ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​អំពាវនាវ​ដល់​វិស័យ​ឯកជន​ឱ្យ​ចូលរួម​តាំង​ពិព័រណ៍​ផលិតផល​កាហ្វេ និង​ភោជនីយដ្ឋាន​អាស៊ី​ឆ្នាំ​ ២០២១ ដែល​នឹង​ធ្វើឡើង​ក្នុង​ខែវិច្ឆិកា នៅ​សិង្ហបុរី ដើម្បី​ផ្សព្វផ្សាយ​ផលិតផល និង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​។

សេចក្តី​ជូនដំណឹង​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​ ២២ ខែមិថុនា ឱ្យដឹងថា ក្រុមហ៊ុន Conference & Exhibition Management Services Pte Ltd-CEMS នឹង​រៀបចំ​ពិព័រណ៍​ផលិតផល​កាហ្វេ និង​ភោជនីយដ្ឋាន​អាស៊ី​ឆ្នាំ​ ២០២១ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​ ១៨-២០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍ Marina Bay Sands Singapore Hall-B & C​។ ក្នុង​ព្រឹតិ្តការណ៍​នេះ ក្រុមហ៊ុន CEMS នឹង​រៀបចំ​ជា ២ ​ទម្រង់​ដើម្បី​ផ្តល់​ជម្រើស​ដល់​អ្នកចូលរួម គឺ​ការចូលរួម​ដោយផ្ទាល់​នៅ​សិង្ហបុរី និង​តាម​ប្រព័ន្ធ​អនឡាញ​។

សេចក្តី​ជូនដំណឹង​បន្តថា អ្នករៀបចំ​​កម្មវិធី​បានផ្តល់​ទីតាំង​ដល់​ប្រទេស​កម្ពុជា ​ចំនួន ៣៦ ​ម៉ែត្រការ៉េ​ក្នុង​នោះ ៩ ​ម៉ែត្រការ៉េ ផ្តល់​ជូន​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សិង្ហបុរី ដោយ​ឥតគិតថ្លៃ​សម្រាប់​ផ្សព្វផ្សាយ​ផលិតផល​វប្បធម៌ និង​ទេសចរណ៍​។ ចំណែក ២៧ ​ម៉ែត្រការ៉េ ស្មើនឹង ៣ ​ស្តង់​សម្រាប់​ជួល​ឱ្យ​ក្រុមហ៊ុន​ពី​កម្ពុជា​យកទៅ​ផ្សព្វផ្សាយ​ផលិតផល​កាហ្វេ និង​ផលិតផល​ផ្ទះបាយ​។

លោក ហេង សេងលី នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន ផាក កាហ្វេ អេនបេវើរីច បាន​ឱ្យ​ដឹងថា ព្រឹត្តិការណ៍​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​ដែលមាន​ចក្ខុវិស័យ​ពង្រីក​អាជីវកម្ម និង​កសាង​បណ្តាញ​ទៅ​ក្រៅប្រទេស ប៉ុន្តែ​ក្រុមហ៊ុន​លោក​មិនមាន​ចំណាប់​អារម្មណ៍​ចូលរួម​ទេ ព្រោះ​វិបត្តិ​ជំងឺ​កូវីដ​។

លោក​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​ក្នុង​បរិបទ​នេះ ហាង​យើងខ្ញុំ​មិន​ចង់​បំបែក​កម្លាំង​ទេ យើង​ចង់​ផ្តោតលើ​ស្ថានភាព​រាល់ថ្ងៃនេះ​សិន​។ ការចូលរួម​ព្រឹត្តិការណ៍​នេះ អាស្រ័យ​លើ​ក្រុមហ៊ុន​នីមួយៗ​ថា​តើ​បើ​គាត់​មាន​ចក្ខុវិស័យ​ពង្រីក​អាជីវកម្ម​ទៅ​ក្រៅប្រទេស​ដែរ ឬទេ​»​។

លោក​កត់សម្គាល់​ថា នៅ​ប្រទេស​កម្ពុជា​ពុំទាន់​មាន​ការវិនិយោគ​លើ​ឧស្សាហកម្ម​ផលិត​កាហ្វេ​នោះទេ​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ដឹងថា កម្ពុជា​បាន​នាំចេញ​កាហ្វេ ២,២ ​តោន​ដែលមាន​តម្លៃ ១០ ០០០ ​ដុល្លារ​កាលពី​ឆ្នាំ​ ២០២០ ទៅ​ទីផ្សារ​ប្រទេស​រុស្ស៊ី និង​អាហ្វ្រិក​ខាងត្បូង​។

សេចក្តី​ជូនដំណឹង​នេះ​បញ្ជាក់ថា ការចូលរួម​តាំងពិព័រណ៍​ផ្ទាល់​នឹងត្រូវ​បង់​កម្រៃ​ស្តង់ ១៥ ៦៦០ ដុល្លារ​សិង្ហបុរី​ (១១ ៦០០ ​ដុល្លារ​អាមេរិក​) ស្តង់ ១ មានតម្លៃ ៣ ៨៦៦ ​ដុល្លារ​។ រីឯ​ការចូលរួម​តាម​ប្រព័ន្ធ​អនឡាញ​ត្រូវ​បង់​កម្រៃ​ជា​កញ្ចប់ ១ ៥០០ ​ដុល្លារ​សិង្ហបុរី​ (១ ១១០ ​ដុល្លារ​) ​ក្នុង​ ១ ​ក្រុមហ៊ុន​។

ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់ថា​៖ «​ដំណឹង​នេះ​ចាត់ទុកជា​ការអញ្ជើញ​ដល់​ម្ចាស់​សហគ្រាស​ផលិត និង​កែច្នៃ​គ្រាប់​កាហ្វេ និង​ផលិតផល​ផ្ទះបាយ​ដែលមាន​ចំណាប់អារម្មណ៍ និង​មានបំណង​ស្វែងរក​ដៃគូ​ផ្គត់ផ្គង់​នៅ​ទីផ្សារ​សិង្ហបុរី ឬ​ទីផ្សារ​ក្នុង​តំបន់​»​។

ទិន្នន័យ​បង្ហាញថា កម្ពុជា​បាន​នាំចូល​កាហ្វេ​ចំនួន ៧៧០ ​តោន ដែល​មាន​តម្លៃ ៣,៦ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២០ ធ្លាក់ចុះ​ពី ៤,១ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩​។

យោងតាម​សមាគម British Coffee Association បានឱ្យដឹងថា កាហ្វេ​ប្រមាណ ២ ​ពាន់​លាន​ពែង​ត្រូវបាន​ផឹក​នៅ​ទូទាំង​ពិភពលោក​ជា​រៀងរាល់​ថ្ងៃ ហើយ​គ្រាប់​កាហ្វេ​បាន​ក្លាយ​ជា​ផលិតផល​មួយ​ដែល​ត្រូវបាន​គេ​ស្វែងរក​ច្រើន​បំផុត​លើ​ពិភពលោក​បន្ទាប់ពី​ប្រេងឆៅ​៕ LA