ភ្នំពេញៈ ប្រទេស​កម្ពុជា ​ស្នើ​ចក្រភព​អង់គ្លេស​ឱ្យ​ទិញ​ឥណទាន​កាបូន​ ដើម្បី​បម្រើឱ្យ​ការអភិរក្ស​ព្រៃឈើ និង​សត្វព្រៃ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​តាមរយៈ​ការផ្តល់​ជម្រើស​ថ្មី មុខរបរ និង​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​។

ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក សាយ សំអាល់ និង​​រដ្ឋមន្ត្រី​ការបរទេស​នៃ​ចក្រភព​អង់គ្លេស លោក Dominic Raab នៅ​ព្រឹក​ថ្ងៃទី​ ២៣ ខែមិថុនា ឆ្នាំ​ ២០២១ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​កម្ពុជា​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួង បរិស្ថាន​បាន​ថ្លែងថា អំឡុង​កិច្ចពិភាក្សា លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង លោក Dominic Raab បាន​គូសបញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​ក្នុង​នាម​ជា​មិត្ត​ និង​ដៃគូ ដោយ​ក្នុងនោះ​បាន​លើកឡើង​ពី​ប្រធានបទ​មួយចំនួន​ទាក់ទង​នឹង​វិស័យ​បរិស្ថាន ដូចជា ការប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការចូលរួម​របស់​កម្ពុជា​ក្នុង​កិច្ចប្រជុំ COP26 ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​កិច្ចការ​អាទិភាព​ដែល​ប្រទេស​ទាំង​ ២ ​នឹង​ធ្វើ​រួមគ្នា ការអភិរក្ស​ធនធាន​ធម្មជាតិ ជីវចម្រុះ ការប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​សត្វព្រៃ​ឆ្លងដែន និង​ការលើក​កម្ពស់​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ជាដើម​។

លោក សាយ សំអាល់ បាន​សង្កត់ធ្ងន់​ពី​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ ២ ​ដែល​រហូត​មកទល់​ពេល​នេះ​មាន​រយៈពេល​ ៣០ ​ឆ្នាំ​ដែល​ចក្រភព​អង់គ្លេស​បាន​បើក​ស្ថានទូត​របស់ខ្លួន​ឡើងវិញ​នៅ​កម្ពុជា​។

លោក សាយ សំអាល់ ត្រូវបាន​ដកស្រង់​សម្តី​ថា​៖ «​ចក្រភព​អង់គ្លេស​អាចជួយ​កម្ពុជា​បាន​ក្នុង​វិស័យ​បរិស្ថាន​គឺ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​កិច្ចការ​បរិស្ថាន និង​ធនធាន​ធម្មជាតិ បង្កើន​ភាព​ជា​ដៃគូ​ផ្នែក​ពាណិជ្ជកម្ម និង​ទិញ​ផលិតផល​ពី​ប្រទេស​កម្ពុជា​។ នៅក្នុង​វិស័យ​បរិស្ថាន អង់គ្លេស​អាច​ទិញ​ឥណទាន​កាបូន ហើយ​ថវិកា​នោះ​នឹងត្រូវ​ប្រើប្រាស់​ ដើម្បី​បម្រើ​ឱ្យ​ការអភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច មូលដ្ឋាន​តាមរយៈ​ការផ្តល់​នូវ​ជម្រើស​ថ្មី​សម្រាប់​មុខរបរ និង​ចំណូល​របស់​ប្រជាពលរដ្ឋ​»​។

លោក Dominic Raab បាន​គូសបញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​ល្អ មិត្តភាព​ និង​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា និង​បាន​អបអរសាទរ​ចំពោះ​ដំណើរការ​អភិវឌ្ឍ​ដែល​កម្ពុជា​សម្រេច​បាននិង​លើកឡើង​ថា​តើ​ចក្រភព​អង់គ្លេស​អាច​ជួយ​អ្វី​កម្ពុជា​បន្ថែមទៀត​ ដើម្បី​ធ្វើឱ្យ​កម្ពុជា​កាន់តែ​រីកចម្រើន​ទៅមុខទៀត​។ នេះ​បើ​យោងតាម លោក នេត្រ ភក្ត្រា ដែល​បាន​អះអាងថា ចាប់តាំងពី​ឆ្នាំ​ ២០១៦ កម្ពុជា​បាន​រក​ចំណូល​ប្រមាណ ១១,៦ លាន​ដុល្លារ​ពី​ការលក់​ឥណទាន​កាបូន ទៅឱ្យ​ក្រុមហ៊ុន​បរទេស​ធំៗ​មួយចំនួន​ដូចជា Disney, Kering, Intuit, Shell និង ក្រុមហ៊ុន Gucci​។

លោក​បន្តថា កម្ពុជា​ក៏​កំពុង​សិក្សា និង​អនុវត្ត​គម្រោង​ឥណទាន​កាបូន​នៅ​តំបន់​ព្រៃឡង់​ជាមួយ​ក្រុមហ៊ុន Mitsui ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ជប៉ុន​ដ៏ល្បី​ និង​បាន​ចែកចាយ​រថយន្ត​នៅ​ទីផ្សារ​កម្ពុជា​៕ LA