The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រោងចក្រ​ចម្រាញ់​រ៉ែ​មាស លក្ខណៈ​ឧស្សាហកម្ម​ទី​១ នៅ​កម្ពុជា តម្លៃ ១២០ ​លាន​ដុល្លារ​ត្រូវបាន​សម្ពោធ​ដាក់​ដំណើរការ




រោងចក្រ​ចម្រាញ់​រ៉ែ​មាស លក្ខណៈ​ឧស្សាហកម្ម​ទី​១ នៅ​កម្ពុជា តម្លៃ ១២០ ​លាន​ដុល្លារ​ត្រូវបាន​សម្ពោធ​ដាក់​ដំណើរការ

Content image - Phnom Penh Post
​ទិដ្ឋភាព​ទូទៅ​នៃ​ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​លើកដំបូង​របស់​កម្ពុជា​នៅ​តំបន់​អូរខ្វាវ​។ រូបថត ក្រសួង​រ៉ែ និង​ថាមពល

រោងចក្រ​ចម្រាញ់​រ៉ែ​មាស លក្ខណៈ​ឧស្សាហកម្ម​ទី​១ នៅ​កម្ពុជា តម្លៃ ១២០ ​លាន​ដុល្លារ​ត្រូវបាន​សម្ពោធ​ដាក់​ដំណើរការ

មណ្ឌលគិរីៈ គម្រោង​វិនិយោគ​លើ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​លក្ខណៈ​ឧស្សាហកម្ម​តម្លៃ ១២០ ​លាន​ដុល្លារ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​របស់​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី Renaissance Minerals (Cambodia) Limited ត្រូវបាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ចន្ទ​។

រោងចក្រ​ស្ថិតនៅ​តំបន់​អូរខ្វាវ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី នេះ​ត្រូវ​បានដាក់​សម្ពោធ​ដោយ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​។

លោក ស៊ុយ សែម បានឱ្យ​ដឹងថា រោងចក្រ​បាន​ដំណើរការ​ស្លរ​ចម្រាញ់​រ៉ែមាស ចាក់​ដុំ​មាស និង​បោះត្រា​សម្គាល់​លើ​ដុំមាស​រ៉ែ​ (Gold Dore) ​ទី​ ១ របស់ខ្លួន​ក្នុងថ្ងៃនេះ​ (​ថ្ងៃទី​ ២១)​។ ការកសាង​រោងចក្រ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៃ​ការដ្ឋាន​អាជីវ​កម្មនេះ​បាន​ចាប់ផ្តើម​កាលពី​ពាក់កណ្តាល​ឆ្នាំ​ ២០២០​។

លោក​ថ្លែងថា​៖ «​ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​នេះ​មាន​សមត្ថភាព​ជីក​យក​រ៉ែ​ប្រមាណ​ជិត ២ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ និង​ចម្រាញ់​ចេញ​​ជា​ដុំ​មាស​កម្រិត ៩០ ​ភាគរយ (Gold Dore Bars) ​ប្រមាណ ៣ តោន​នៅ​ក្នុង​ ១ ​ឆ្នាំ និង​ចម្រាញ់​ចេញ​ជា​ដុំ​មាស​កម្រិត ៩០ ​ភាគរយ ប្រមាណ ៣ ​តោន​ក្នុង​ ១ ​ឆ្នាំ សម្រាប់​រយៈពេល​ប៉ាន់ស្មាន​ដំបូង​ចំនួន ៨ ​ឆ្នាំ​»​។

លោក​បាន​បន្ថែមថា វា​នឹងត្រូវ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ដោយ​យន្តការ​ត្រួតពិនិត្យ​ និង​អភិបាលកិច្ច​ពហុភាគី​ក្នុង​ការជំរុញ​ធានា​ឱ្យបាន​សម្រេច​ទាំង​គោលដៅ​សេដ្ឋកិច្ច បរិស្ថាន និង​សង្គម ស្របតាម​ផែនការ​កំណត់​។

Content image - Phnom Penh Post
ដុំមាស​ដែល​ផលិត​បាន​ត្រូវបាន​បង្ហាញ​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ កាលពី​ថ្ងៃ​ចន្ទ​។ រូបថត សហការី

លោក​ថ្លែងថា​៖ «​សមិទ្ធផល​នេះ​បាន​នាំមក​នូវ​លំហូរ​ទុន​វិនិយោគ​ពី​ក្រៅប្រទេស​មក​កម្ពុជា ការបង្កើត​ឱកាស​ការងារ និង​សេដ្ឋកិច្ច ការពង្រីក​នូវ​ពិពិធកម្ម​ខឿន​ឧស្សាហកម្ម​ក្នុងស្រុក និង​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម​ផ្សេងៗ​ទៀត​ជាច្រើន សម្រាប់​ប្រទេស​កម្ពុជា​»​។

យោងតាម​លោក ស៊ុយ សែម ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​នេះ​នឹង​ស្រូប​ទាញ​កម្លាំង​ពលកម្ម​សរុប ៤៦២ ​នាក់​ក្នុងនោះ​ជនជាតិ​ខ្មែរ​មាន​ចំនួន ៤២៧ នាក់​។

លោក Morgan Hart នាយក​គ្រប់គ្រង​ក្រុមហ៊ុន Emerald បាន​អះអាងថា​៖ «​រ៉ែ​ដំបូង និង​ការចាប់ផ្ដើម​ប្រតិបត្តិការ​ជា​លើកដំបូង​នៃ​គម្រោង​រ៉ែ​មាស​អូរខ្វាវ គឺជា​ព្រឹត្តិការណ៍​សំខាន់​សម្រាប់​ក្រុមហ៊ុន និង​តំណាងឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង ពិសេស​តាមរយៈ​ក្រុមការងារ​សាងសង់ និង​អភិវឌ្ឍន៍​ដែល​ប្រកប​ដោយ​បទពិសោធ និង​កិច្ចសហប្រតិបត្តិការ​ពី​ក្រុមហ៊ុន​ម៉ៅការ​ប្រកប​ដោយ​គុណភាព​»​។

លោក ហ៊ុន សែន កាលពី​ថ្ងៃទី ១០ ខែមិថុនា បានឱ្យ​ដឹងថា ការដាក់ឱ្យ​ដំណើរការ​នេះ បន្ទាប់ពី​ការសិក្សា​ស្រាវជ្រាវ​រយៈពេល ១៤ ​ឆ្នាំ​។

បើតាម​លោក ហ៊ុន សែន កម្ពុជា​រំពឹងថា ផលិតផល​មាស​លក្ខណៈ​ឧស្សាហកម្ម​ពី​ជម្រក​រ៉ែ​តំបន់​អូរខ្វាវ​នឹង​ផ្តល់​ចំណូល​ដុល​ជា​មធ្យម​ប្រមាណ ១៨៥ ​លាន​ដុល្លារ ក្នុង ១ ​ឆ្នាំ​ក្នុង​នោះ​ចំណូល​ថវិកាជាតិ​ពី​សួយសារ និង​សារពើពន្ធ​ផ្សេងៗ​មាន ៤០ លាន​ដុល្លារ​ក្នុង ១ ​ឆ្នាំ​។ ថវិកា​នេះ​នឹងត្រូវ​យក​មក​ប្រើ​ក្នុង​ចរន្ត​ថវិកាជាតិ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​៕ LA

Content image - Phnom Penh Post
រ៉ែមាសនៅតំបន់​អូរខ្វាវ។ រូបថត ក្រសួងរ៉ែ និងថាមពល

អត្ថបទគួរចាប់អារម្មណ៍