ភ្នំពេញៈ និយតករ​មូលបត្រ​កម្ពុជា​ (SERC) ​កាលពី​ថ្ងៃ​អង្គារ​បាន​អនុម័ត​ការចុះបញ្ជី​សាធារណៈ​របស់​ក្រុមហ៊ុន DBD Engineering Plc លើ​ទីផ្សារ​កំណើន​នៃ​ក្រុមហ៊ុន​មូលបត្រ​កម្ពុជា​ (CSX)​។ ក្រុមហ៊ុន​នេះ​នឹង​ក្លាយជា​ក្រុមហ៊ុន​ទី​១ ដែល​បាន​ចុះបញ្ជី​នៅ​ទីផ្សារ​កំណើន​ចាប់តាំងពី​បាន​ដំណើរការ​កាលពី​ឆ្នាំ​ ២០១៥​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ដឹកនាំ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ២២ ខែ​​ មិថុនា ឆ្នាំ​ ២០២១ បានសម្រេច​អនុម័ត​ការចុះបញ្ជី​ជា​សាធារណៈ​របស់​ក្រុមហ៊ុន DBD Engineering​។

លោក ស៊ូ សុជាតិ អគ្គនាយក SERC បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​ថា ការអនុម័ត​នេះ​នឹង​បើក​ផ្លូវ​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការបន្ត​ការបរិវិសកម្ម និង​នីតិវិធី​ចុះបញ្ជី​នៅ​ទីផ្សារ​កំណើន​របស់ CSX​។ លោក​ថ្លែងថា​៖ «​យើង​ស្វាគមន៍​ការចូលរួម​របស់​ក្រុមហ៊ុន​ក្នុង​ការចុះបញ្ជី​លើ​ទីផ្សារ​កំណើន​នៃ​ក្រុមហ៊ុន​មូលបត្រ​កម្ពុជា​។ ក្រុមហ៊ុន​មួយ​នេះ​បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​នៅលើ​ទីផ្សារ​កំណើន​»​។

លោក​បន្ថែមថា​៖ «​ការអនុម័ត​នេះ​ដើម្បី​បង្ហាញ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ថា ក្រុមហ៊ុន​អាចមាន​លទ្ធភាព​ក្នុង​ការប្រមូល​មូលនិធិ​បាន​កាន់តែ​ច្រើន​ពី​ផ្សារមូលបត្រ​កម្ពុជា​។ នេះ​មានន័យថា យើង​មិន​មានតែ​ក្រុមហ៊ុន​ធំ​ទើប​អាចមាន​លទ្ធភាព​ក្នុង​ការប្រមូល​មូលនិធិ​ពី​ទីផ្សារ​មូលធន​នោះទេ​»​។

លោក​ពន្យល់ថា វា​នឹង​មិន​ចំណាយ​ពេល​ច្រើន​លើ​ការធ្វើ​បរិវិសកម្ម និង​នីតិវិធី​ចុះបញ្ជី​ផ្សេងទៀត​សម្រាប់​ក្រុមហ៊ុន​នោះទេ​។ លោក​បន្តថា​៖ «​ដើម​ខែ​កក្កដា ក្រុមហ៊ុន​នឹង​ប្រកាស​អំពី​ការរៀបចំ​របស់​ពួកគេ​នៃ​ការធ្វើ​បរិវិសកម្ម និង​កាលបរិច្ឆេទ​ការចុះបញ្ជី​ផ្សេងទៀត​ជាមិនខាន​»​។

កាលពីដើម​ខែមេសា CSX បាន​ផ្ដល់​ការយល់ព្រម​ជា​គោលការណ៍​លើ​ការត្រួតពិនិត្យ​លទ្ធភាព​ការចុះបញ្ជី​មូលបត្រ​មូលធន​នៃ​ទីផ្សារ​កំណើន​ដល់​ក្រុមហ៊ុន DBD Engineering Plc​។

លោក ហៃ លីដេត ប្រធាន​នាយកដ្ឋាន​ចុះបញ្ជី និង​បង្ហាញ​ព័ត៌មាន​នៅ CSX បាន​ប្រាប់ថា DBD Engineering Plc ដែល CSX បានផ្ដល់​ការយល់ព្រម​ជាគោលការណ៍​លើ​ការត្រួតពិនិត្យ​លទ្ធភាព​ចុះបញ្ជី ក៏​យល់ព្រម​លើ​ការកំណត់​តម្លៃ​មូលបត្រ​ដល់​ក្រុមហ៊ុន​នេះ​ផងដែរ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​កេរ្តិ៍ឈ្មោះ និង​ប្រតិបត្តិការ​ជារួម​របស់ DBD គឺមាន​គុណវុឌ្ឍិ​គ្រប់គ្រាន់​ក្នុង​ការចុះបញ្ជី​នៅលើ​ទីផ្សារ​កំណើន​ដែល​ប្រវត្តិសាស្ដ្រ​របស់ CSX ហើយ​និង​ជា​គំរូ​ដ៏ល្អ​សម្រាប់ SMEs ផ្សេងទៀត​ក្នុង​ការពិចារណា​ពី​ការប្រមូល​មូលនិធិ​សម្រាប់​ការពង្រីក​អាជីវកម្ម​តាមរយៈ​ទីផ្សារ​មូលធន​មួយ​នេះ​»៕ LA