
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី ២១ មិថុនា។ រូបថត ក្រសួងពាណិជ្ជកម្ម
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មរំពឹងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជាបានចុះហត្ថលេខារួមគ្នាជាមួយប្រទេសសមាជិក ១៤ ផ្សេងទៀតកាលពីចុងឆ្នាំ ២០២០ នឹងចូលជាធរមាននៅដើមឆ្នាំ ២០២២ ខាងមុខ ដែលវាជាការបើកច្រកថ្មីបន្ថែមសម្រាប់ការអភិវឌ្ឍខ្សែចង្វាក់តម្លៃរបស់កម្ពុជាទៅក្នុងតំបន់ និងពិភពលោក។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ត្រូវបានផ្តើមបង្កើតដំបូងនៅខែវិច្ឆិកា ឆ្នាំ ២០១២ នៅរាជធានីភ្នំពេញក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។ ទោះយ៉ាងណា ដោយសារតែការចរចាលើការបង្កើតកិច្ចព្រមព្រៀងនេះមានភាពស្មុគស្មាញ គេត្រូវរង់ចាំរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការ ដោយមានប្រទេសសមាជិកទាំង ១០ នៅក្នុងតំបន់អាស៊ាន ព្រមជាមួយប្រទេស ៥ ទៀត រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ គោលបំណង RCEP គឺសំដៅជំរុញពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា តាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ បានលើកឡើងថា RCEP ពិតជាមានភាពចាំបាច់ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅថ្នាក់តំបន់ និងពិភពលោក។ លោកបន្ថែមថា ជាមួយនឹងចំណុចវិជ្ជមានជាច្រើនលោករំពឹងថា កិច្ចព្រមព្រៀងនេះអាចចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ខាងមុខ។
លោកថ្លែងថា៖ «RCEP នឹងបង្កើតនូវក្របខ័ណ្ឌភាពជាដៃគូដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ ព្រមទាំងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងជួយសម្រួលដល់ការពង្រីកខ្សែចង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិកូវីដ ១៩»។
តាមរយៈ RCEP បានន័យថា ជាការបង្កើតបានទីផ្សារដែលគ្របដណ្តប់លើប្រជាជនប្រមាណ ២,២ ពាន់លាននាក់ ឬ ៣០ ភាគរយនៃចំនួនប្រជាជនលើពិភពលោក និងមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ ២៦,២ ពាន់ពាន់លានដុល្លារអាមេរិក ឬ ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួន ២៨ ភាគរយនៃទំហំពាណិជ្ជកម្មពិភពលោក (ផ្អែកលើទិន្នន័យឆ្នាំ ២០១៩)។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទោះក្នុងលក្ខណៈទ្វេភាគី និងពហុភាគី គឺសុទ្ធតែផ្តល់ផលវិជ្ជមានដល់សេដ្ឋកិច្ចជាតិ ព្រោះជាការបើកឱកាសនាំចេញ ទំនិញ និងការទទួលបានការមកបណ្តាក់ទុនថ្មីៗ។
លោកបានបញ្ជាក់ថា៖ «ដោយសារ RCEP ជាកិច្ចព្រមព្រៀងលក្ខណៈតំបន់ជាមួយនឹងទីផ្សារប្រទេសធំៗ ហេតុនេះកម្ពុជាត្រូវតែខិតខំពង្រីកការផលិតរបស់ខ្លួនឱ្យបានច្រើន និងប្រកបដោយគុណភាព ដើម្បីទាញយកចំណូលចូលសេដ្ឋកិច្ចជាតិឱ្យបានច្រើន»។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (រាជបណ្ឌិត្យសភាកម្ពុជា) និយាយថា រដ្ឋាភិបាលកម្ពុជាបានគិតគូរល្អិតល្អន់រួចហើយពីផលិតផលសក្តានុពលដែលខ្លួនមានសម្រាប់បំពេញតាមតម្រូវការចង់បានរបស់បណ្តាប្រទេសហត្ថលេខី RCEP។ លោកបន្តថា អ្វីដែលកម្ពុជាត្រូវធ្វើពេលនេះ គឺការធ្វើពិពិធកម្មផលិតកម្មឱ្យកាន់តែមានគុណភាពល្អ និងសម្បូរបែប។
លោកអះអាងថា៖ «ទោះបីកិច្ចព្រមព្រៀង RCEP ធ្វើឱ្យយើងមានដៃគូពាណិជ្ជកម្មកាន់តែច្រើន និងអាចទទួលបានលក្ខខណ្ឌពិសេសពីការនាំចេញ និងនាំចូលទំនិញ ប៉ុន្តែអ្វីដែលសំខាន់តើផលិតផលរបស់យើងអាចឆ្លើយតបនឹងអ្វីដែលប្រទេសគេចង់បានដែរឬទេ? នេះជាចំណុចសំខាន់ដែលត្រូវ ឬយកចិត្តទុកដាក់ឱ្យបានខ្លាំង»។
យោងតាមលទ្ធផលការចរចា និងការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបព៌ា (ERIA) បង្ហាញថា RCEP នឹងជួយឱ្យកម្ពុជាទទួលបានកំណើនប្រចាំឆ្នាំ ពីការនាំចេញចំនួន ៧,៣ ភាគរយ វិនិយោគ ២៣,៤ ភាគរយ និងផលិតផលក្នុងស្រុកសរុប ២ ភាគរយ លើផលិតផលក្នុងស្រុកសរុបដែលកំពុងមាននាពេលបច្ចុប្បន្ន៕
វីដេអូ៖