ភ្នំពេញៈ រដ្ឋាភិបាល​បារាំង​សន្យាថា​នឹង​បង្កើន​ទំហំ​ឥណទាន​សម្បទាន​រហូត​ដល់​ ១២០ ​លាន​អឺរ៉ូ​ក្នុង​ ១ ​ឆ្នាំ​ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​លទ្ធផល​កិច្ចប្រជុំ​ដឹកនាំ​ ដោយ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន​។

ការលើកឡើង​នេះ ​ត្រូវបាន​ធ្វើឡើង​ក្នុង​ជំនួប​កាលពី​ថ្ងៃទី ២១ មិថុនា រវាង​លោក​រដ្ឋមន្ត្រី​ជាមួយ​លោកស្រី EVA Nguyen Binh ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា​ជិត​ផុត​អាណត្តិ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រដ្ឋាភិបាល​បារាំង​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បាន​សន្យាថា នឹង​ផ្តល់​ឥណទាន​សម្បទាន​ចន្លោះ​ពី​ ១០០-១២០ ​លាន​អឺរ៉ូ​ ក្នុង​ ១ ​ឆ្នាំ​ដល់​កម្ពុជា​។

រដ្ឋាភិបាល​បារាំង​ក៏​សន្យា​ជួយ​កៀរគរ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហភាព​អឺរ៉ុប និង​ពី​ប្រភព​ផ្សេងទៀត​សម្រាប់​រួមចំណែក​អភិវឌ្ឍ និង​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ បន្ទាប់ពី​វិបត្តិ​កូវីដ​ ១៩ តាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា​។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​សរសើរ​លោកស្រី EVA Nguyen Binh ដែល​បាន​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ក្នុង​ការកសាង​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន​រួមចំណែក​អភិវឌ្ឍ​ដល់​សេដ្ឋកិច្ច​សង្គម​កម្ពុជា ស្ទើរ​គ្រប់​វិស័យ ពិសេស​វិស័យ​សុខាភិបាល ទឹកស្អាត អគ្គិសនី កសិកម្ម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​៕LA