ភ្នំពេញៈ ទំហំ​មូលធនូបនីយកម្ម​ទីផ្សារ​សរុប​នៃ​ទីផ្សារ​មូលបត្រ​កម្មសិទ្ធិ​នៅ​ចុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២១ មានតម្លៃ​ប្រហែល​ ២,៤០ ​ពាន់​លាន​ដុល្លារ កើនឡើង​ជាង ៣ ​ដង ខណៈ​ដែល​សន្ទស្សន៍ CSX មាន ៦៣៩,៣៦ ​ពិន្ទុ កើន ៨ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ នេះ​បើតាម​ព្រឹត្តិបត្រ​ស្ថិតិ​ជួញដូរ​មូលបត្រ​ចុងក្រោយ​របស់​និយតករ​មូលបត្រ​កម្ពុជា​ (SERC)​។

យោងតាម​ព្រឹត្តិបត្រ​ស្ថិតិ​នេះ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ៥ ៥៣៤ ១៤៦​ ភាគហ៊ុន កើនឡើង ៥១ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​៤ ឆ្នាំ​ ២០២០ ខណៈ​តម្លៃ​ជួញដូរ​មូលបត្រ​សរុប​មានតម្លៃ​ប្រហែល ៨,៦១ ​លាន​ដុល្លារ​កើន ១៥២ ​ភាគរយ​ធៀប​ត្រីមាស​ទី​៤ ឆ្នាំ​ ២០២០ និង​កើន ៧៩៣ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

លោក ស៊ូ សុជាតិ អគ្គនាយក​និយតករ​មូលបត្រ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ២១ ខែមិថុនា​ថា ទោះបី​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ការឆ្លង​រាលដាល​កូវីដ​ ១៩ ក្នុង​សហគមន៍​ ២០ ​កុម្ភៈ​ក៏​ផ្សារ​មូលធន​បាន​ប្រតិបត្តិការ​ល្អប្រសើរ​។

លោក​បាន​ថ្លែងថា​៖ «​ដូច​ដឹង​ហើយ​ថា ប្រទេស​យើង​កំពុង​ប្រយុទ្ធ​នឹង​ការឆ្លង​រីករាលដាល​កូវីដ​ ១៩ ក្នុង​សហគមន៍ ដែល​បណ្ដាល​ឱ្យ​យើង​បិទខ្ទប់​មួយរយៈ​ពេល​។ ពិត​ហើយ​យើង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ប៉ុន្តែ​វា​មិនបាន​រារាំង​ប្រតិបត្តិការ​ទីផ្សារ​យើង​ឡើយ​។ ខ្ញុំ​បាន​អង្កេត​ឃើញថា ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចុះបញ្ជី​កំពុង​ប្រតិបត្តិការ​ជាធម្មតា ឧទាហរណ៍ រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ​នៅតែ​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​អតិថិជន ខណៈ​កំពង់ផែ​សំខាន់ៗ​ទាំង​ ២ គឺ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ក៏​កំពុង​មាន​ប្រតិបត្តិការ​យ៉ាងសកម្ម​។ ជាមួយ​គ្នា​នេះ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បន្ត​ប្រតិបត្តិ​ការធម្មតា ដូច្នេះ​វា​មិន​រង​ផលប៉ះពាល់​ដល់​ស្ថានភាព​របស់​ក្រុមហ៊ុន​នោះទេ​»​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា មាន​ផលប៉ះពាល់​មួយចំនួន​លើ​ឧស្សាហកម្ម​កាត់ដេរ ប៉ុន្តែ​វិស័យនេះ​នៅតែ​ទទួល​បាន​ការបញ្ជា​ទិញ​។ លោក​អះអាង​ថា​៖ «​យើង​មិន​បដិសេធថា​គ្មាន​ផលប៉ះពាល់​នោះទេ យើង​ពិតជា​រង​ផលប៉ះពាល់​តិចតួច ពិសេស​ឧស្សាហកម្ម​កាត់ដេរ ប៉ុន្តែ​យើង​បាន​មើលឃើញ​អ្នកទិញ​នៅ​បរទេស​នៅតែ​បញ្ជា​ទិញ​ក្នុង​អំឡុង​ពេលនេះ​»​។

លោក ហុង សុខហួរ អគ្គនាយក​ផ្សារមូលបត្រ​កម្ពុជា CSX បាន​លើកឡើង​ថា ពេលវេលា​ដ៏ពិបាក​នៃ​វិបត្តិ​សុខភាព​នេះ ក្រុម​វិនិយោគិន​កំពុងបង្វែរ​ចំណាប់​អារម្មណ៍​ពួកគេ​មករក​ការជួញដូរ​ភាគហ៊ុន ព្រោះ​វា​អាច​ឱ្យ​ពួកគេ​រកបាន​ប្រាក់​ចំណេញ​ ទោះបី​នៅផ្ទះ​ក្នុង​អំឡុងពេល​ការរឹតបន្តឹង​ការធ្វើដំណើរ​ក៏ដោយ​។

លោក​និយាយថា​៖ «​វា​បង្ហាញ​យ៉ាងច្បាស់​ពី​ភាព​ពិសេស​នៃ​ការវិនិយោគ​លើ​ផ្សារភាគហ៊ុន​នាពេល​នេះ​សម្រាប់​សាធារណជន​ទូទៅ ខណៈ​ពួកគេ​អាច​ក្លាយជា​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ធំៗ ដោយ​មិនចាំបាច់​ចំណាយ​ពេលវេលា​ច្រើន​»​។

ព្រឹត្តិបត្រ​នេះ​បាន​បង្ហាញ​ថា ទំហំ​ការជួញដូរ​ប្រចាំថ្ងៃ​មធ្យម​មាន​ចំនួន ៩០ ៧២៤ ​ភាគរយ ខណៈ​តម្លៃ​ជួញដូរ​ប្រចាំ​ថ្ងៃជា​មធ្យម​មាន​ប្រហែល ១៤ ១១៨ ០០០ ​ដុល្លារ​។ ដោយឡែក​ការបញ្ជា​ទិញ​សរុប​មាន​ប្រហែល ២០,៥៥ ​លាន​ភាគហ៊ុន និង​ការបញ្ជា​ការលក់​សរុប​មាន​ចំនួន​ប្រហែល ១៨,០៨ ​លាន​ភាគហ៊ុន​៕LA