ភ្នំពេញៈ សហគមន៍​កសិកម្ម​យ៉ាង​ហោច​ ២១ ​នៃ​គម្រោង​កម្មវិធី​ស្តីពី​សហគ្រាស​កែច្នៃ​ផលិតផល​មាន់​ស្រែ​ខ្មែរ​នឹង​ទទួលបាន​រថយន្ត​ និង​រ៉ឺម៉ក​កង់បី​ទាំងអស់​ ២១ ​គ្រឿង​ពី​អង្គការ​ហេហ្វឺ​អន្តរជាតិ​កម្ពុជា​ (HEIFER International Cambodia) ​ពី​គម្រោង​ដែលមាន​ទឹកប្រាក់​​សរុប​ជិត​ ៥០ ​ម៉ឺន​ដុល្លារ ដើម្បី​អភិវឌ្ឍ​យីហោ​មាន់​ស្រែ​ចូលទៅក្នុង​ទីផ្សារ​។

អង្គការ​ហេហ្វឺ​អន្តរជាតិ​កម្ពុជា​នឹង​ជួយ​ជ្រោមជ្រែង​កម្មវិធី​នេះ​រយៈពេល​ ៥ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៦ ដើម្បី​ពន្លឿន​ការរីកលូតលាស់​នៃ​ផលិតកម្ម​មាន់​ស្រែ​ខ្មែរ​តាមរយៈ​ការពង្រឹង​សមត្ថភាព​សហគមន៍​ និង​អភិវឌ្ឍ​ស្ថាប័ន​សហគមន៍​កសិកម្ម​។

គម្រោង​នេះ​ក៏​ជំរុញ​ការវិនិយោគ​លើ​ការកសាង​សហគ្រាស​កែច្នៃ​ផលិតផល​មាន់​ស្រែ​ខ្មែរ ការកសាង​កសិដ្ឋាន​ភ្ញាស់​កូន​មាន់​ស្រែ​ស្តង់ដា​ និង​ការគាំទ្រ​វិនិយោគ​លើ​គ្រួសារ​កសិករ​ឱ្យ​ឈាន​ទៅ​រក​ការបង្កើត​សហគ្រាស​កសិកម្ម​ខ្នាតតូច និង​មធ្យម​។

លោក ញ៉ែម សារ៉េត ​នាយក​អង្គការ​ហេហ្វឺ​អន្តរជាតិ​កម្ពុជា​បាន​ថ្លែង​ក្នុង​កម្មពិធី​ប្រគល់​ និង​ទទួល​កាលពី​ថ្ងៃ​ចន្ទ​ថា ការប្រគល់​នេះ​មាន​រថយន្ត​ចំនួន ៧ ​គ្រឿង និង​រ៉ឺម៉ក​កង់បី​ចំនួន​ ១៤ ​គ្រឿង​ដល់​សហគមន៍ កសិកម្ម​ចំនួន​ ២១ ដែលជា​តម្រូវការ​បន្ទាន់​សម្រាប់​ការប្រកប​អាជីវកម្ម​ក្នុង​អំឡុងពេល​វិបតិ្ត​ជំងឺ​កូវីដ​ ១៩​។

ក្រៅពីនេះ អង្គការ​ក៏​នឹង​ប្រគល់​ផ្សារ​សហគមន៍​ចំនួន​ ៥ ​កន្លែង ការិយាល័យ សហគមន៍​កសិកម្ម​ ៣ ​កន្លែង និង ឃ្លាំង​ត្រជាក់​ ២ ​កន្លែង ដើម្បី​រួមចំណែក​អនុវត្ត​គម្រោង​នេះ​។

លោក សារ៉េត ថ្លែង​ទៀតថា​៖ «​កម្មវិធី​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដោយផ្ទាល់​ដល់​គ្រួសារ​កសិករ​ប្រមាណ​ជាង ​៥៣ ៣០០ ​គ្រួសារ​ក្នុង​ខេត្ត​ចំនួន​ ១១ ដើម្បី​ឈាន​ទៅ​រក​បង្កើន​ប្រាក់ចំណូល​បាន​ច្រើន​សម្រាប់​គ្រួសារ​កសិករ និង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការបង្កើន​ការផ្គត់ផ្គង់​ស៊ុតមាន់​ស្រែ​ខ្មែរ​ ​កូន​មាន់​ស្រែ​ខ្មែរ​ការចិញ្ចឹម​មាន់​យក​សាច់មាន់​ស្រែ​ខ្មែរ​ និង​ការកែច្នៃ និង​វេចខ្ចប់​សាច់មាន់​ស្រែ​ខ្មែរ​នៅក្នុង​ស្រុក ព្រមទាំង​ចូលរួម​ការកាត់បន្ថយ​ការនាំចូល​សាច់មាន់​ពី​ប្រទេស​ជិតខាង​ផងដែរ​»​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​អះអាងថា គម្រោង​នេះ​មាន​លក្ខណៈ​ជោគជ័យ​ខ្ពស់​ ដោយសារ​ផលិតផល​មាន់​ស្រែ​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ ហើយ​កសិករ​ចិញ្ចឹម​មាន់​មាន​ជំនាញ និង​បច្ចេកទេស​ខ្លះ​រួច​មក​ហើយ​។

លោក​បាន​ឱ្យដឹង​ទៀត​ថា ជំនួយ​នេះ​ជា​សក្ខីកម្ម​បង្ហាញ​ឱ្យ​ឃើញ​យ៉ាងច្បាស់​ពី​ការអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​អភិក្រម​ «​រដ្ឋ​ដៃគូ អភិវឌ្ឍន៍​វិស័យ​ឯកជន និង​សហគមន៍​កសិកម្ម​» ​ដែល​ស្រប​នឹង​គោលនយោបាយ និង​ផែនការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ ២០១៩-២០២៥​។

លោក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា​អង្គការ​នឹង​បន្ត​ពិនិត្យ​លទ្ធភាព​ជួយឧបត្ថម្ភ​ដល់​សហគមន៍​កសិកម្ម​ឱ្យបាន​កាន់តែ​ច្រើន​ថែមទៀត ដើម្បី​ឆ្លើយតប​តម្រូវការ​ជាក់ស្តែង​»៕ LA