ទីក្រុងហាណូយៈ មន្ត្រីវៀតណាមបានរាយការណ៍ថា តម្លៃជីកសិកម្មត្រូវបានព្យាករបន្តឡើងថ្លៃបន្ថែមទៀត បណ្តាលមកពីកត្តាមួយចំនួន រួមមានតម្លៃដឹកជញ្ជូនកើនឡើង និងសកម្មភាពរោងចក្រផលិតជីត្រូវបានផ្អាក។
ដោយលើកក្នុងសន្និសីទប្រចាំខែរបស់ក្រសួង លោក Luu Hoang Ngoc អនុប្រធាននាយកដ្ឋានគីមីនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបាននិយាយថា៖ «ភាពប្រែប្រួលតម្លៃជីគីមីកសិកម្មក្នុងឆ្នាំ ២០២១ គឺស្រដៀងគ្នាទៅនឹងឆ្នាំ ២០០៨ ហើយតម្លៃនឹងបន្តហក់ឡើងទៀតចាប់ពីពេលនេះដល់ចុងឆ្នាំ»។
កត្តាចំបងដែលរុញឲ្យតម្លៃហក់ឡើងគឺថ្លៃដើមខ្ពស់សម្រាប់ការជួលតួកុងតឺន័រ ខណៈពេលដែលជីនាំចូល ដូចជា ឌីផូម៉ូញ៉ូមផូស្វាស DAP, mono-ammonium phosphate (MAP) និង អ៊ុយរ៉េ ត្រូវបានដឹកជញ្ជូនចំបងតាមកុងតឺន័រ។
បច្ចុប្បន្ននេះ តម្លៃជួលកុងតឺន័របានឡើងខ្ពស់រហូតដល់ ៥ ដងប្រៀបធៀបទៅនឹងតម្លៃជួលកាលពីឆ្នាំមុន។
ក្រៅពីនេះ ការផ្គត់ផ្គង់ជីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានធ្លាក់ចុះ ដោយសារតែរោងចក្រជាច្រើនបានឈានចូលដល់ពេលវេលាផ្អាកបណ្តោះអាសន្ន ដើម្បីថែទាំង។
តម្លៃនេះវត្ថុធាតុដើមបានកើនឡើងនៅទីផ្សារសាកលលោក ដូចនេះតម្លៃនៃផលិតផលជីគីមីកសិកម្មដែលផលិតក្នុងស្រុកក៏ឡើងថ្លៃតាមនោះដែរ។ នេះបើយោងតាមនាយកដ្ឋានគីមី។
នាពេលបច្ចុប្បន្ននេះ ក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទ (MARD) គ្រប់គ្រងផលិតកម្ម ការធ្វើពាណិជ្ជកម្ម និង ការនាំចេញ នាំចូលនៃប្រភេទជីសរីរាង្គ និងមិនមែនសរីរាង្គ។
លោក Ngoc និយាយថា ទោះយ៉ាងណា «ក្រសួងទាំងពីរបានធ្វើការងារជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងសកម្មភាពនាំចេញ-នាំចូល និងទីផ្សារក្នុងស្រុក»។
តម្លៃនៃជី ប្រភេទ DAP និង MAP ផលិតក្នុងស្រុកគឺនៅចន្លោះ ៨ ទៅ ១០ លានដុងក្នុងមួយតោន ដែលទាបជាងតម្លៃជីនាំចូលដែលមានតម្លៃចន្លោះ ១៤ ទៅ ១៥ លានដុងក្នុងមួយតោន។ កត្តានេះជួយធ្វើឲ្យមានស្ថិរភាពទីផ្សារក្នុងស្រុក៕VNS-ANN/RR