
ផលិតផលកសិកម្ម ដែលមានបញ្ជាក់ពីការអនុវត្តកសិកម្មល្អ CamGAP និងមានបិទ QR Code។ សហការី
ភ្នំពេញៈ មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន និងចម្ការបន្លែ-ផ្លែឈើ មកធ្វើការចុះបញ្ជី និងបញ្ជាក់ថា ជាកសិដ្ឋាន ឬចម្ការនៃការអនុវត្តកសិកម្មល្អកម្ពុជា CamGAP ដើម្បីបញ្ជាក់អំពីគុណភាព និងសុវត្ថិភាពផលិតផលរបស់ខ្លួន ដែលអាចជួយជំរុញការលក់ផងដែរ។
ការលើកឡើងបែបនេះបន្ទាប់ពីមានកសិដ្ឋាន និងចម្ការបន្លែ-ផ្លែឈើប្រមាណ ២៥០ ត្រូវបានក្រសួងកសិកម្មផ្តល់ការចុះបញ្ជី និងបញ្ជាក់ថា ជាកសិដ្ឋាន ឬចម្ការនៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ខណៈការទទួលបាន CamGAP ក៏អាចជួយឱ្យផលិតផលរបស់កសិដ្ឋាន ឬចម្ការទាំងអស់នោះមានទីផ្សារកាន់តែល្អផងដែរ។
វិធាននៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ត្រូវបានបង្កើត និងអនុម័តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅឆ្នាំ ២០១៨ ក្នុងគោលបំណង ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្មនៅកម្ពុជា។
លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ក្រសួងកសិកម្ម បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២១ ខែមិថុនាថា ការទទួលបាននូវវិញ្ញាបនបត្របញ្ជាក់អំពីអនុលោមភាពតាមវិធាន CamGAP ដែលឈានឆ្ពោះទៅប្រើប្រាស់រូបសញ្ញា CamGAP រួមនឹងស្លាកសញ្ញាប្រព័ន្ធតាមដានប្រភពកសិផល (QR Code) បិទលើផលិតផល គឺពិតជាសំខាន់ណាស់ ព្រោះផលិតផលកសិកម្មដែលមានរូបសញ្ញា CamGAP និងស្លាកសញ្ញា QR Code គឺបញ្ជាក់ថា ជាផលិតផលកសិកម្មដែលអនុលោមតាមស្តង់ដាគុណភាព និងមានសុវត្ថិភាពទាំងអ្នកដាំដុះ និងបរិភោគ ហើយការដាំដុះក៏មិនបង្កផលប៉ះពាល់ដល់បរិស្ថាន។ លោកបន្ថែមថា ក្រៅពីនេះ ផលិតផលមានបិទ QR code ក៏ទទួលបានឱកាសទីផ្សារធំទូលាយទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។
លោកនិយាយថា៖ «ចម្ការ ឬកសិដ្ឋានទទួលបានវិញ្ញាបនបត្របញ្ជាក់អំពីអនុលោមភាពតាមវិធាន CamGAP អាចប្រើរូបសញ្ញា CamGAP រួមជាមួយស្លាកសញ្ញាប្រព័ន្ធតាមដានប្រភពកសិផល (QR Code) បិទលើផលិតផលនោះបាន»។
លោកប្រាប់ទៀតថា ដើម្បីទទួលបាន QR code ម្ចាស់កសិដ្ឋាន ឬចម្ការចាំបាច់ត្រូវតែបំពេញនូវលក្ខខណ្ឌមួយចំនួនដូចជា ការដាក់ពាក្យស្នើនៅអគ្គនាយកដ្ឋានកសិកម្ម ការចូលរួមវគ្គបណ្តុះបណ្តាលពីអ្នកជំនាញ ការចុះត្រួតពិនិត្យទីតាំងដាំដុះ កន្លែងសម្អាតវេចខ្ចប់ និងការយកសំណាកកសិផលទៅវិភាគនៅមន្ទីរពិសោធន៍បញ្ជាក់ពីកម្រិតសុវត្ថិភាព។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន លើកឡើងថា ថ្មីៗនេះថា ក្រសួងកសិកម្មកំពុងខិតខំជំរុញការអនុវត្តវិធាន CamGAP និងប្រើប្រាស់ QR Code តាមរយៈការដាក់ចេញផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំក្នុងការជំរុញ និងលើកកម្ពស់ការអនុវត្តកសិកម្មល្អកម្ពុជា ដើម្បីជាគុណប្រយោជន៍ចម្បងៗសម្រាប់គុណប្រយោជន៍ផែ្នកសង្គមបរិស្ថាន និងសេដ្ឋកិច្ច ព្រមទាំងដើម្បីជំរុញបរិមាណផលិតកម្មក្នុងស្រុកប្រកបដោយគុណភាព និងសុវត្ថិភាព។ លោកបន្ថែមថា CamGAP ក៏ត្រូវបាន ក្រុមការងារជំនាញអាស៊ានវាយតម្លៃថា បានអនុលោមពេញលេញតាមវិធាននៃការអនុវត្តកសិកម្មល្អអាស៊ានផងដែរ។
លោកថ្លែងថា៖ «បច្ចុប្បន្នការជំរុញការអនុវត្ត CamGAP មិនត្រឹមតែកំពុងចូលរួមលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការនាំចេញកសិផលកម្ពុជាទៅទីផ្សារអន្តរជាតិផងដែរ»។
លោកអះអាងទៀតថា ការចុះបញ្ជីកសិដ្ឋានតាម CamGAP បានក្លាយជាយន្តការដ៏សំខាន់ ដើម្បីធានាឱ្យបាននូវការគោរពប្រតិបត្តិខ្ជាប់ខ្ជួន ត្រឹមត្រូវ និងច្បាស់លាស់តាមនិយាមសុវត្ថិភាពចំណីអាហារចំពោះប្រទេសនាំចូលកសិផលសំខាន់ៗរបស់កម្ពុជា។ ជាក់ស្តែងផលិតកម្មស្វាយ និងចេកអំបូងលឿង ដែលបានចុះបញ្ជីកសិដ្ឋានតាម CamGAP គឺមូលហេតុចម្បងដែលជួយឱ្យការចរចារវាងក្រសួងកសិកម្មជាមួយភាគីចិន និងភាគីកូរ៉េ ពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំទៅប្រទេសទាំង ២ សម្រេចទទួលបានជោគជ័យ៕ LA