ភ្នំពេញៈ ក្រសួង​ទេសចរណ៍​ប្រកាស​អនុញ្ញាត​ដល់​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​អាច​ស្នើសុំ​ចុះ​បញ្ជិកា​សាលា​វិជ្ជាជីវៈ​ទេសចរណ៍​នៅតាម​ប្រព័ន្ធ​អនឡាញ ដែល​បាន​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ២១ ខែមិថុនា​។

សេចក្តី​ជូនដំណឹង​ឱ្យដឹងថា ដើម្បី​សម្រួល​ដល់​ដំណើរការ​ស្នើសុំ​ចុះ​បញ្ជិកា​សាលា​វិជ្ជាជីវៈ​ទេសចរណ៍ ក្រសួង​ទេសចរណ៍​បាន​រៀបចំ​ប្រព័ន្ធ​ចុះ​បញ្ជិកា​សាលា​វិជ្ជាជីវៈ​ទេសចរណ៍​តាម​ប្រព័ន្ធ​អនឡាញ​។ ការចុះ​បញ្ជិកា​តាម​អនឡាញ​នឹង​អនុញ្ញាត​ឱ្យ​សាលា​វិជ្ជាជីវៈ​ទេសចរណ៍ គ្រឹះស្ថាន​បណ្តុះបណ្តាល ដែល​ទទួលស្គាល់ ឬ​ចុះបញ្ជី​ដោយ​ក្រសួង​ទេសចរណ៍​អាច​ស្នើសុំ​ការចុះ​បញ្ជិកា​ទទួល​ស្គាល់​ពី​ក្រសួង​ទេសចរណ៍​តាមរយៈ​ https://bitly/3imFIjZ​។

សេចក្តី​ជូនដំណឹង​បញ្ជាក់​ថា​៖ «​ក្រសួង​សង្ឃឹមថា សាលា​វិជ្ជាជីវៈ​ទេសចរណ៍ គ្រឹះស្ថាន​បណ្តុះបណ្តាល​ដែល​ទទួលស្គាល់ ឬ​ចុះបញ្ជី​ដោយ​ក្រសួង​ទេសចរណ៍ និង​អង្គភាព​ពាក់ព័ន្ធ​ចូលរួម​ប្រើប្រាស់​ប្រព័ន្ធ​ចុះ​បញ្ជិកា​សាលា​វិជ្ជាជីវៈ​ទេសចរណ៍​នេះ​ឱ្យបាន​ផុសផុល និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ចាប់ពី​ពេល​នេះ​តទៅ​»​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ឱ្យដឹងថា ការចុះ​បញ្ជិកា​តាម​អនឡាញ​នឹង​ជួយ​សម្រួល​នីតិវិធី​បាន​លឿន​ជាង​មុន និង​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ហើយ​វា​ក៏​នឹង​ជួយ​ទាក់ទាញ​អ្នក​ក្នុង​វិស័យ​ទេសចរណ៍​មក​ចុះ​បញ្ជិកា​កាន់តែ​ច្រើន​ផងដែរ​។

អ្នកស្រី​ប្រាប់ថា​៖ «​ខ្ញុំ​សង្ឃឹមថា នឹង​ជំរុញ​ពួកគាត់​ចូលរួម​ច្រើន​ក្រោយពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ​ប្រសើរឡើង ដើម្បី​ជា​ធនធាន​ក្នុង​វិស័យ​ទេសចរណ៍​ដែល​កំពុង​ប្រឈម​នឹង​កង្វះខាត​ ដោយសារ​ជំងឺ​កូវីដ​ ១៩»​។

អ្នកស្រី​បន្ថែមថា​៖ «​វិស័យ​ឯកជន​ត្រូវការ​ពង្រឹង​ធនធាន​មនុស្ស​ឡើងវិញ​ ដើម្បី​ឆ្លើយតប​នឹង​ការបើក​ទទួល​ភ្ញៀវទេសចរ​ឡើងវិញ​នាពេលខាងមុខ​។ យើង​ឃើញ​ហើយ អ្នកជំនាញ​ភាគច្រើន​ក្នុង​វិស័យនេះ​បាន​ចាកចេញ​ឆ្ងាយ និង​នៅ​រប៉ាត់រប៉ាយ អ៊ីចឹង​យើង​ត្រូវ​មាន​ការជួបជុំ​ឡើងវិញ​ ដើម្បី​រៀបចំ​សេវាកម្ម​យើង​ឡើងវិញ​»​។

សព្វថ្ងៃ ក្រសួង​ទេសចរណ៍ បាននិង​កំពុង​អនុវត្ត​គម្រោង​កម្មវិធី​ពង្រឹងសមត្ថភាព​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ (TCBP) ​ដែល​ក្រសួង​ទទួលបាន​ជំនួយ​ហិរញ្ញប្បទាន​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ​ចំនួន ១,៥ លាន​អឺរ៉ូ​ (១,៧ លាន​ដុល្លារ​) ​ដើម្បី​ជួយ​ស្តារ​វិស័យ​ទេសចរណ៍​ក្រោយ​កូវីដ​ ១៩​។

កញ្ចប់​ជំនួយ​នេះ​នឹង​ជួយ​សម្រាប់​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ក្នុង​ការពង្រឹង​ធនធាន​មនុស្ស​បន្ថែមទៀត​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ គម្រោង TCBP ត្រូវ​បែងចែក​ជា​ ១៨ ​វគ្គបណ្តុះបណ្តាល​លើ​ជំនាញ​ចំនួន ៧ ដែល​រួមមាន ជំនាញ​ទំនាក់ទំនង និង​កន្លែង​ការងារ​, ទីផ្សារ និង​ទេសចរណ៍​, ការគ្រប់គ្រង​គម្រោង​, ស្ថិតិ និង​ការស្រាវជ្រាវ សុវត្ថិភាព​ចំណីអាហារ ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង ICT​។ នេះ​បើតាម​ក្រសួង​ទេសចរណ៍​៕LA