុង​ពេល​តែមួយ​នៅលើ​ថ្នាល​តែមួយ កាត់បន្ថយ​ពេល​មក​ត្រឹម​ ៨ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ និង​កាត់បន្ថយ​ការចំណាយ​ថវិកា​ប្រមាណ ៤០ ​ភាគរយ បើធៀប​នឹង​នីតិវិធី​ចាស់​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា «​ជាមួយនឹង​កំណែទម្រង់​លើ​នីតិវិធី​ចុះបញ្ជី​នេះ ធុរជន​មាន​ភាពងាយស្រួល​ក្នុង​ការចុះបញ្ជី​ដែល​អនុញ្ញាត​ឱ្យ​ធុរកិច្ច​មាន​អត្តសញ្ញាណ​ត្រឹមត្រូវ និង​ស្របច្បាប់ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​ស្នើសុំ​ឥណទាន​ពី​កម្មវិធី​ហិរញ្ញវត្ថុ ពិសេស​ពី​រដ្ឋាភិបាល​ដែលជា​វិធានការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​ជំងឺ​កូវីដ ១៩»​។

បន្ទាប់ពី​ការចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ប្រព្រឹត្ត​ទៅដោយ​រលូន រដ្ឋាភិបាល​នឹងដាក់​ឱ្យ​ដំណើរការ​ការអនុវត្ត​ដំណាក់កាល​ទី​ ២ ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខនេះ ដែល​អនុញ្ញាត​ឱ្យ​ធុរជន​អាច​ស្នើសុំ​អាជ្ញាប័ណ្ណ ឬ​វិញ្ញាបនបត្រ​ពី​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ផងដែរ​៕ LA

អត្ថបទគួរចាប់អារម្មណ៍