ភ្នំពេញៈ កម្ពុជា​ប្តេជ្ញា​បន្ត​អភិវឌ្ឍ​គោលនយោបាយ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ស្អាត​ ដើម្បី​ធានាបាន​ការប្រើប្រាស់​ថាមពល​ប្រកប​ដោយ​តម្លៃ​សមរម្យ សន្តិសុខ​ថាមពល និង​និរន្តរភាព​ថាមពល​នាពេល​អនាគត​ក្នុង​ការចូលរួម​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូន​ សម្រាប់​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​។

ការប្តេជ្ញាចិត្ត​នេះ​ត្រូវធ្វើ​ឡើង​ដោយ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​នៅក្នុង​វេទិកា​បណ្តាញ​បច្ចេកវិទ្យា​នៃ​ការប្រើប្រាស់ និង​ការស្តុក​ទុក​កាបូន​នៅ​អាស៊ី​លើក​ទី ១ (1st Asia CCUS Network Forum) ​នៅ​ថ្ងៃទី​ ២២ ខែមិថុនា តាម​ប្រព័ន្ធ​​អនឡាញ​។

លោក ស៊ុយ សែម បាន​ថ្លែងថា បើទោះ​ជា​កម្ពុជា​ គឺជា​ប្រទេស​មួយ​បាន​បញ្ចេញ​ឧស្ម័ន​កាបូន​តិចតួច​បំផុត ក៏ប៉ុន្តែ​កម្ពុជា​ប្រឈមមុខ​ខ្ពស់​នឹង​ផលប៉ះពាល់​ការប្រែប្រួល​អាកាសធាតុ​។

លោក​បន្តថា វេទិកា​នេះ គឺជា​ឱកាសល្អ​សម្រាប់​កម្ពុជា​ក្នុង​ការចែករំលែក​ចំណេះដឹង និង​បទពិសោធ​ស្តីពី​បច្ចេកវិទ្យា ការចាប់យក​ប្រើប្រាស់ និង​ស្តុក​ទុក​កាបូន ដែល​កម្ពុជា​ក៏​មាន​ទស្សនវិស័យ​ប្រើប្រាស់ និង​ស្តុក​ទុក​កាបូន​ក្នុង​ឧស្ម័ន​ភាយ​ពី​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល ពិសេស​វិស័យ​ថាមពល​។

លោក​ថ្លែងថា​៖ «​កម្ពុជា​នៅតែ​យល់ឃើញ​ថា ប្រភព​ថាមពល​របស់​យើងខ្ញុំ​នៅ​បន្ត​ពឹង​ផ្អែកលើ​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​នេះ​ នៅពេល​អនាគត អ៊ីចឹង​វា​ជា​សេចក្តីត្រូវការ​ដ៏ចាំបាច់​ក្នុង​ការធានាថា ឥន្ធនៈ​ហ្វូស៊ីល ធ្យូងថ្ម ប្រេង និង​ឧស្ម័ន​ធម្មជាតិ ត្រូវ​បាន​ប្រើប្រាស់​តាមរបៀប​មួយ​ស្អាត​ជាង​មុន តាមរយៈ​ការដាក់ឱ្យ​អនុវត្ត​បច្ចេកវិទ្យា​ចាប់យក​ប្រើប្រាស់ និង​ស្តុក​ការបូន​ទុក ដែល​មាន​តម្លៃ​សមរម្យ​»​។

លោក​បន្តថា ក្នុង​ឆ្នាំ ២០២០ ប្រភព​ផ្គត់ផ្គង់​ដ៏ធំ​របស់​កម្ពុជា​មាន ៦០ ​ភាគរយ​បាន​ពី​ការប្រើ​ឥន្ធនៈ​ហ្វូស៊ីល​ (​ធ្យូងថ្ម ប្រេង​) និង ៤០ ​ភាគរយ​ទៀត​បាន​ពី​ប្រភព​កកើត​ឡើងវិញ​។

វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ីបូព៌ា (ERIA) ដែល​ផ្តួចផ្តើម​រៀបចំ​វេទិកា​នេះ​បានឱ្យ​ដឹងថា ឥន្ធនៈ​ហ្វូស៊ីល​ក្នុង​ល្បាយ​ថាមពល​បច្ចុប្បន្ន​របស់​អាស៊ាន​មាន​ជាង ៨០ ភាគរយ ដែល​ចំនួន​នេះ​គេ​រំពឹងថា​នឹង​បន្ត​កើនឡើង​ថែមទៀត​នាពេល​អនាគត ដូចនេះ​បណ្តា​ប្រទេស​តំបន់​អាស៊ាន និង​អាស៊ី​បូព៌ា​ត្រូវការ​ចាំបាច់​ការផ្លាស់ប្តូរ​ពី​ប្រព័ន្ធ​ថាមពល​ផ្អែកលើ​ឥន្ធនៈ​ហ្វូស៊ីល​មក​ជា​ប្រព័ន្ធ​ថាមពល​ស្អាត​ជាង​មុន​។

ERIA ឱ្យដឹងថា​៖ «​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​បន្ត​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​អាស៊ាន​នឹង​តម្រូវឱ្យមាន​បច្ចេកវិទ្យា​សមស្រប​ក្នុង​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​តាមរបៀប​ប្រកប​ដោយ​ការទទួល​ខុសត្រូវ និង​បរិស្ថាន​តាមរយៈ​បច្ចេកវិទ្យា​ស្អាត ដូចជា បច្ចេកវិទ្យា​ធ្យូងថ្ម​ស្អាត និង​ការចាប់យក​ការប្រើប្រាស់ និង​ការស្តុក​កាបូន​ទុក ដើម្បី​ទប់ទល់​ការប្រែប្រួល​ការបំភាយ​ឧស្ម័ន​នៅក្នុង​តំបន់​នាពេល​អនាគត​»​។

បើតាម​លោក​រដ្ឋមន្ត្រី បច្ចុប្បន្ន​កម្ពុជា​បានរួម​ចំណែក​យ៉ាងច្រើន​រួចទៅហើយ​នូវ​ប្រភព​ថាមពល​កកើត​ឡើងវិញ​ទៅក្នុង​ប្រភព​ផ្គត់ផ្គង់​ថាមពល​បឋម និង​ទៅក្នុង​ល្បាយ​នៃ​ប្រភព​ថាមពល​។ ការកាត់បន្ថយ​ឧស្ម័ន​កាបូន​នៅក្នុង​តំបន់​អាស៊ី​ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​មាគ៌ា​ប្រកប​ដោយ​ចីរភាព​ក្នុង​ការប្រយុទ្ធប្រឆាំង ការប្រែប្រួល​អាកាសធាតុ​។

លោក​បន្ថែមថា​៖ «​តាម​ទស្សនៈ​ខ្លួន​ខ្ញុំ​ផ្ទាល់ ដរាបណា​យើង​នៅតែ​បន្ត​ប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល ការប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​តាម​បច្ចេកវិទ្យា​មួយ​ស្អាត ដូចជា បច្ចេកវិទ្យា​ធ្យូងថ្ម​ស្អាត និង​បច្ចេកវិទ្យា​ចាប់យក ប្រើប្រាស់ និង​ស្តុក​ទុក​កាបូន នឹង​ក្លាយ​ជា​ការចាំបាច់​ក្នុង​ការប្រយុទ្ធ​ការប្រែប្រួល​អាកាសធាតុ​ជា​ទ្រង់ទ្រាយ​ធំ​។ តាម​មធ្យោបាយ​នេះ យើង​ប្រហែលជា​អាចមាន​លទ្ធភាព​កំណត់​កម្រិត​តាមដាន​សីតុណ្ហភាព​សកល​ត្រឹម ២ អង្សាសេ ប៉ុណ្ណោះ​នៅ​ចុងសតវត្សរ៍​នេះ​»៕ LA